+855 23 43 00 63

7

Oct, 2016

FMIS កំពុងដើរតួនាទីយ៉ាងសកម្មដើម្បីជំរុញឱ្យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកាន់តែមានប្រសិទ្ធភាព

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានបើកកិច្ចប្រជុំពិភាក្សាជាមួយនឹងតំណាងដៃគូរអភិវឌ្ឍន៍ ដែលបានប្រព្រឹត្តិទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ នៅក្នុងកិច្ចប្រជុំខាងលើ គណៈកម្មាធិការដឹកណាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបង្ហាញនូវសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួន ស្តីពីការត្រួតពិនិត្យតាមដានសមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ នៃការអនុវត្តផែនការសកម្មភាពដំណាក់កាលទី៣របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ផ្អែកតាមរបាយការណ៍នេះ គេសង្កេតឃើញថា ប្រព័ន្ធ FMIS កំពុងតែដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញឱ្យកម្មវិធីកែទម្រេង់ការគ្រប់គ្រងហិរញ្ញវត្ថុដំណាក់កាលទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”កាន់តែមានប្រសិទ្ធភាព។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើការកត់សំគាល់ក៏ដូចជាកោតសរសើរដល់ក្រុមការងារប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS ជុំវិញការខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពនិងភាពរលូនដើម្បីជំរុញឱ្យដំណើរការនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកាន់តែមានប្រសិទ្ធភាពនិងភាពជោគជ័យ៕

ព័ត៌មានលម្អិត

26

Aug, 2016

បទពិសោធន៍ជោគជ័យនៃការអនុវត្តគម្រោងប្រព័ន្ធ SPAN ក្រោមការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសឥណ្ឌូនេស៊ី

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីឱ្យវិស័យហិរញ្ញវត្ថុសាធារណៈក្នុងប្រទេសមានគណនេយ្យភាពកាន់តែប្រសើរឡើង រដ្ឋាភិបាលឥណ្ឌូនេស៊ី បានដាក់ចេញនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅឆ្នាំ ២០០១ ។ ព្រឹត្តិការណ៍សំខាន់ៗដ៏គួរឱ្យកត់សម្គាល់ក្នុងការងារកែទម្រង់របស់ប្រទេសឥណ្ឌូនេស៊ី គឺការអនុម័តនូវច្បាប់ថ្មីៗមួយចំនួនដូចជា ច្បាប់ហិរញ្ញវត្ថុ, ច្បាប់ថវិកា, និង ច្បាប់ស្តីពីសវនកម្ម និង គណនេយ្យភាពនៃច្បាប់ហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៣ និង ឆ្នាំ ២០០៤ ។ យោងតាមអាណត្តិច្បាប់ថ្មី និង ដោយមានកិច្ចសហការជាមួយធនាគារពិភពលោក នៅក្នុងឆ្នាំ២០០៤ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្កើតគម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឡើង ដើម្បីធានាបាននូវគណនេយ្យភាព, តម្លាភាព, ប្រសិទ្ធិភាព និង ភាពស័ក្តិសិទ្ធក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការគ្រប់គ្រងចំណូល។ ផ្នែកមួយដ៏សំខាន់របស់គម្រោងនេះគឺប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានឈ្មោះថាជាប្រព័ន្ធថវិកានិង រតនាគារ ហើយត្រូវបានហៅកាត់ថា ប្រព័ន្ធ SPAN។ ការអនុវត្តគម្រោងប្រព័ន្ធ SPAN ត្រូវបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០០៩ ដើម្បី បង្កើតនូវប្រព័ន្ធគ្រប់គ្រងហិញ្ញវត្ថុដ៏រឹងមាំមួយ សម្រាប់ការរៀបចំ និង អនុវត្តផែនការថវិកា ដែលនឹងជួយលើកកម្ពស់តម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុទាំងមូល, បង្កើនគុណភាពនៃការរៀបចំ និង អនុវត្តផែនការថវិកា, កែលម្អខួបនៃការទូទាត់ចំណាយ, កាត់បន្ថយកំហុសឆ្គងក្នុងការទូទាត់ចំណាយ, ផ្តល់នូវភាពជឿទុកចិត្តដល់ប្រតិបត្តិការរបស់អ្នកប្រើប្រាស់, ជំរុញការអនុវត្តហិរញ្ញវត្ថុឱ្យអនុលោមតាមបទបញ្ញត្តិ និង ស្តង់ដារដែលបានដាក់ចេញ, កែលម្អនីតិវិធីអនុវត្តការងារ, បង្កើនសុក្រឹតភាព និង ភាពជឿទុកចិត្តបានចំពោះរបាយការណ៍ហិរញ្ញវត្ថុ និង ធានាបាននូវភាពស៊ីគ្នារវាងផែនការថវិកាជាមួយនឹងការអនុវត្តថវិកា ។ រចនាសម្ព័ន្ធគ្រប់គ្រងរបស់គម្រោង SPAN ត្រូវបានរៀបចំឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុត និង មានភារកិច្ចច្បាស់លាស់ក្នុងការសម្របសម្រួល, ការផ្តល់ប្រឹក្សា និង ជួយដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើងទាក់ទងនឹងគម្រោង ។ រចនាសម្ព័ន្ធរបស់គម្រោងមាន អ្នកគាំទ្រគម្រោងនាំមុខ (project sponsor) គឺរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ, ម្ចាស់គម្រោង គឺអគ្គនាយករតនាគារ, អគ្គនាយកថវិកា, អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ, គណៈកម្មាធិការគម្រោងរួមមានទីប្រឹក្សានៃអ្នកពាក់ព័ន្ធគន្លឹះសំខាន់ៗ, ប្រធានគម្រោងគឺប្រធាននាយកដ្ឋានកែទម្រង់រតនាគារ, ប្រធាននាយកដ្ឋានប្រព័ន្ធថវិកា, ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា, ក្រុមការងារសម្របសម្រួលបច្ចេកទេស, ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ និង អង្គភាពប្រតិបត្តិគម្រោងដែលជួយសម្របសម្រួលសកម្មភាពការគ្រប់គ្រងគម្រោងប្រចាំថ្ងៃ ។ គម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជ្រើសរើសយន្តការសម្របស្រួលគ្រប់គ្រងគម្រោងដូចជា […]

