+855 23 43 00 63

11

Apr, 2014

ប្រកាសព័ត៌មាន លេខ ០០២ – ខែ មេសា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

បន្ទាប់ពីពិធីដាក់ឱ្យអនុវត្តគម្រោង FMIS កាលពីថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន PFMRP   ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសហការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ  FMIS (FIS-LG CNS Joint Venture) ដោយធ្វើការជា “ក្រុមការងាររួម” របស់គម្រោង FMIS ( FMIS Joint Team)។ បច្ចុប្បន្នក្រុមការងាររួម បាននឹងកំពុងអនុវត្តការងារជាច្រើន ជាពិសេសទាក់ទងនឹងនីតិវិធីអនុវត្តការងារ ការគ្រប់គ្រងការផ្លាស់ប្តូរ ការរៀបចំមាតិកាគណនី ចំណាត់ថ្នាក់ថវិកា សិក្ខាសាលា ការបណ្តុះបណ្តាល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS ដោយបានយល់ស្របលើការ   ជ្រើសរើសទីតាំងរបស់មជ្ឈមណ្ឌលទិន្នន័យ និងមជ្ឈមណ្ឌលសង្រ្គោះទិន្នន័យ។ យើងនឹងចាប់ផ្តើមស្ថាបនាមជ្ឈមណ្ឌលទិន្នន័យរបស់យើងក្នុងត្រីមាសទី ២ ឆ្នាំនេះ នៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

ទន្ទឹមនឹងនេះ ព្រឹត្តិបត្រព័ត៌មានដំបូងសម្រាប់គម្រោង FMIS នឹងចេញផ្សាយជូនដល់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ ហើយនឹងមានព្រឹត្តិបត្រព័ត៌មានលេខក្រោយៗទៀត ដើម្បីផ្តល់ជូនមន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុទាំងអស់ នូវព័ត៌មាន បច្ចុប្បន្នភាពស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ការចែករំលែកចំណេះដឹង និងអត្ថបទសិក្សា (Case Studies) ពីប្រទេសផ្សេងៗនៅក្នុងតំបន់ និងសកលលោកជុំវិញការអនុវត្ត និងប្រើប្រាស់ប្រព័ន្ធ FMIS។

ក្រុមការងាររួមរបស់គម្រោង FMIS បានរៀបចំសិក្ខាសាលា និងការបណ្តុះបណ្តាលជាបន្តបន្ទាប់ទៅតាមផែនការ ដែលមានគោលដៅរៀបចំឡើងសម្រាប់ក្រុមការងាររបស់គម្រោងឱ្យទទួលបាននូវព័ត៌មាន និងចំណេះដឹងគ្រប់គ្រាន់ក្នុងការអនុវត្តគម្រោងប្រកបដោយជោគជ័យ។ សិក្ខាសាលាដំបូងស្តីពី “វិធីសាស្រ្តការគ្រប់គ្រងការផ្លាស់ប្តូរ និងបណ្តុះបណ្តាលសម្រាប់គម្រោង FMIS” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៤ ដែលមានការចូលរួមពីប្រធាន អនុប្រធានរតនាគារ រាជធានី-ខេត្ត និងក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូររបស់គម្រោង FMIS។ បន្ទាប់ពីសិក្ខាសាលាដំបូងខាងលើនេះ ក្រុមការងាររួមរបស់គម្រោង FMIS នឹងមានសិក្ខាសាលាមួយទៀតស្តីពី “FMIS Induction and Envisioning” ដែលនឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ ២៣ ខែ មេសា ឆ្នាំ ២០១៤ ដោយមានការចូលរួមពីក្រុមការងារគ្រប់គ្រងគម្រោង FMIS។

កាលវិភាគនៃការអនុវត្ដគម្រោងនិងកិច្ចសន្យាផ្គត់ផ្គង់ប្រព័ន្ធ FMIS

សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖

គេហទំព័រ៖ http://fmis.mef.gov.kh
អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖ 023 430 063

ឯកសារភ្ជាប់ជា PDF៖ ភាសាខ្មែរ / English