+855 23 43 00 63

5

May, 2017

ក្រសួងចំនួន១០ ចូលរួមសិក្ខាសាលាស្ដីអំពី “ការ​គ្រប់​គ្រង​ការផ្លាស់ប្ដូរ និងការរៀប​ចំនីតិវិធីអនុវត្តស្តង់ដារ”

ដោយ៖: | Tags: | មតិយោបល់: 0

ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងចំនួន១០ សរុបប្រមាណ៦៥រូប បានចូលរួមសិក្ខាសាលាស្ដីអំពី “ការគ្រប់គ្រងការផ្លាស់ប្ដូរ និងការរៀបចំនីតិវិធីអនុវត្តស្តង់ដារ” ដែលរៀបចំឡើងដោយក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថាគម្រោង អេហ្វអឹមអាយអេស (FMIS) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០១៧។ នៅក្នុងកិច្ចចាប់ផ្ដើមសិក្ខាសាលា សិក្ខាកាមចូលរួមបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការងារគ្រប់គ្រងការផ្លាស់ប្ដូរ ជាពិសេសការផ្លាស់ប្ដូរនានាទាក់ទងទៅនឹងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលនឹងពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ក៏ដូចជាការពង្រឹងការអនុវត្តថវិកា និងការងារហិរញ្ញវត្ថុនៅតាមក្រសួង-ស្ថាប័នផងដែរ។ ជាក់ស្ដែង រាល់ការងារកែទម្រង់ទាំងអស់តែងតែមានការផ្លាស់ប្ដូរ។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្ដូរនៃក្រុមការងារអនុវត្តគម្រោង FMIS នៅតាមក្រសួងទាំង១០ នឹងដើរតួជាអ្នកសម្របសម្រួលការផ្លាស់ប្ដូរទាំងឡាយ តាមរយៈការបញ្ជ្រាបការយល់ដឹង ការផ្លាស់ប្ដូរឯកសារ និងជំរុញការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ដើម្បីធានាថា អ្នកពាក់ព័ន្ធទាំងអស់មានការយល់ដឹងដូចគ្នាអំពីមូលហេតុដែលតម្រូវឱ្យមានការផ្លាស់ប្ដូរ និងយល់ថាការផ្លាស់ប្ដូរមិនមែនជាឧបសគ្គដែលរាំងស្ទះការកែទម្រង់ដើម្បីភាពល្អប្រសើរនោះឡើយ។ ក្រសួងទាំង១០ដែលចូលរួមក្នុងសិក្ខាសាលានេះមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំយុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងកិច្ចការនារី, ក្រសួងបរិស្ថាន, ក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រសួងទាំង១០នេះ គឺជាក្រសួងដែលនឹងត្រូវអនុវត្តការងារក្នុងប្រព័ន្ធ FMIS មុនគេ បន្ទាប់ពីប្រព័ន្ធត្រូវបានដាក់ឱ្យអនុវត្តនៅតាមអគ្គនាយកដ្ឋានគន្លឹះមួយចំនួននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅតាមគ្រប់រតនាគាររាជធានី-ខេត្តទាំងអស់។ ការអនុវត្តគម្រោង FMIS គឺជាផ្នែកដ៏សំខាន់មួយនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលទាមទារការចូលរួម និងការប្ដេជ្ញារបស់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីផ្លាស់ប្ដូរការអនុវត្តការងារឈានឆ្ពោះទៅរកភាពកាន់តែល្អប្រសើរនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសក្នុងដំណាក់កាលទី៣គឺ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងបន្តទៅដំណាក់កាលទី៤បន្តទៀត។

ព័ត៌មានលម្អិត

2

May, 2017

ធនាគារពិភពលោក៖ ការប្រើប្រាស់ប្រព័ន្ធ FMIS មានការពង្រឹងបានយ៉ាងច្រើន

ដោយ៖: | Tags: | មតិយោបល់: 0

មន្ត្រីរបស់ធនាគារពិភពលោក (World Bank) ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា ការប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគារភាគច្រើនមានការពង្រឹងបានយ៉ាងច្រើន បើធៀបទៅនឹងការអនុវត្តក្នុងដំណាក់កាលសាកល្បង ក្នុងឆ្នាំ២០១៦ កន្លងមក។ ការលើកឡើងនេះគឺត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោក បានចុះទៅធ្វើការសិក្សា និងតាមដានលើការអនុវត្តការងារក្នុងប្រព័ន្ធ FMIS នៅរតនគារខេត្តចំនួន៨ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីប្រព័ន្ធត្រូវបានដាក់ឱ្យអនុវត្តនៅរតនាគារ បានរយៈពេលជា១ឆ្នាំកន្លងមក នៅក្នុងជំហានទី១ នៃការអនុវត្តគម្រោង។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៧នេះ រតនាគារខេត្តទាំងអស់បានបញ្ចូលប្រតិបត្តិការហិរញ្ញវត្ថុជាប្រចាំ ទៅក្នុងប្រព័ន្ធ FMIS តែមួយគត់បានទាន់ពេលវេលា មានលទ្ធភាពទាញយករបាយការណ៍ចំណូល-ចំណាយ ការត្រួតពិនិត្យថវិកា និងការចុះបញ្ជិកាគណនេយ្យបានដោយសុក្រឹតភាព។ លើសពីនេះទៅទៀត មន្ត្រីភាគច្រើនបានយល់ដឹងកាន់តែច្បាស់អំពីមុខងារ និងអត្ថប្រយោជន៍របស់ប្រព័ន្ធ FMIS ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលនេះគឺជាសញ្ញាវិជ្ជមានមួយក្នុងការឈានទៅរកភាពជាម្ចាស់ទាំងស្រុង ក្នុងការចាប់យកប្រព័ន្ធ FMIS ដើម្បីប្រើប្រាស់ជាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតែមួយគត់នៅកម្ពុជា។ គួរបញ្ជាក់ថា ក្នុងបេសកកម្មលើកនេះមានការចូលរួមពីសំណាក់មន្ត្រីនៃធនាគារពិភពលោក មន្ត្រីតំណាងរតនាគារខេត្តព្រះសីហនុ និងកោះកុងចំនួន ២រូប និងមន្ត្រីនៃនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រមូល ចងក្រងព័ត៌មាន និងផ្លាស់ប្ដូរបទពិសោធន៍ទាក់ទងនឹងការអនុវត្តគម្រោង FMIS ក្នុងពេលកន្លងមក។ ខាងក្រោមនេះគឺជារូបថតបង្ហាញពីសកម្មភាព និងព័ត៌មានបន្ថែមមួយចំនួនក្នុងកំឡុងបេសសកម្មរបស់ធនាគារពិភពលោកទៅកាន់រតនាគារទាំង៨។ ខេត្តត្បូងឃ្មុំ (ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧) ខេត្តកំពង់ចាម (ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧) ខេត្តកំពង់ធំ (ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧) ខេត្តសៀមរាប (ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧) ខេត្តឧត្ដរមានជ័យ (ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧) ខេត្តបន្ទាយមានជ័យ (ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧) ខេត្តបាត់ដំបង (ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧) ខេត្តកំពង់ឆ្នាំង (ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧)

