+855 23 43 00 63

17

Oct, 2014

ប្រកាស​ព័ត៌មាន លេខ ០០៧ (ខែ កញ្ញា ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

ស្របពេលដែលដំណើរការនៃការអនុវត្តគម្រោង FMIS ឈានដល់ដំណាក់កាលទី៣ ការផ្សព្វផ្សាយអំពីវឌ្ឍនភាពរបស់គម្រោងនេះ ទៅដល់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងរតនាគាររាជធានី-ខេត្តទាំងអស់ កំពុងប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅក្នុងកំឡុងខែកញ្ញានេះ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូររួមជាមួយក្រុមហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS បានចុះបេសកកម្មនៅតាមរតនាគារខេត្តមួយចំនួនដើម្បីបន្តទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ (Face-to-Face Communication) អំពីការអនុវត្តគម្រោង FMIS និងសិក្សាអំពីទីតាំងសុវត្ថិភាពសម្រាប់ដំឡើងម៉ាស៊ីនផ្ទុកទិន្នន័យ (Database Sever)របស់ប្រព័ន្ធ FMIS។ ទីប្រឹក្សាគ្រប់គ្រងការផ្លាស់ប្តូរ ក៏បានបើកសិក្ខាសាលាជាមួយក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ ក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមការងារសម្រាប់ជំនួយដល់ការអនុវត្តការងារគ្រប់គ្រងការផ្លាស់ប្តូរ។ ជាមួយគ្នាដែរ ក្រុមការងាររួមជាមួយទីប្រឹក្សាបានបញ្ចប់ការពិនិត្យរួចរាល់នូវឯកសារវិភាគអ្នកពាក់ព័ន្ធ (Stakeholder Analysis) ឯកសារ   យុទ្ធសាស្រ្ត និងផែនការទំនាក់ទំនងផ្សព្វផ្សាយ (Communication Strategy and Plan) និងគំរូតារាងវិភាគពីផលប៉ះពាល់នៃការផ្លាស់ប្តូរ (Change Impact Analysis Template)សម្រាប់ឈានទៅរកការវិភាគនៅក្នុងខែតុលា និងវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ។

ចំណែកឯការរៀបចំកសាងនីតិវិធីអនុវត្តការងារអនាគត (To-Be Business Process) ជារួមសម្រេចបាន ៩៨% និង ៩០%សម្រាប់ End-To-End To-Be Business Process ដែលក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យាបានធ្វើបន្ថែមលើអ្វីដែលក្រុមហ៊ុនផ្គត់ផ្គង់បានធ្វើ។ នៅថ្ងៃទី០១ ខែកញ្ញា និង២៦ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុបានបើកកិច្ចប្រជុំជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធទាំងអស់ដើម្បីបន្តស្វែងយល់ និង ដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងនីតិវីធីអនុវត្តការងារបច្ចុប្បន្នមួយចំនួន ដែលជាបច្ច័យមិនល្អដល់ការកសាងប្រព័ន្ធ FMIS ទៅតាមស្តង់ដាមួយប្រកបដោយ ឧត្តមានុវត្តដូចប្រទេសនៅក្នុងតំបន់ និងសាកលលោក។ ការងារទាំងឡាយដែលរាំងស្ទះដល់ដំណើរការកសាងប្រព័ន្ធ FMIS  ត្រូវបានដោះស្រាយជាស្ថាពរ ដោយឡែកបញ្ហាដែលមានសភាពរ៉ាំរ៉ៃ និងអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃការរៀបចំ និងអនុវត្តថវិកា នឹងត្រូវដាក់បញ្ចូលដោះស្រាយក្នុងក្របខ័ណ្ឌកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ (PFMRP) និងសម្រេចជាគោលនយោបាយពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ការសាងសង់បន្ទប់មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ និងបន្ទប់សម្រាប់បណ្តុះបណ្តាលបានបញ្ចប់រួចរាល់ជាស្ថាពរ។ បច្ចុប្បន្នក្រុមការងារកំពុងតប្រព័ន្ធបណ្តាញអគ្គិសនី និងបំពាក់នូវសម្ភារៈ និងឧបករណ៍ព័ត៌មានវិទ្យាផ្សេងៗរបស់ប្រព័ន្ធ FMIS ដែលបាននាំចូលមកដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធក៏បានបន្តការនាំចូលនូវសម្ភារៈ និងឧបករណ៍ផ្គត់ផ្គង់ប្រព័ន្ធដំណាក់កាលបន្តបន្ទាប់ទៀតដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ។ ចំណែកក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យារួមជាមួយនឹងក្រុមការងារនីតិវិធីអនុវត្តការងារកំពុងចាប់ផ្តើមរៀបចំឯកសារគោលសម្រាប់ប្រព័ន្ធ (System Application Design) ដែលជាមូលដ្ឋានសម្រាប់ឈានដល់ការរៀបចំដំឡើងប្រព័ន្ធ FMIS (System Configuration)។

