+855 23 43 00 63

11

Jan, 2017

ក្រុមការងារគ្រប់គ្រងគម្រោងពិភាក្សាផែនការគម្រោងជំហានទី២

ដោយ៖: | Tags: , , , , | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដឹកនាំដោយឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបើកកិច្ចប្រជុំពិភាក្សាមួយ ដើម្បីផ្ដល់ព័ត៌មានអំពីបច្ចុប្បន្នភាព ក៏ដូចជាទាញយកធាតុចូលបន្ថែម ពីអគ្គនាយកដ្ឋាន និងអ្នកពាក់ព័ន្ធគន្លឹះនានា និងដើម្បីរៀបចំសមាសភាពក្រុមការងារគ្រប់គ្រងគម្រោងថ្មី ជាការត្រៀមខ្លួនពង្រីកការអនុវត្តគម្រោងក្នុងជំហានទី២ ទៅតាមក្រសួង-ស្ថាប័ន នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នេះ នៅសាលប្រជុំធំ អាគារធំនៃទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ក្រោយពីបានមើលឃើញអំពីបច្ចុប្បន្នភាពនៃគម្រោង និងផែនការព្រាងនៃការអនុវត្តគម្រោងក្នុងជំហានទី២ ឯកឧត្ដម ញឹម ខេមរា អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់អគ្គនាយកដ្ឋានថវិកា ក្នុងការគាំទ្រផ្នែកបច្ចេកទេសតាមរយៈការបង្កើតក្រុមការងារបច្ចេកទេសដើម្បីធ្វើការដោយផ្ទាល់ជាមួយនឹងក្រុមការងារជំនាញរបស់នាយកដ្ឋានព័ត៌មានវិទ្យា និងក្រសួង-ស្ថាប័នដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS។ បន្ថែមលើនេះទៅទៀត ឯកឧត្ដមបានជំរុញឱ្យមានការសិក្សាស៊ីជម្រៅលើនីតិវិធីអនុវត្តការងារប្រចាំថ្ងៃរបស់ក្រសួង-ស្ថាប័នទាំងអស់ទុកជាមុន ដើម្បីធានាឱ្យលំហូរការងារក្នុងប្រព័ន្ធនឹងធ្វើឡើងដោយរលូន។ ដោយឡែក ឯកឧត្ដមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ បានថ្លែងចំណាប់អារម្មណ៍លើការបន្តពង្រឹងការប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងជំហានទី១ នៅតាមរតនាគាររាជធានី-ខេត្ត និងអគ្គនាយកដ្ឋានក្រសួង ដើម្បីរក្សាភាពជោគជ័យក្នុងការអនុវត្តគម្រោងក្នុងដំណាក់កាលអន្តរកម្មឈានទៅការអនុវត្តក្នុងជំហានបន្ទាប់។ ក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់លើការបណ្ដុះបណ្ដាល និងជ្រើសតាំងគ្រូឧទ្ទេស ដែលអាចបណ្តុះបណ្តាល ឬធ្វើបទបង្ហាញពីការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដែលមានផ្នែក ថវិកាកម្មវិធី និងប្រព័ន្ធ FMIS ប្រចាំក្រសួង សម្រាប់ជួយសម្រួល និងដោះស្រាយបញ្ហានានាទាក់ទងលើការអនុវត្តការងារប្រចាំថ្ងៃលើប្រព័ន្ធ FMIS។ ទោះជាយ៉ាងណា ក្រុមការងារនឹងធ្វើការពិភាក្សាស៊ីជំរៅបន្ថែមលើបញ្ហានេះ មុននឹងឈានដល់ការស្នើសុំគោលការអនុញ្ញាតពីឯកឧត្ដមបណ្ឌិត ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ជាចុងបញ្ចប់ អង្គប្រជុំបានពិភាក្សាលើការរៀបចំរចនាសម្ព័ន្ធក្រុមការងារគ្រប់គ្រងគម្រោងសារជាថ្មី ដោយព្យាយាមកាត់បន្ថយសមាសភាពសមាជិកក្រុមការងារ និងពង្រឹងបន្ថែមនូវការចូលរួមយ៉ាងបុរេសកម្មរបស់ក្រុមងារនេះ សំដៅជំរុញការអនុវត្តគម្រោងក្នុងជំហានទី២ ធ្វើទៅបានប្រកបដោយភាពជោគជ័យ។