ព័ត៌មានលម្អិត

17

Mar, 2017

ប្រកាសព័ត៌មាន លេខ ៣៥ (ខែ កុម្ភៈ ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំពិធី “ដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី២ ជាផ្លូវការ” កាលពីថ្ងៃទី ២២ ខែកុម្ភៈ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត  ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងមកពីក្រសួង-ស្ថាប័ន, មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥, រតនាគាររាជធានី-ខេត្តទាំង ២៥ ព្រមទាំងដៃគូអភិវឌ្ឍន៏។ នៅក្នុងខែកុម្ភៈនេះដែរ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានបន្តចុះផ្សព្វផ្សាយស្តីពី “ការបញ្ជ្រាបការយល់ដឹងនៅតាមក្រសួង-ស្ថាប័ន” ដែលនឹងចូលរួមអនុវត្តគម្រោង  FMIS នៅក្នុងឆ្នាំ២០១៧ បានចំនួន៤ក្រសួងដែលរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងមុខងារសាធារណៈ ។ ក្រៅពីនេះក្រុមការងារក៏បានចុះទៅតាមក្រសួង-ស្ថាប័នដើម្បីសិក្សាពីនិតិវិធីអនុវត្តការងារដើម្បីចងក្រងនីតិវិធីអនុវត្តស្តង់ដារ នៅតាមបណ្តាក្រសួងដែលបានធ្វើការបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធ FMIS។ ទន្ទឹមនឹងនេះ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានបន្តរៀបចំកម្មវីធីទំនាក់ទំនង និងផ្សព្វផ្សាយពីវឌ្ឍនភាព និង ធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់គម្រោង FMIS ទៅកាន់អ្នកពាក់ព័ន្ធតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និង កំពុងបន្តជួយសម្របសម្រួលជាមួយនឹងអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះទាំងអស់ ដើម្បីបញ្ចប់ការចងក្រងនីតិវីធីអនុវត្តស្តង់ដារនៅសេសសល់។ រីឯក្រុមការងារផ្នែកមុខងារប្រព័ន្ធកំពុងបន្តជួយគាំទ្រ និង ដោះស្រាយបញ្ហាប្រឈមនានារបស់មន្ត្រីប្រើប្រាស់ប្រព័ន្ធនៅតាមរតនាគាររាជធានី-ខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តប្រព័ន្ធកាន់តែរលូន។ ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានបានពិនិត្យប្លង់ និង ទីតាំងក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធនៅតាមបណ្តាក្រសួង-ស្ថាប័នដើម្បីត្រៀមរៀបចំការតំឡើងនិងតភ្ជាប់ខ្សែបណ្តាញ និងឧបករណ៏ សម្រាប់ការប្រើប្រាស់នៅក្នុងជំហានទី២ ខាងមុខនេះ។ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តចុះអនុវត្តសកម្មភាពទៅតាមផ្នែកនីមួយៗ ជាមួយនឹងក្រុមការងារអនុវត្តគម្រោង FMIS តាមក្រសួង-ស្ថាប័នទាំង ១០ ដែលនឹងត្រូវចូលរួមអនុវត្តគម្រោង FMIS ចាប់ពីខែកុម្ភៈនេះ។ ដូចនេះ សូមក្រុមការងារអនុវត្តគម្រោង […]

