+855 23 43 00 63

20

Nov, 2014

ប្រកាស​ព័ត៌មាន លេខ ០០៨ (ខែ តុលា ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

បច្ចុប្បន្នក្រុមការងារកំពុងស្ថិតនៅក្នុងស្ថានភាពស្មុគស្មាញ អំពីការស្ថាបនាប្រព័ន្ធ FMIS។ ធាតុសំខាន់បំផុតសម្រាប់កសាងប្រព័ន្ធនៅក្នុងដំណាក់កាលនេះរួមមាន ការបញ្ចប់នីតិវិធីអនុវត្តការងារអនាគត (To-Be Business Process) Application System Design និង System Configuration។ ការរៀបចំកសាងនីតិវិធីអនុវត្តការងារអនាគតតាមប្រព័ន្ធ FMIS ស្ទើរតែសម្រេចបាន១០០% ដោយគ្រាន់តែ   រងចាំការសម្រេចចុងក្រោយរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពាក់ព័ន្ធនីមួយៗប៉ុណ្ណោះ។ រចនាសម្ព័ន្ធមាតិកាគណនីនៃប្លង់គណនេយ្យ (Chart of Account) និងចំណាត់ថ្នាក់ថវិកា (Budget Classification) ត្រូវបានបញ្ចប់ ដោយសម្រេចឱ្យមាន ៨ ចំណាត់ថ្នាក់ (មាននៅក្នុងព្រឹត្តិបត្រព័ត៌មានលេខ ០០៣) ហើយបច្ចុប្បន្ននាយកដ្ឋានថវិកានីយកម្មកំពុងប្រមូលនូវទិន្នន័យសម្រាប់ចំណាត់ថ្នាក់នីមួយៗ លើកលែងតែ ចំណាត់ថ្នាក់ អង្គភាពប្រតិបត្តិការចំណូល-ចំណាយ (Operating Unit) ដែលត្រូវប្រមូលទិន្នន័យដោយអគ្គនាយកដ្ឋានរតនាគារជាតិ។    ក្រុមការងារនីតិវិធីអនុវត្តការងាររួមជាមួយក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា កំពុងប្រមូលនូវទិន្នន័យចាំបាច់នានា សម្រាប់រៀបចំ Application System Design Document។ ជាមួយគ្នានេះដែរ ក្រុមការងារនីតិវិធីអនុវត្តការងារបានពិភាក្សាជាមួយក្រុមការងារចំនួនបី ដែលត្រូវធ្វើសន្ធានកម្មជាមួយប្រព័ន្ធ FMIS រួមមាន ក្រុមការងារប្រព័ន្ធគយ (ASYCUDA) ក្រុមការងារប្រព័ន្ធគ្រប់គ្រងបំណុល (DMFAS) និងក្រុមការងារប្រព័ន្ធប្រាក់បៀវត្ស (Payroll System)។ បន្ទាប់ពីបានពិភាក្សា ក្រុមការងារបានសម្រេចរួចរាល់និងទទួលបានលទ្ធផលអំពី លក្ខណៈបច្ចេកទេសក្នុងការធ្វើសន្ធានកម្មពីប្រព័ន្ធទាំងបីជាមួយប្រព័ន្ធ FMIS។

ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូររួមជាមួយក្រុមហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS បានបន្តចុះបេសកកម្មនៅតាមរតនាគារខេត្តមួយចំនួនដើម្បីទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ (Face-to-Face Communication) អំពីការអនុវត្តគម្រោង FMIS និងសិក្សាអំពីទីតាំងសុវត្ថិភាពសម្រាប់ដំឡើងឧបករណ៍ព័ត៌មានវិទ្យាដើម្បីតភ្ជាប់ប្រព័ន្ធ FMIS។ បេសកកម្មនេះ នឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា តាមការគ្រោងទុករបស់ក្រុមការងារ។ បន្ទាប់ពីបានពិភាក្សា និងសាកល្បងវិភាគពីផលប៉ះពាល់នៃការផ្លាស់ប្តូរលើតារាងគំរូកន្លងមក ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានសម្រេចថា នឹងធ្វើការពិនិត្យឡើងវិញលើលទ្ធផលផលប៉ះពាល់នៃការផ្លាស់ប្តូរទាំងអស់ដែលក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់បានវិភាគ ដើម្បីបន្ថែមនូវចំណុចខ្វះខាតទាំងឡាយ។ ការងារពិនិត្យឡើងវិញនេះនឹងចាប់ផ្តើមនៅពាក់កណ្តាលខែវិច្ឆិកា ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០១៤។ ក្រុមការងាររួមជាមួយនឹងទីប្រឹក្សាគ្រប់គ្រងការផ្លាស់ប្តូរ ក៏កំពុងរៀបចំឱ្យមានជាសិក្ខាសាលា និងព្រឹត្តិការណ៍ផ្សេងៗ សម្រាប់ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ  ក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងការផ្លាស់ប្តូរ។