ព័ត៌មានលម្អិត

6

Jan, 2017

ប្រកាសព័ត៌មាន លេខ ៣៣ (ខែ ធ្នូ ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS គ្រោងរៀបចំកិច្ចប្រជុំស្តីពី “រៀបចំក្រុមការងារគ្រប់គ្រង និង អនុវត្តគម្រោង FMIS ជំហានទី២” ជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នចំនួន១០ និងអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងត្រូវចូលរួមអនុវត្តគម្រោង FMIS នៅក្នុងឆ្នាំ២០១៧នេះ ។ កិច្ចប្រជុំពិភាក្សានេះនឹងត្រូវដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាបានរៀបចំសិក្ខាសាលាស្តីពី “ការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្ត”។ សិក្ខាសាលានេះ មានការចូលរួមពីប្រធានរតនាគារ និងមន្រ្តីបង្គោលដែលប្រើប្រាស់ប្រព័ន្ធ FMIS ហើយបានរៀបចំឡើងក្នុងគោលបំណងតាមដានពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS និងបញ្ហាប្រឈមដែលរតនាគារជួបប្រទះនាពេលកន្លងមក។ នៅក្នុងខែធ្នូនេះ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានត្រៀមរៀបចំអនុវត្តទៅតាមសកម្មភាពដែលបានដាក់ចេញនៅក្នុងផែនការ ហើយគ្រោងនឹងចាប់ផ្តើមអនុវត្តគម្រោងជាផ្លូវការជាមួយក្រសួង-ស្ថាប័នចំនួន ១០ នៅដើមខកុម្ភៈ ឆ្នាំ២០១៧ រួមមាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា,ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ,ក្រសួងកិច្ចការនារី,ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងមុខងារសាធារណៈ, ក្រសួងបរិស្ថាន,ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ទន្ទឹមនឹងនេះ ក្រុមការងារកំពុងតែបន្តការជួយសម្របសម្រួលជាមួយនឹងអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះទាំងអស់ ដើម្បីបញ្ចប់ការចងក្រងនីតិវីធីអនុវត្តស្តង់ដារ មុននឹងចាប់ផ្តើមអនុវត្តគម្រោង FMIS ជំហានទី ២ ។ ជាមួយគ្នានេះ ក្រុមការងារក៏បានត្រៀមរៀបចំនូវ     ឯកសារ និងវីដេអូឃ្លីបរួចរាល់ សម្រាប់ធ្វើការចុះផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាមួយក្រសួង-ស្ថាប័នទាំង ១០  នៅឆ្នាំ២០១៧ ព្រមទាំងរៀបចំយុទ្ធសាស្រ្ត និងកម្មវីធីទំនាក់ទំនង និងបន្តផ្សព្វផ្សាយពីវឌ្ឍនភាព និងព័ត៌មានរបស់ប្រព័ន្ធ FMIS ទៅកាន់ភាគីពាក់ព័ន្ធ។ […]

ព័ត៌មានលម្អិត

22

Dec, 2016

សហភាពអឺរ៉ុបគាំទ្រពេញទំហឹងលើផែនការសកម្មភាព និងថវិកាទ្រទ្រង់ការអនុវត្តគម្រោង FMIS នៅជំហានទី២

