+855 23 43 00 63

17

Oct, 2014

ប្រកាស​ព័ត៌មាន លេខ ០០៦ (ខែ សីហា ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

បច្ចុប្បន្នការអនុវត្តប្រព័ន្ធ FMIS កំពុងឈានទៅមុខជាបណ្តើរៗនៅក្នុងដំណាក់កាលទី៣ (ដំណាក់កាលស្ថាបនាប្រព័ន្ធ) ស្របតាមផែនការសកម្មភាព ហើយក្រុមការងារទាំងអស់កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបញ្ចប់ការងារទាំងឡាយដែលនៅ សេសសល់ពីដំណាក់កាលទីពីរ (ដំណាក់កាលស្វែងយល់ស៊ីជម្រៅ) ជាពិសេសការរៀបចំនីតិវិធីអនុវត្តការងារអនាគតសម្រាប់ប្រព័ន្ធ FMIS។ រហូតមកដល់ពេលនេះការរៀបចំនីតិវិធីអនុវត្តការងារអនាគតត្រឹមតែតាមមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS សម្រេចបាន ៩៥% និងកំពុងចាប់ផ្តើមរៀបចំនូវតារាងគំរូសម្រាប់វិភាគពីផលប៉ះពាល់នៃការផ្លាស់ប្តូរ។ ចំណែកការរៀបចំ End-To-End To-Be Business Process របស់មន្រ្តីនៃនាយកដ្ឋានព័ត៌មានវិទ្យា បន្ថែមលើអ្វីដែលក្រុមហ៊ុនផ្គត់ផ្គង់បានធ្វើនោះ បានបញ្ចប់ប្រហែល៨៦%ហើយនាពេលនេះ។ ជាមួយគ្នាដែរ ក្រុមការងារបានរៀបចំកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុង       គោលបំណងស្វែងយល់ស៊ីជម្រៅ និងដោះស្រាយនូវបញ្ហាប្រឈមនានាទាក់ទងនឹងការអនុវត្តការងារមួយចំនួនសម្រាប់ជាធាតុចូលក្នុងការកសាងប្រព័ន្ធ FMIS (FMIS System Design)។

នៅចុងខែសីហានេះ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូររួមជាមួយក្រុមការងារនីតិវិធីអនុវត្តការងារបានចុះជួបជាមួយរតនាគារ ខេត្ត ដើម្បីស្វែងយល់ស៊ីជម្រៅបន្ថែមពីការអនុវត្តការងារបច្ចុប្បន្ន និងជាជំហានសាកល្បងនៃការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ (Face-to-Face Communication)អំពីការអនុវត្តប្រព័ន្ធ FMIS ក្នុងក្របខ័ណ្ឌនៃការទំនាក់ទំនងផ្សព្វផ្សាយ។ ការសាងសង់បន្ទប់មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ និងបន្ទប់សម្រាប់បណ្តុះបណ្តាលគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែកញ្ញានេះ និងបន្តបំពាក់  បណ្តាញអគ្គិសនី និងឧបករណ៍ព័ត៌មានវិទ្យាផ្សេងៗ។ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធកំពុង ពន្លឿនការនាំចូលនូវសម្ភារៈ និងឧបករណ៍ដំណាក់កាលទី៣ដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ។ ក្រុមការងារក៏បានគ្រោងនឹងចាប់ផ្តើមចុះត្រួតពិនិត្យ និងសិក្សាទីតាំងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS នៅតាមរតនាគារទូទាំង ២៥ រាជធានី-ខេត្តនៅដើមខែកញ្ញានេះដោយអមជាមួយក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ ដើម្បីអនុវត្តការងារទំនាក់ទំនងផ្សព្វផ្សាយក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងការផ្លាស់ប្តូរ។

គ្រប់ការដ្ឋាននៃការអនុវត្តប្រព័ន្ធ FMIS ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់លើការពិនិត្យមើលឡើងវិញនូវសមត្ថភាព និងតួនាទីរបស់ស្ថាប័នដូចជាការឆ្លុះកញ្ចក់មើលខ្លួនឯងតាមការក្រើនរំលឹកពីឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការងារអសកម្មនានា និងទិសដៅអនាគតរបស់ស្ថាប័ននីមួយៗក្នុងដំណាក់កាលកែទម្រង់ស៊ីជម្រៅ។

fmis-schedule

សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ http://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖ 023 430 063

លោកអ្នកអាចទាញយកប្រកាសព័ត៌មាន លេខ ០០៦ (ខែ សីហា ឆ្នាំ ២០១៤) បានពីទំព័រនេះ៖
http://fmis.mef.gov.kh/documents-and-publications/bulletins/