+855 23 43 00 63

5

Jul, 2015

ប្រកាស​ព័ត៌មាន លេខ ១៦ (ខែ មិថុនា ឆ្នាំ ២០១៥)

ដោយ៖: | Tags: | មតិយោបល់: 0

មុនពេលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការដំណាក់កាលទី១ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ដែលផ្តោតសំខាន់លើ មុខងារចំនួនពីរ “សៀវភៅធំ (GL) និងវិភាជន៍ថវិកា (BA)” ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) បានរៀបចំកិច្ចប្រជុំស្តីពី “ដំណាក់កាល និងសកម្មភាពនៃការដាក់ឪ្យអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធទាំងអស់។ កិច្ចប្រជុំនេះមានគោលបំណងបង្ហាញឱ្យអ្នកពាក់ព័ន្ធទាំងអស់យល់កាន់តែច្បាស់អំពីសកម្មភាពចម្បងៗ និងភាពចាំបាច់នៃការចូលរួមរបស់អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធគន្លឹះក្នុងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការសម្រាប់ដំណាក់កាលទី ១ និងដំណាក់កាលបន្តបន្ទាប់រហូតដល់ខែមីនា ឆ្នាំ២០១៦ (សូមទាញយកព័ត៌មានលម្អិតបន្ថែមតាម រយៈគេហទំពរ http://fmis.mef.gov.kh/news/progress-information-on-fmis-implementation/)។ ពាក់ព័ន្ធនឹងការជ្រើសរើសមន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS អគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះបានកំណត់ឈ្មោះមន្រ្តីរួចរាល់ហើយ។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកដែលត្រូវប្រើប្រាស់ប្រព័ន្ធសម្រាប់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាផ្លូវការដំណាក់កាលទី ១ នៅក្នុងខែ កក្កដា ឆ្នាំ ២០១៥ ដែលមានអ្នកប្រើប្រាស់ប្រមាណជា ១៦ រូប។ ជាមួយគ្នានេះដែរ ក្រុមការងារកំពុងស្នើសុំឱ្យអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធចាត់បញ្ជូនមន្រ្តីបង្គោល ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលសម្រាប់អ្នកប្រើប្រាស់ជាន់ខ្ពស់ (Super User Training) សម្រាប់ត្រៀមខ្លួនក្នុងការជួយជ្រោមជ្រែងដល់មន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធនៅតាមអគ្គនាយកដ្ឋាន-នាយកដ្ឋានសាមីនៅពេលដែលប្រើប្រាស់ប្រព័ន្ធ FMIS នៅខែតុលា ឆ្នាំ ២០១៥ ខាងមុខនេះ។
បន្ទាប់ពីបានបញ្ចប់ User Acceptance Test លើកទី១ លើមុខងារសៀវភៅធំ (GL) និងវិភាជន៍ថវិកា (BA) រួចរាល់ ក្រុមការងារកំពុងរៀបចំការងារសេសសល់ទាក់ទងនឹងមុខងារទាំងពីរនេះ សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការដំណាក់កាលទី១។ ចំណែកឯមុខងារផ្សេងទៀតកំពុងបន្តសាកល្បងប្រើប្រាស់ក្នុងប្រព័ន្ធលើកទី២ (SIT 2) ដែលមានការចូលរួមពីគ្រប់អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធទាំងអស់មុននឹងបន្តអនុវត្ត User Acceptance Test 2 ដែលអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធទាំងអស់អាចធ្វើការសាកល្បងគ្រប់លក្ខខ័ណ្ឌទាំងអស់ ជាពិសេសទាក់ទងនឹងប្រតិបត្តិការការងារប្រចាំថ្ងៃតាមអគ្គនាយកដ្ឋាន-នាយកដ្ឋាននីមួយៗ។ សម្រាប់ Electronic Fund Transfer (EFT) ក្រុមការងារបច្ចេកទេសប្រព័ន្ធ FMIS និងប្រព័ន្ធធនាគារជាតិកំពុងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីភ្ជាប់ប្រព័ន្ធទាំងពីរ។ ចំណែកឯក្រុមការងារ Data Conversion កំពុងសហការជាមួយអគ្គនាយកដ្ឋានរតនាគារជាតិដើម្បីទាញយកទិន្នន័យពីប្រព័ន្ធ KIT សម្រាប់ដាក់ចូលក្នុងប្រព័ន្ធដើម្បីប្រើប្រាស់ជាផ្លូវការដំណាក់កាលទី១ នៅខែកក្កដា។ ដោយឡែកការធ្វើសន្ធានកម្មជាមួយប្រព័ន្ធផ្សេងៗទៀតដូចជាប្រព័ន្ធ ASYCUDA និង Payroll ក្រុមការងារកំពុងពិភាក្សាបន្ត ហើយគ្រោងនឹងសម្រេចនាពេលឆាប់ៗខាងមុខនេះ។
ក្រុមការងារគ្រប់ការផ្លាស់ប្តូរនៅតែអនុវត្តការងារគ្រប់គ្រងការផ្លាស់ប្តូរស្របតាមផែនការសម្រាប់ការទំនាក់ទំនងផ្ទាល់ជាមួយអ្នកពាក់ព័ន្ធ ឬតាមរយៈគេហទំព័រ កិច្ចប្រជុំ និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីពង្រីកការយល់ដឹងទាក់ទងនឹងការផ្លាស់ប្តូរដល់អ្នកប្រើប្រាស់ប្រព័ន្ធទាំងអស់។ ជាមួយគ្នាដែរក្រុមការងាររួមជាមួយនឹងទីប្រឹក្សាបានកែសម្រួលលើសកម្មភាពឱ្យមានភាពមុតស្រួចក្នុងការកៀរគរអ្នកពាក់ព័ន្ធឱ្យចូលរួមគាំទ្រការអនុវត្តគម្រោង FMIS កាន់តែខ្លាំងឡើង។ ក្រុមការងារក៏បានទទួលនូវការបណ្តុះបណ្តាលពីលោក Erwin Ariadharma ជំនាញការផ្នែកគ្រប់គ្រងការផ្លាស់ប្តូររបស់ធនាគារពិភពលោក ពាក់ព័ន្ធនឹងការគ្រប់គ្រងការផ្លាស់ប្តូរ រួមជាមួយនឹងបទពិសោធន៍នៃការអនុវត្តគម្រោង FMIS ពីប្រទេសឥណ្ឌូនេស៊ី។ ចំណែកក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍កំពុងរៀបចំដំឡើង Wall Point តាមអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធគន្លឹះសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ដោយបច្ចុប្បន្ននេះសម្រេចបានប្រមាណជា ៦០%។ ការរៀបចំដំឡើងប្រព័ន្ធកុំព្យូទ័រសម្រាប់ដំណាក់កាលទី១ នឹងត្រូវបញ្ចប់មួយ សប្តាហ៍មុខពេលដាក់ប្រព័ន្ធឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ ២០១៥ ខាងមុខនេះ។
សូមមន្រ្តីពាក់ព័ន្ធទាំងឡាយ ស្វែងរកព័ត៌មានអំពីការអនុវត្តគម្រោង FMIS តាមរយៈគ្រប់មធ្យោបាយ ដើម្បីទទួលបាននូវព័ត៌មានបច្ចុប្បន្នភាពអំពីគម្រោង FMIS សម្រាប់ត្រៀមខ្លួនក្នុងការចូលរួម និងគាំទ្រដល់ការប្រើប្រាស់ប្រព័ន្ធ FMIS នាពេលដ៏ខ្លីខាងមុខនេះ។

សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ http://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖០២៣ ៤៣០០៦៣

លោកអ្នកអាចទាញយកប្រកាសព័ត៌មាន លេខ ០១៦ (ខែ មិថុនា ឆ្នាំ ២០១៥) បានពីទំព័រនេះ៖

http://fmis.mef.gov.kh/documents-and-publications/bulletins/