ព័ត៌មានលម្អិត

27

Feb, 2017

ក្រសួងមុខងារសាធារណៈ៖ យើងប្ដេជ្ញាអនុវត្តប្រព័ន្ធ FMIS តែក៏នៅមានការព្រួយបារម្ភខ្លះ

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារលេខាធិការដ្ឋាន នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះមកធ្វើការបញ្ជ្រាបការយល់ដឹងស្ដីអំពីការអនុវត្តគម្រោង FMIS ក្នុងជំហានទី២ នៅទីស្ដីការក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការចូលរួមពីមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងតំណាងមកពីសាកលវិទ្យាល័យភូមិន្ទរដ្ឋបាល ប្រមាណជាង៥០រូប ដឹកនាំដោយឯកឧត្ដម អុល រ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារអនុវត្តគម្រោង FMIS នៃក្រសួងមុខងារសាធារណៈ។ ក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹងនេះ ឯកឧត្ដម អុល រ៉ូ បានថ្លែងថា ក្រសួងមុខងារសាធារណៈយល់ឃើញពីភាពចាំបាច់នៃវត្តមានរបស់ប្រព័ន្ធ FMIS ក្នុងការងារកែទម្រង់ការងារគ្រប់គ្រងហិរញ្ញវត្ថុនៅកម្ពុជា ប៉ុន្តែឯកឧត្ដមនៅមានការព្រួយបារម្ភមួយចំនួន ជាពិសេសលើសមត្ថភាពរបស់មន្ត្រីក្នុងការទទួលយកប្រព័ន្ធថ្មីមួយនេះទៅប្រើប្រាស់។ លើសពីនេះ ឯកឧត្ដមបានគូសបញ្ជាក់អំពីកង្វល់នានាទាក់ទងនឹងឧបករណ៍បច្ចេកទេស សុវត្ថិភាព និងការដំឡើងប្រព័ន្ធ FMIS នៅក្រសួងមុខងារសាធារណៈផ្ទាល់។ ឆ្លើយតបនឹងក្ដីបារម្ភនេះ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានធានាថាក្ដីបារម្ភទាំងអស់នេះគឺមិនមែនជាបញ្ហាប្រឈម ដែលអាចរាំងស្ទះការអនុវត្តគម្រោង FMIS នោះឡើយ ដោយសារក្រុមការងារលេខាធិការដ្ឋាន បានរៀបចំរួចជាស្រេចទាំងសម្ភារបច្ចេកទេស ការឃ្លាំមើលបច្ចេកទេសសុវត្ថិភាព ការរៀបចំដំឡើងប្រព័ន្ធ FMIS នៅទីស្ដីការក្រសួងរួចជាស្រេចមកហើយ។ បន្ថែមលើនេះទៅទៀត លោកស្រីបានសង្កត់ធ្ងន់លើការរៀបចំវគ្គបណ្ដុះបណ្ដាល ដែលនឹងត្រូវធ្វើឡើងជាច្រើនលើកច្រើនសារ ដោយមានការសិក្សាវាស់ស្ទង់កម្រិតចំណេះដឹងរបស់មន្ត្រី ក្នុងគោលដៅធានាថាមន្ត្រីនឹងអាចអនុវត្តការងារក្នុងប្រព័ន្ធ FMIS បានដោយគ្មានបញ្ហា។ នៅក្នុងឆ្នាំ២០១៧នេះ ក្រសួងមុខងារសាធារណៈត្រូវចាប់ផ្ដើមទទួលអនុវត្តការងារគ្រប់គ្រងថវិកា តាមថវិកាកម្មវិធីផង និងអាចត្រូវចាប់ផ្ដើមប្រើប្រាស់សាកល្បងនូវប្រព័ន្ធ FMIS ផង។ ក្នុងន័យនេះ ប្រព័ន្ធ FMIS នឹងអាចជួយសម្រួលបានយ៉ាងច្រើនក្នុងការអនុវត្តថវិកាកម្មវិធី ដោយហេតុថានៅក្នុងប្រព័ន្ធមានការចងក្រងកម្មវិធី ចង្កោមសកម្មភាព និងមាតិកាគណនីនៃប្លង់គណនេយ្យស្តង់ដារជាដើម ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការងារប្រតិបត្តិការហិរញ្ញវត្ថុ។ ជាងនេះទៅទៀត ឯកឧត្ដម អុល រ៉ូ បានបញ្ជាក់ថាក្រុមការងារអនុវត្តគម្រោងរបស់ក្រសួងមុខងារសាធារណៈបានរៀបចំ និងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការសិក្សាលើលំហូរអនុវត្តការងារ ក៏ដូចជាការរៀបចំផ្នែកបច្ចេកទេសផ្សេងៗ សម្រួលការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ បានដោយរលូន។ បន្ទាប់ពីការធ្វើបទបង្ហាញក្នុងការបញ្ជ្រាបការយល់ដឹង និងវេទិកាសំណួរចម្លើយរួចមក មន្ត្រីក្រសួងមុខងារសាធារណៈបានបង្ហាញអំពីការយល់ដឹងច្រើនជាងមុនអំពីប្រព័ន្ធ FMIS […]

