+855 23 43 00 63

16

Dec, 2015

ប្រកាសព័ត៌មាន លេខ ២០ (ខែ វិច្ឆិកា ឆ្នាំ ២០១៥)

ដោយ៖: | Tags: | មតិយោបល់: 0

        ស្របតាមផែនការដែលបានគ្រោងទុក ការបន្តដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS គ្រប់មុខងារទាំងអស់បានចាប់ផ្តើមពីដើមខែ វិច្ឆិកា ឆ្នាំ ២០១៥ ។ អ្នកប្រើប្រាស់នៅអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធគន្លឹះកំពុងប្រើប្រាស់ប្រព័ន្ធប្រកបដោយភាពរលូន ដោយមានក្រុមការងាររួមបានចុះសហការផ្ទាល់ក្នុងការជួយជ្រោមជ្រែងនៅពេលអនុវត្តជាក់ស្តែង និង ជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងកំឡុងពេលអនុវត្តពីរសប្តាហ៍ដំបូង ។ មិនតែប៉ុណ្ណោះ ដើម្បីជាជំនួយបន្ថែមសម្រាប់និរន្តភាពនៃការប្រើប្រាស់ប្រព័ន្ធ FMIS ក្រុមការងាររួមក៏បានបង្កើតកម្មវិធីមួយឈ្មោះថា “Help Desk” ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ បញ្ជូនបញ្ហានានាទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធមកក្រុមការងារដើម្បីដោះស្រាយជូន ។ ជាមួយគ្នានេះដែរ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តការងារជាមួយនឹងប្រព័ន្ធ FMIS ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារ FMWG បានរៀបចំនូវឯកសារនីតិវិធីអនុវត្តស្តង់ដារ (Standard Operating Procedures) សម្រាប់នីតិវិធីដ៏សំខាន់មួយចាប់ពីការស្នើសុំធានា/សន្យាចំណាយរហូតដល់ការទូទាត់ចំណាយ ដោយមានការជួយជ្រោមជ្រែងពីជំនាញការរបស់ធនាគារពិភពលោក ហើយការងារនេះនឹងត្រូវបញ្ចប់នៅក្នុងខែធ្នូ ខាងមុខនេះ ។ ឯកសារនេះនឹងជួយឱ្យការអនុវត្តការងារទាំងក្នុង និង ក្រៅប្រព័ន្ធ FMISប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព និង ក៏ដូចជាឯកសារគំរូមួយដើម្បីឱ្យអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធគន្លឹះបន្តចងក្រងឯកសារនីតិវិធីអនុវត្តស្តង់ដារផ្សេងៗទៀតនៅក្នុងអង្គភាពរបស់ខ្លួន សម្រាប់ប្រើប្រាស់ជាជំនួយក្នុងការងារអនុវត្តការងារជាមួយប្រព័ន្ធ FMIS ។
ពាក់ព័ន្ធនឹងការធ្វើសន្ធានកម្មជាមួយប្រព័ន្ធខាងក្រៅ បច្ចុប្បន្នក្រុមការងារបានបញ្ចប់រួចរាល់លើការងារបច្ចេកទេស និង កំពុងធ្វើសន្ធានកម្មជាមួយប្រព័ន្ធ DMFAS និង ប្រព័ន្ធធនាគារជាតិ (Bank Statement និង Electronic Fund Transfer) ។ ចំណែកឯប្រព័ន្ធ ASYCUDA និង ប្រព័ន្ធ Payroll ក្រុមការងារបច្ចេកទេសកំពុងខិតខំដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលមានភាពស្មុគស្មាញក្នុងកម្រិតបច្ចេកទេសដើម្បីទាញយកទិន្នន័យចូលក្នុងប្រព័ន្ធ FMIS ។ ចំពោះការធ្វើ Data Conversion ពីប្រព័ន្ធ KIT សម្រាប់ថ្នាក់ជាតិត្រូវបានបញ្ចប់បន្ទាប់ពីចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធ FMIS ។ ដោយឡែកក្រុមការងារនៅមានបញ្ហាមួយចំនួន ដែលតម្រូវឱ្យមានការជជែកពិភាក្សារវាងអគ្គនាយកដ្ឋានទាំងអស់ទាក់ទងនឹងការងារបច្ចេកទេសគណនេយ្យ ដូចជាការចុះកាលបរិច្ឆេទគណនេយ្យ ជាដើម ។
ក្រៅពីការអនុវត្តយុទ្ធសាស្រ្តទំនាក់ទំនងផ្សព្វផ្សាយ តាមរយៈមធ្យោបាយផ្សេងៗ ក្រុមការងារគ្រប់ការផ្លាស់ប្តូរ បានបញ្ចប់ការជ្រើសរើសមន្រ្តីភ្នាក់ងារផ្លាស់ប្តូរនៅតាមរតនាគាររាជធានី-ខេត្តដែលនៅសេសសល់ និង កំពុងរៀបចំឱ្យមានការបណ្តុះបណ្តាលជូនដល់មន្រ្តីទាំងនោះ ដើម្បីត្រៀមខ្លួនជាភ្នាក់ងារដ៏ពេញលេញសម្រាប់ជួយជ្រោមជ្រែងការងារគ្រប់គ្រងការផ្លាស់ប្តូរនៅក្នុងអង្គភាពរបស់ខ្លួន មុនពេលចាប់ផ្តើមដាក់ប្រព័ន្ធឱ្យប្រើប្រាស់ដល់រតនាគាររាជធានី-ខេត្ត នៅក្នុងខែ មករា ឆ្នាំ ២០១៦ ខាងមុខនេះ ។ ក្រុមការងាររួមជាមួយជំនាញការធនាគារពិភពលោក ក៏កំពុងគិតគូរ និង រៀបចំសេចក្តីព្រាងឯកសារនីតិវិធីអនុវត្តស្តង់ដាររបស់រតនាគាររាជធានី-ខេត្ត ។
ក្រុមការងារបណ្តុះបណ្តាលកំពុងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកប្រើប្រាស់នៅតាមរតនាគាររាជធានី-ខេត្តទៅតាមមុខងារ និង តួនាទី ដូចការគ្រោងទុកនៅក្នុងផែនការមេ ដើម្បីត្រៀមប្រើប្រាស់ប្រព័ន្ធនៅដើមខែ មករា ឆ្នាំ ២០១៦ ។ បច្ចុប្បន្នក្រុមការងារហេដ្ឋារចនា-សម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍កំពុងរៀបចំផែនការ និង កៀរគរធនធាន ដើម្បីចុះដំឡើងហេដ្ឋារចនាសម្ព័ន្ធនៅតាមរតនាគាររាជធានី-ខេត្តទាំងអស់ ។
ស្ថិតក្នុងដំណាក់កាលអន្តរកាលនេះ សូមមន្រ្តីពាក់ព័ន្ធទាំងអស់នៃអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធទាំងអស់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បង្កើនការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS និង សហការជិតស្និទ្ធជាមួយនឹងក្រុមការងាររបស់គម្រោង ដើម្បីឱ្យការអនុវត្តគម្រោង FMIS របស់យើង ទទួលបានជោគជ័យ និង ទទួលបាននូវអត្ថប្រយោជន៍នានាដែលផ្តល់ដោយប្រព័ន្ធ FMIS ។

សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖

គេហទំព័រ៖ http://fmis.mef.gov.kh  អីុមែល៖ fmis.info@mef.gov.kh  ទូរស័ព្ទទំនាក់ទំនង៖ 023 430 063

លោកអ្នកអាចទាញយកប្រកាស់ព័ត៌មាននេះតាមរយៈ

http://fmis.mef.gov.kh/documents-and-publications/bulletins/