+855 23 43 00 63

10

Jun, 2016

ប្រកាសព័ត៌មាន លេខ ២៦ (ខែ ឧសភា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាកំពុងមមាញឹកក្នុងការចុះពង្រឹងសមត្ថភាពមន្រ្តីដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្តទាំង ២៥ ដោយជួយបណ្តុះបណ្តាលបន្ថែមលើចំណុចខ្វះខាត និងបន្តជួយដោះស្រាយបញ្ហាប្រឈមនានាដែលកំពុង ជួបប្រទះ។ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦  នៅសណ្ឋាគារសុខាភ្នំពេញ កន្លងទៅនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំសិក្ខាសាលាស្តីពី “កិច្ចពិភាក្សាស្វែងរកធាតុចូលសម្រាប់ត្រៀមពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS: Financial Management Information System) ជំហានទី ២ នៅតាមក្រសួង-ស្ថាប័ន” ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពរបស់ប្រព័ន្ធ FMIS ជំហានទី ១ និង សេចក្តីព្រាងផែនការអនុវត្តគម្រោង FMIS ជំហានទី ២ ជូនដល់គ្រប់ក្រសួង-ស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធ ពិសេសដើម្បីប្រមូលធាតុចូលសំខាន់ៗពីក្រសួង-ស្ថាប័ន និង កៀរគរការគាំទ្ររឹតតែខ្លាំងចំពោះការបន្តអនុវត្តគម្រោង FMIS ជំហានទី ២ នៅឆ្នាំ ២០១៧ ខាងមុខ (insert like to our website)។

ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសន្ធានកម្មរបាយការណ៍ជាមួយ ធានាគារកាណាឌីយ៉ា ចាប់ពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦ ។ ទន្ទឹមគ្នានេះដែរ ប្រព័ន្ធសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ (FMIS) ជាមួយនឹងប្រព័ន្ធ  (ASYCUDA) ក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ ។ ប្រព័ន្ធ Electronic Fund Transfer ជាមួយប្រព័ន្ធធនាគារជាតិ កំពុងធ្វើការសាក់ល្បងប្រើប្រាស់ក្នុងប្រព័ន្ធ FMIS (Pre-Production)  មុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ដោយឡែកក្រុមការងារក៏កំពុងអភិវឌ្ឍរបាយការណ៏នានាឱ្យត្រូវតាមស្តង់ដាររបស់អគ្គនាយកដ្ឋាន-នាយកដ្ឋានដែលនឹងត្រូវប្រើប្រាស់។

ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតែបន្តអនុវត្តការងារគ្រប់គ្រងការផ្លាស់ប្តូរដើម្បីផ្សព្វផ្សាយព័ត៌មានដល់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសទាក់ទងនឹងបច្ចុប្បន្នភាពរបស់គម្រោង FMIS តាមរយៈកិច្ចប្រជុំ គេហទំព័រគម្រោង និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីពង្រឹង និងពង្រីកអ្នកគាំទ្រឱ្យចូលរួមអនុវត្តការប្រើប្រាស់ប្រព័ន្ធ FMIS ។ ក្រុមការងារក៏បានសិក្សាអំពីបញ្ហាប្រឈមនានា ដែលក្រសួង-ស្ថាប័នកំពុងជួបប្រទះដែលនឹងក្លាយជាធាតុចូលយ៉ាងសំខាន់សម្រាប់ការដាក់ឱ្យអនុវត្តប្រព័ន្ធ FMISជំហានទី២ ព្រមទាំងកំពុងរៀបចំផែនការយុទ្ធសាស្រ្ត និង សកម្មភាពដែលត្រូវចាប់ផ្តើមបញ្ជ្រាបអំពីមុខងាររបស់ប្រព័ន្ធ FMIS និង អត្ថប្រយោជន៍សម្រាប់ក្រសួង-ស្ថាប័ន នៅពេលមានដែលប្រព័ន្ធ FMIS ត្រូវបន្តពង្រីកដាក់ឱ្យប្រើប្រាស់។

ក្រុមការងារផ្នែកបណ្តុះបណ្តាលនៅតែបន្តសម្របសម្រួលដោះស្រាយរាល់បញ្ហាដែលអ្នកប្រើប្រាស់ជួបប្រទះនឹងផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមទៅតាមតម្រូវការជាក់ស្តែងដើម្បីបង្កើនចំណេះដឹងដល់អ្នកប្រើប្រាស់ និង ក្រុមការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យា ។ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍នៅតែបន្តតាមដានសមត្ថភាពដំណើរការរបស់ប្រព័ន្ធដើម្បីធ្វើយ៉ាងណាការពារ ឱ្យប្រព័ន្ធដំណើរការបានដោយរលូន។

ស្ថិតក្នុងដំណាក់កាលនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នេះ ក្រុមការងារសំណូមពរ និង លើកទឹកចិត្តដល់ គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់បន្ត និង ខិតខំប្រើប្រាស់ប្រព័ន្ធ FMIS ប្រកបដោយបុរេសកម្ម និង យកចិត្តទុកដាក់ឱ្យបានខ្ជាប់ខ្ជួន ។ ក្រុមការងារបន្តផ្តល់ការសម្រសម្រួលគ្រប់ពេលវេលា ដើម្បីដោះស្រាយរាល់បញ្ហា ក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធ FMIS ឱ្យកាន់តែមានភាពងាយស្រួល និង មានប្រសិទ្ធខ្ពស់ ។

សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ http://fmis.mef.gov.kh  អ៊ីមែល៖ fmis.info@mef.gov.kh  ទូរស័ព្ទទំនាក់ទំនង៖ 023 430 063

លោកអ្នកអាចទាញយកប្រកាសព័ត៌មាននេះតាមរយៈ
fmis.mef.gov.kh/documents-and-publications/bulletins/