បច្ចុប្បន្នក្រុមការងារហេដ្ឋារចនាសម្ព័ន្ធកំពុងតប្រព័ន្ធបណ្តាញអគ្គិសនី និងបំពាក់នូវសម្ភារៈ និងឧបករណ៍ព័ត៌មានវិទ្យាផ្សេងៗរបស់មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ និងបន្ទប់បណ្តុះបណ្តាលបានប្រមាណជា ៧០%ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែ  វិច្ឆិកាខាងមុខ។ ចំណែកឯសម្ភារៈ និងឧបករណ៍ផ្គត់ផ្គង់ប្រព័ន្ធផ្សេងទៀត ដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធក៏បានបន្តការនាំចូលជាបន្តបន្ទាប់។

ក្រុមការងារបណ្តុះបណ្តាល បានពិភាក្សាលើការរៀបចំផែនការបណ្តុះបណ្តាលលម្អិតទាំងផែ្នកបច្ចេកទេសព័ត៌មានវិទ្យាសម្រាប់អ្នកបច្ចេកទេសព័ត៌មានវិទ្យា និងផ្នែកមុខងាររបស់ប្រព័ន្ធ FMIS សម្រាប់អ្នកប្រើប្រាស់ ដោយរួមមាន ចំនួននៃវគ្គបណ្តុះបណ្តាល រយៈពេលចំនួនអ្នកចូលរួម វិធីសាស្រ្តបណ្តុះបណ្តាល និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលជាដើម។ ជាមួយគ្នាដែរ នៅខែវិច្ឆិកាខាងមុខនេះ ក្រុមហ៊ុនផ្គត់ផ្គង់នឹងផ្តល់វគ្គបណ្តុះបណ្តាលចំនួនពីរវគ្គដល់ក្រុមការងារ ទាក់ទងនឹងការប្រើប្រាស់កម្មវិធី PeopleSoft General Ledger Rel 9.2 និង បច្ចេកទេសតភ្ជាប់បណ្តាញប្រព័ន្ធ FMIS។

ជាថ្មីម្តងទៀត សូមក្រុមការងារគម្រោងទាំងអស់ចូលរួមឲ្យបានម៉ឺងម៉ាត់នៅក្នុងដំណាក់កាលនេះ ជាពិសេសត្រូវផ្តោតការយកចិត្តទុកដាក់លើការងាររបស់ខ្លួនតាមក្រុមនីមួយៗជាមួយនឹង Contractor ដើម្បីឱ្យការរៀបចំកសាងប្រព័ន្ធ FMIS និងការវិភាគលើផលប៉ះពាល់ បញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។ មន្ត្រីដែលពាក់ព័ន្ធសូមបន្តស្វែងយល់ពីប្រព័ន្ធ FMIS ឱ្យកាន់តែស៊ីជម្រៅ ដើម្បីត្រៀមខ្លួនទទួលយក និងប្រើប្រាស់ប្រព័ន្ធប្រកបដោយភាពរលូន។    

សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ http://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖ 023 430 063

លោកអ្នកអាចទាញយកប្រកាសព័ត៌មាន លេខ ០០៨ (ខែ តុលា ឆ្នាំ ២០១៤) បានពីទំព័រនេះ៖
http://fmis.mef.gov.kh/documents-and-publications/bulletins/