+855 23 43 00 63

18

Dec, 2014

ប្រកាស​ព័ត៌មាន លេខ ០០៩ (ខែ វិច្ឆិកា ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

 ក្រុមការងារគ្រប់គ្រងគម្រោង FMIS កំពុងបន្តការងារយ៉ាងសកម្ម ដើម្បីជំរុញឱ្យការងារគន្លឹះទាំងឡាយនៅក្នុងដំណាក់កាលស្ថាបនាប្រព័ន្ធបញ្ចប់ទៅទាន់ពេលវេលាដែលបានគ្រោងទុក ទោះបីជាមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយយ៉ាងណាក៏ដោយ។ ការសម្រេចចុងក្រោយរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានថវិកា ទាក់ទងនឹងនីតិវិធីអនុវត្តការងារអនាគតរបស់ប្រព័ន្ធ FMIS កំពុងស្ថិតក្នុងការត្រួតពិនិត្យ  ឡើងវិញ ដោយតម្រូវឱ្យមានការពិភាក្សា បញ្ជាក់ និងកែសម្រួលឡើងវិញលើចំណុចមួយចំនួនពីក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ។ នៅថ្ងៃទី ១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមការងារនីតិវិធីអនុវត្តការងារ បានបង្ហាញពីប្រព័ន្ធ FMIS ក្នុងគោលបំណងឲ្យក្រុមការងារបានឃើញអំពីដំណើរការរបស់ប្រព័ន្ធ ដោយផ្អែកលើការបង្ហាញជាក់ស្តែង ដែលគ្របដណ្តប់តែប្រតិបត្តិការស្នូល និងប្រតិបត្តិការចម្បងតែប៉ុណ្ណោះពាក់ព័ន្ធនឹងមុខងារទាំងប្រាំមួយរបស់ប្រព័ន្ធ រួមមាន៖សៀវភៅធំ (GL) វិភាជន៍ថវិកា (BA) ការទិញ (PO) គណនីត្រូវសង (AP)            ការគ្រប់គ្រងសាច់ប្រាក់ (CM) គណនីត្រូវទារ (AR)។ ការបង្ហាញពីប្រព័ន្ធ FMIS ដោយផ្តោតទៅលើប្រតិបត្តិការស្នូលលម្អិតបន្ថែម និងការបង្កើតរបាយការណ៍ នឹងបន្តបង្ហាញជូនក្រុមការងារ FMWG នៅដើមខែធ្នូ។ ជាមួយគ្នាដែរ ក្រុមការរងារនីតិវិធីអនុវត្តការងារក៏កំពុងបន្តការពិភាក្សាអំពីការធ្វើសន្ធានកម្មរវាងធនាគារពាណិជ្ជពាក់ព័ន្ធនឹងរបាយការណ៍ពីធនាគារ (Bank Statement)។

បេសកកម្មនៅតាមរតនាគារខេត្តដើម្បីទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ (Face-to-Face Communication) អំពីការអនុវត្តគម្រោង FMIS និងសិក្សាអំពីទីតាំងសុវត្ថិភាពសម្រាប់ដំឡើងឧបករណ៍ព័ត៌មានវិទ្យាដើម្បីតភ្ជាប់ប្រព័ន្ធ FMIS បានបញ្ចប់ជាស្ថាពរនៅក្នុងខែវិច្ឆិកា។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរកំពុងសរុបរបាយការណ៍ និងត្រៀមរៀបចំការងារដែលនឹងត្រូវអនុវត្តជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ជាមួយនឹងអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ និងរតនាគាររាជធានី-ខេត្ត ដោយផ្តោតលើការបង្ហាញពីប្រព័ន្ធ FMIS (FMIS Demonstration)។ ដោយឡែក ការពិនិត្យឡើងវិញលើផលប៉ះពាល់នៃការផ្លាស់ប្តូរទាំងអស់ដែលក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់បានវិភាគ ក្នុងគោលបំណងបន្ថែមនូវចំណុចខ្វះខាតទាំងឡាយ កំពុងត្រូវបានពិនិត្យដោយក្រុមការងារនិងទីប្រឹក្សាគ្រប់គ្រងការផ្លាស់ប្តូរ។ ចំណែកផែនការបណ្តុះបណ្តាលសម្រាប់អ្នកបច្ចេកទេសព័ត៌មានវិទ្យា និងអ្នកប្រើប្រាស់ប្រព័ន្ធកំពុងបន្តរៀបចំជាបណ្តើរៗ ដោយមានការពិភាក្សាជាច្រើនលើកច្រើនសារ ដើម្បីធ្វើយ៉ាងណាឱ្យការបណ្តុះបណ្តាលនាពេលខាងមុខនឹងទទួលបានជោគជ័យ និងប្រកបដោយភាពស័ក្តិសិទ្ធិ។

ការបំពាក់ប្រព័ន្ធបណ្តាញអគ្គិសនី និងបំពាក់នូវសម្ភារៈ និងឧបករណ៍ព័ត៌មានវិទ្យាផ្សេងៗរបស់មជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌល សង្គ្រោះទិន្នន័យ និងបន្ទប់បណ្តុះបណ្តាលបានបញ្ចប់រួចរាល់។ ក្រុមការងារកំពុងរៀបចំដំឡើង និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យ ដោយគ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ ដើម្បីប្រើប្រាស់សាកល្បងមុនពេលដាក់ឱ្យដំណើរការជាផ្លូវការ។ ចំណែកឯសម្ភារៈ ឧបករណ៍ ផ្គត់ផ្គង់ប្រព័ន្ធផ្សេងទៀត និង Software License ដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធកំពុងបន្តនាំចូល។

មកដល់ពេលនេះ ការងារគន្លឹះធំៗសម្រាប់កសាងប្រព័ន្ធបានកំពុងនឹងបញ្ចប់ជាបណ្តើរៗហើយ ទោះបីជាមានបញ្ហាប្រឈមយ៉ាងណា  ក៏ដោយ ដូចនេះសូមសមាជិកក្រុមការងារគ្រប់គ្រងគម្រោងទាំងអស់បន្តខិតខំចូលរួមបំពេញការងារឲ្យបានសកម្ម និងយកចិត្តទុកដាក់ខ្ពស់លើការងារស្នូលរៀងៗខ្លួន ជាពិសេសចូលរួមពិភាក្សា និងដោះស្រាយរាល់បញ្ហាប្រឈមចំពោះមុខជាមួយក្រុមការងារគ្រប់គ្រងគម្រោង និងក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ ដើម្បីឲ្យការងារដែលនៅសេសសល់ និងការងារថ្មីទាំងអស់បញ្ចប់បានដោយរលូន។ ចំណែក មន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់តាមដានព័ត៌មានអំពីការអនុវត្តគម្រោង និង ចូលរួមសិក្ខាសាលា និងព្រឹត្តិការណ៍ផ្សេងៗដែលរៀបចំឡើងដោយ       ក្រុមការងារគ្រប់គ្រងគម្រោងឱ្យបានខ្ជាប់ខ្ជូន ដើម្បីទទួលបាននូវចំណេះដឹង និងយល់ឲ្យកាន់តែច្បាស់អំពីប្រព័ន្ធ FMIS។

សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ http://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖០២៣ ៤៣០០៦៣

លោកអ្នកអាចទាញយកប្រកាសព័ត៌មាន លេខ ០០៩ (ខែ វិច្ឆិកា ឆ្នាំ ២០១៤) បានពីទំព័រនេះ៖
http://fmis.mef.gov.kh/documents-and-publications/bulletins/