ព័ត៌មានលម្អិត

23

Feb, 2017

ក្រសួងការងារ៖ ក្រសួងសេដ្ឋកិច្ចក៏ប្ដេជ្ញា ក្រសួងការងារក៏ប្ដេជ្ញាក្នុងការអនុវត្តប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា អេហ្វអឹមអាយអេស (FMIS) បានធ្វើសិក្ខាសាលាចុះបញ្ជ្រាបការយល់ដឹងស្ដីអំពីការអនុវត្តគម្រោង FMIS ដើម្បីឱ្យក្រុមការងារអនុវត្តគម្រោងនៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាមន្ត្រីនៃទីស្ដីការក្រសួង បានយល់ដឹងបន្ថែមអំពីគម្រោងមួយនេះ មុនពេលដែលប្រព័ន្ធនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅក្នុងទីស្ដីការក្រសួងការងារនាពេលឆាប់ៗខាងមុខ។ សិក្ខាសាលាដែលប្រារព្ធក្រោមអធិបតីភាពរបស់ ឯកឧត្ដម ចាប ឫទ្ធី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមរបស់មន្ត្រីមកពីនាយកដ្ឋានហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ គណនេយ្យ និងថវិកាប្រមាណជាង៥០នាក់ ត្រូវបានប្រារព្ធឡើងនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង ដែលដឹកនាំដោយ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅនៃកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ការអនុវត្តគម្រោង FMIS នៅជំហានទី១ និងទី២ ក៏ដូចជាអំពីមុខងារ និងអត្ថប្រយោជន៍ ដែលផ្ដល់ដោយប្រព័ន្ធ FMIS ផងដែរ។ ថ្លែងចំណាប់អារម្មណ៍ក្នុងសិក្ខាសាលានេះ ឯកឧត្ដម ចាប ឫទ្ធី ដែលជាប្រធានក្រុមការងារអនុវត្តគម្រោង FMIS នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថាក្រសួងការងារយល់ច្បាស់អំពីភាពចាំបាច់នៃវត្តមានរបស់ប្រព័ន្ធ FMIS ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសគឺការអនុវត្តថវិកាកម្មវិធី នៅទីស្ដីការក្រសួង និងអង្គភាពថវិកាផងដែរ។ ជាមួយគ្នានឹងការប្ដេជ្ញាចិត្តក្នុងការអនុវត្តគម្រោង FMIS ឯកឧត្ដមក៏បានបញ្ជាក់ទៅកាន់មន្ត្រីនៃក្រសួងការងារថា ការកែទម្រង់គឺជាការផ្លាស់ប្ដូរ ហើយការផ្លាស់ប្ដូរគឺត្រូវតែមានការលះបង់ តិច ឬច្រើន អាស្រ័យលើទំហំ និងគោលដៅនៃការផ្លាស់ប្ដូរនេះ។ ទោះជាយ៉ាងនេះក្ដី ឯកឧត្ដមនឹងបន្តសហការក្នុងការងារគ្រប់គ្រងការផ្លាស់ប្ដូរទាំងនេះ ដោយជំរុញយុទ្ធសាស្ត្រលើការដឹកនាំ ការប្រាស្រ័យទាក់ទង ការផ្សព្វផ្សាយ ការកៀរគរអ្នកពាក់ព័ន្ធក្នុងការកែសម្រួលរចនាសម្ព័ន្ធ និងតួនាទី ព្រមទាំងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព។ លោក ហាំង តុលា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិយាយថា ក្រសួងសេដ្ឋកិច្ចក៏ប្ដេជ្ញា ក្រសួងការងារក៏ប្ដេជ្ញាក្នុងការអនុវត្តប្រព័ន្ធ FMIS ហើយ លោកសង្ឃឹមថាគម្រោងនេះនឹងអាចអនុវត្តជាផ្លូវការដោយរលូននៅដើមឆ្នាំ២០១៨ ក្រោយពីការអនុវត្តសាកល្បងក្នុងឆ្នាំ២០១៧នេះ។ លោកជឿថាការអនុវត្តសាកល្បងនឹងមានបញ្ហាប្រឈមមិនអាចចៀសផុតបាននោះទេ […]

ព័ត៌មានលម្អិត