ដោយ៖: | Tags: | មតិយោបល់: 0

ទាំងនេះគឺជាសកម្មភាពមួយចំនួននៃកិច្ចប្រជុំរវាងក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា ជាមួយនឹង លោក ហ្សាវារ ខាស្ទីយូ-អាល់វ៉ាស្សេ ដែលជាអនុព័ន្ធ-ផ្នែកប្រសិទ្ធភាពជំនួយ ថវិកាគាំទ្រ និង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃទីស្នាក់ការប្រតិភូនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៦ ។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការផ្ដល់ព័ត៌មានទាក់ទងនឹងវឌ្ឍនភាពចុងក្រោយ នៃការដាក់អនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និង ជាពិសេសបង្ហាញនូវផែនការមេសម្រាប់អនុវត្តគម្រោង FMIS ក្នុងជំហានទី២ ទៅកាន់ដៃគូអភិវឌ្ឍន៍មួយនេះ ដើម្បីទទួលយកនូវធាតុចូលនានាសម្រាប់កែលម្អលើផែនការមេដែលបានរៀបចំ ក៏ដូចជាការគាំទ្រលើការអនុវត្តគម្រោង ។ នៅក្នុងកិច្ចប្រជុំនេះ លោក ហ្សាវារ បានលើកឡើងថា សហភាពអឺរ៉ុបគាំទ្រយ៉ាងពេញទំហឹង ទាំងផែនការសកម្មភាព និង ថវិកាទ្រទ្រង់ការអនុវត្តគម្រោង FMIS នៅជំហានទី ២ នេះ ទោះបីជាផែនការនេះ មានមហិច្ចតាធំយ៉ាងណាក៏ដោយ ហើយក្រសួង-ស្ថាប័នដែលត្រូវបានជ្រើសរើសអនុវត្តគម្រោង FMIS សម្រាប់ឆ្នាំ ២០១៧ គឺជាក្រសួង-ស្ថាប័ន ដែលសហភាពអឺរ៉ុប បាននិងកំពុងសហការធ្វើការយ៉ាងជិតស្និទ្ធ ។ ជាងនេះទៅទៀត សហភាពអឺរ៉ុប បានសន្យាថា នឹងជួយផ្តល់នូវជំនួយបច្ចេកទេសតាមរយៈបេសកកម្ម ក្នុងការត្រួតពិនិត្យ និង ផ្តល់អនុសាសន៍លើការអនុវត្តគម្រោង FMIS ជំហានទី ២ ដើម្បីជំរុញនូវប្រសិទ្ធភាព និង ភាពជោគជ័យ តាមផែនការដែលបានគ្រោងទុក ។ គួរបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍មួយក្នុងចំណោមដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដែលបានគាំទ្រយ៉ាងសកម្មលើការអនុវត្តគម្រោង FMIS ។

ព័ត៌មានលម្អិត

16

Dec, 2016

សិក្ខាសាលាស្ដីអំពីការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន៥២រូបបានចូលរួម សិក្ខាសាលាស្ដីអំពីការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្ត ដែលរៀបចំឡើងដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នេះ។ នៅក្នុងសិក្ខាសាលានេះ ប្រធានរតនាគារ និងមន្ត្រីបង្គោលដែលប្រើប្រាស់ប្រព័ន្ធ FMIS បានលើកឡើងអំពីវឌ្ឍនភាពក្នុងការអនុវត្តការងារប្រចាំថ្ងៃជាមួយប្រព័ន្ធ FMIS បញ្ហាប្រឈមដែលជួបប្រទះផ្ទាល់ក្នុងកំឡុងពេលអនុវត្តការងារអស់រយៈពេលជិតមួយឆ្នាំកន្លងមកនេះ ក៏ដូចជាសំណូមពរមួយចំនួនផងដែរ។ ជាក់ស្ដែង រតនាគារជាច្រើនបានថ្លែងសរសើរអំពីសមត្ថភាពក្នុងការគ្រប់គ្រងព័ត៌មាននៅក្នុងប្រព័ន្ធ ដែលរតនាគារពុំធ្លាប់នឹកស្មានដល់ពីមុនមក។ ជាឧទាហរណ៍ រតនាគារអាចតាមដានឥណទានគ្រប់ពេលវេលា សម្រាប់អង្គភាពចំណាយនៅតាមរាជធានី-ខេត្ត មិនឱ្យមានការខុសឆ្គង ឬការទូទាត់ចំណាយដោយពុំមានឥណទានត្រឹមត្រូវនោះទេ។ ទោះជាយ៉ាងណា មន្ត្រីមកពីរាជធានី-ខេត្តនីមួយៗ ក៏បានលើកឡើងនៅបញ្ហាប្រឈមសេសសល់នានា ដែលរតនាគាររបស់ខ្លួនបានជួបប្រទះផ្ទាល់ ដើម្បីឱ្យក្រុមការងារជួយសម្រួល និងដោះស្រាយទាន់ពេលវេលា ទាំងក្នុងកម្រិតបច្ចេកទេស និងនីតិវិធីអនុវត្តការងារ។ សិក្ខាសាលាលើកនេះដើរតួនាទីជាវេទិកាដ៏សំខាន់មួយ សម្រាប់ឱ្យគ្រប់ភាគីរតនាគាររាជធានី-ខេត្តដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ បានជួបពិភាក្សាជាមួយក្រុមការងារគ្រប់គ្រងប្រព័ន្ធដោយផ្ទាល់ ដើម្បីពិភាក្សាទាញយកធាតុចូលបន្ថែម និងដោះស្រាយបញ្ហារួមគ្នា ត្រៀមសម្រាប់ការបន្តអនុវត្តប្រព័ន្ធ FMIS នៅឆ្នាំ២០១៧ ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្រុមការងារគ្រប់គ្រងគម្រោងមើលឃើញពីការលំបាកផ្សេងៗ ព្រមទាំងកោតសរសើរការខិតខំប្រឹងប្រែង និងលើកទឹកចិត្តដល់មន្ត្រីរតនាគារទាំងអស់ឱ្យបន្តស្វែងយល់ និងប្រើប្រាស់ប្រព័ន្ធ FMIS ដែលជាមធ្យោបាយមួយមិនអាចខ្វះបាន គាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។