ព័ត៌មានលម្អិត

10

Aug, 2016

ឯកឧត្តម វង្ស ប៊ុនឥន្រ្ទាវុធ តម្រូវឱ្យគ្រប់រតនាគាររាជធានី-ខេត្តទាំង ២៥ ប្រើប្រព័ន្ធ FMIS ជាអាទិភាព

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ បានថ្លែងសារជូនដល់គ្រប់រតនាគាររាជធានី-ខេត្តទាំង២៥ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា “សូមរតនាគាររាជធានី-ខេត្ត ទាំងអស់ប្រើប្រាស់ប្រព័ន្ធ FMIS ចាប់ដំបូងរហូតដល់ចេញសែក ពោលគឺត្រូវអនុវត្តតាមប្រព័ន្ធទាំងអស់។ ខ្ញុំនឹងឱ្យខាងជំនាញពិនិត្យមើលតើរាជធានី ខេត្តណាដែលមិនទាន់អនុវត្តបានពេញលេញនៅឡើយ។ អ្នកមិនអនុវត្តឬអនុវត្តមិនពេញលេញ នឹងទទួលខុសត្រូវ ហើយអាចនឹងពិន័យថែមទៀតផង”៕

ព័ត៌មានលម្អិត

1

Aug, 2016

ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ២៤ រូប បានទៅទស្សនកិច្ចសិក្សាអំពីប្រព័ន្ធ FMIS នៅឥណ្ឌូនេស៊ី

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ២៤រូប ដែលដឹកនាំដោយឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានតំណាងចូលរួមមកពី អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានសហប្រតិបត្តការនិងគ្រប់គ្រងបំណុល អគ្គលេធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ នាយកដ្ឋានព័ត៌មានវិទ្យា រតនាគាររាជធានីភ្នំពេញ រតនាគារខេត្តបាត់ដំបង ស្ទឹងត្រែង តាកែវ ព្រៃវែង ឧត្តរមានជ័យ កំពង់ធំ កោះកុង និងក្រចេះ បានទៅធ្វើទស្សនកិច្ចសិក្សាអំពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅប្រទេសឥណ្ឌូនេស៊ី ហៅកាត់ថា SPAN។ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងយល់ស៊ីជម្រៅអំពីភាពជោគជ័យ ក៏ដូចជាបទពិសោធន៍ទាក់ទងនឹងយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងដំណើរការរបស់ប្រព័ន្ធ គោលនយោបាយនៃការគ្រប់គ្រងសុវត្ថិភាពប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការគ្រប់គ្រងការផ្លាស់ប្តូរ និងបទពិសោធន៍សំខាន់ៗផ្សេងៗទៀតពាក់ព័ន្ធនឹងការពង្រីកដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ SPAN នៅតាមក្រសួង-ស្ថាប័ននៃប្រទេសឥណ្ឌូនេស៊ី។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីបានអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនហៅកាត់ថា SPAN កាលពីឆ្នាំ២០០៩ ដោយទទួលបានជោគជ័យក្នុងឆ្នាំ២០១៥ ហើយក្នុងនោះ SPAN បានពង្រឹងនូវប្រសិទ្ធភាព និងសុក្រិត្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគ្រប់គ្រងចំណូលតាមរយៈការពង្រឹងអភិបាលកិច្ច គណនេយ្យភាព តម្លាភាព នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី (GOI)៕ សូមទាញយកឯកសារ៖

ព័ត៌មានលម្អិត

22

Jul, 2016

តំណាងសហភាពអឺរ៉ុបអញ្ជើញត្រួតពិនិត្យពីដំណើរការអនុវត្តប្រព័ន្ធ FMIS នៅនាយកដ្ឋានព័ត៌មានវិទ្យា

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នេះ តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជាបានអញ្ជើញមកត្រួតពិនិត្យពីដំណើរការនៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS នៅនាយកដ្ឋានព័ត៌មានវិទ្យា (ITD) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងដំណើរការត្រួតពិនិត្យនេះដែរ តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏បានសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS ដំណាក់កាលទីមួយ ក្នុងគោលបំណងត្រៀមខ្លួនសម្រាប់ដំណើរការអនុវត្តប្រព័ន្ធ FMIS នៅដំណាក់កាលទីពីរបន្តទៀតដោយការប្រើប្រាស់ជំនួយរបស់សហភាពអឺរ៉ុបដូចមាននៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ សហភាពអឺរ៉ុប បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៣៣,១ លានអឺរ៉ូ ដើម្បីគាំទ្រកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” សម្រាប់អនុវត្តរយៈពេល៤ឆ្នាំ (២០១៦- ២០១៩) ដោយក្នុងនោះ សហភាពអឺរ៉ុបបានបែងចែកថវិកាចំនួន ២១ លានអឺរ៉ូ ជាថវិកាគាំទ្រដោយផ្ទាល់ (Budget Support) ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដោយអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័ន៕

ព័ត៌មានលម្អិត