ឈានមកដល់ដំណាក់កាលទី ៣ (ដំណាក់កាលស្ថាបនាប្រព័ន្ធ) ដែលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៤ នោះ ត្រូវបានពន្យាពេលរហូតដល់ខែកុម្ភៈ ឆ្នាំ២០១៥។ ការពន្យាពេលនេះគឺដោយសារតែមានការយឺតយ៉ាវក្នុងការរៀបចំនីតិវិធីអនុវត្តការងារអនាគត ការរៀបចំ     ចំណាត់ថ្នាក់ថវិកា ការនាំចូលសម្ភារៈ និងឧបករណ៍ផ្គត់ផ្គង់មជ្ឈមណ្ឌលទិន្នន័យ និងការយល់ដឹងរបស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធលើនីតិវិធី  អនុវត្តការងារនៃរាជរដ្ឋាភិបាលកម្ពុជានៅមានកម្រិត ហើយក៏គួបផ្សំនឹងការយល់ដឹងអំពីស្វ័យប្រវត្តិកម្មប្រព័ន្ធ FMIS ពីបណ្តាមន្រ្តីពាក់ព័ន្ធនៅមានកម្រិត ដែលនាំឱ្យការជឿជាក់លើប្រព័ន្ធស្ថិតនៅក្នុងកម្រិតដែលត្រូវការការអនុវត្តយុទ្ធសាស្រ្តគ្រប់គ្រងការផ្លាស់ប្តូរ និងទំនាក់ទំនងផ្សព្វផ្សាយប្រកបដោយលក្ខណៈបុរេសកម្ម និងស្រួចស្រាវបំផុត។ ក៏ប៉ុន្តែ ការពន្យាពេលនៅដំណាក់កាលនេះគឺមិនប៉ះពាល់ដល់ផែនការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ២០១៥ នោះឡើយ។

ស្ថិតក្នុងដំណាក់កាលនេះ ក្រុមការងារ FMIS កំពុងមមាញឹកក្នុងការបញ្ចប់នូវការងារដែលនូវសេសសល់ពីដំណាក់កាលទី២     រួមទាំងការងារសម្រាប់ដំណាក់កាលទី៣ ដូច្នេះក្រុមការងារទាំងអស់ត្រូវបន្ថែមការយកចិត្តទុកដាក់ ហើយមន្រ្តីដែលពាក់ព័ន្ធនឹងគម្រោងនៃ       អគ្គនាយកដ្ឋាន នាយកដ្ឋាន ជាពិសេសរតនាគារខេត្តបន្តចូលរួមសហការ និងតាមដានរាល់ព័ត៌មានទាំងឡាយរបស់គម្រោង FMIS ដើម្បីត្រៀមខ្លួនអនុវត្តប្រព័ន្ធ FMIS នៅពាក់កណ្តាលឆ្នាំ ២០១៥។

សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ http://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖ 023 430 063

លោកអ្នកអាចទាញយកប្រកាសព័ត៌មាន លេខ ០០៧ (ខែ កញ្ញា ឆ្នាំ ២០១៤) បានពីទំព័រនេះ៖
http://fmis.mef.gov.kh/documents-and-publications/bulletins/