ព័ត៌មានលម្អិត

4

Dec, 2016

ប្រកាសព័ត៌មាន លេខ ៣២ (ខែ វិច្ឆិកា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមប្រតិភូ International Monetary Fund (IMF) បានជួបពិភាក្សាជាមួយមន្ត្រីមកពីក្រុមផ្សេងៗ នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិភាក្សាលើបច្ចុប្បន្នភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តការងារប្រចាំថ្ងៃ និងអំពីបច្ចេកទេសនៃប្រព័ន្ធ FMIS ផ្ទាល់ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣0 ខែវិច្ឆិកា នៅនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ក្នុងកិច្ចប្រជុំនេះផងដែរក្រុមប្រតិភូ IMF ក្រុមការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យា នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា និង អគ្គនាយកដ្ឋានរតនាគារជាតិ បានពិភាក្សាអំពីចំណាត់ថ្នាក់ថវិកា និង មាតិកាគណនីនៃប្លង់គណនេយ្យ ដែលកំពុងប្រើប្រាស់នៅក្នុងប្រព័ន្ធ FMIS និងនីតិវិធីអនុវត្តការងារនានានៅក្រៅប្រព័ន្ធ ។ នៅក្នុងខែវិច្ឆិកានេះ ក្រុមការងារមុខងារប្រព័ន្ធ FMIS  បានត្រួតពិនិត្យច្បាប់ថវិកា ជាមួយរបាយការណ៍ក្នុងប្រព័ន្ធ FMIS ឡើងវិញសម្រាប់ថ្នាក់កណ្ដាល និង ថ្នាក់មន្ទីរជំនាញរាជធានី-ខេត្តទាំង ២៥ ។ ជាមួយគ្នានេះក្រុមការងារក៏បាននិងកំពុងរៀបចំគោលការណ៍ណែនាំរួមស្តីអំពីការកំណត់ឈ្មោះអ្នកផ្គត់ផ្គង់ ឱ្យមានសង្គតិភាពសម្រាប់ប្រើប្រាស់នៅក្នុងប្រព័ន្ធ FMIS  និង កំពុងបញ្ចប់ការបញ្ចូលសមតុល្យដើមគ្រា ឆ្នាំ២០១៦ ឱ្យរួចរាល់ ទៅក្នុងប្រព័ន្ធ FMIS សម្រាប់រតនាគាររាជធានី-ខេត្ត ។ បន្ថែមពីលើនេះក្រុមការងារ កំពុងជួយសម្របសម្រួល និង ជ្រោមជ្រែង ជាមួយនឹងអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះទាំងអស់ ដើម្បីបញ្ចប់ការចងក្រងឯកសារនីតិវិធីអនុវត្តស្តង់ដារឱ្យបានមុនថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៦ ។ ដោយឡែក ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន កំពុងបន្តការងារចុះទៅដំឡើងឧបករណ៍បច្ចេកទេស សម្រាប់ មន្ត្រីប្រើប្រាស់ប្រព័ន្ធបន្ថែម នៅរតនាគាររាជធានី-ខេត្តចំនួន៦ និង កំពុងរៀបចំផែនការ ធើ្វការបន្តដំឡើងម៉ាស៊ីនភ្លើង, ឧបករណ៍សម្រួលចរន្តអគ្គីសនី និង ឧបករណ៍ភ្ជាប់ចរន្តអគ្គីសនីដោយស្វ័យប្រវត្តិ ជូនរតនាគារខេត្ត ដែលពុំទាន់បានដំឡើងក្នុងកំឡុងពេលចុះដំឡើងឧបករណ៍បច្ចេកទេសបន្ថែមក្នុងខែមុន ។ ក្រុមការងារមុខងារប្រព័ន្ធ FMIS និងផ្នែកបច្ចេកទេសនៅតែបន្តជួយគាំទ្រដល់មន្ត្រីប្រើប្រាស់ប្រព័ន្ធតាមរតនាគារាជធានី-ខេត្ត ដូចជាឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងការចុះប្រតិបត្តិការ, ការអនុវត្តការងារនានាទាំងក្នុង និង ក្រៅប្រព័ន្ធ […]

ព័ត៌មានលម្អិត