+855 23 43 00 63

8

Apr, 2016

ប្រកាសព័ត៌មាន លេខ ២៤ (ខែ មីនា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) របស់នាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ចប់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការសម្រាប់រតនាគាររាជធានី-ខេត្តទាំង២៥ ប្រកបដោយផ្លែផ្កា និង ជោគជ័យស្របតាមការរំពឹងទុក ។ តាមការអនុវត្តជាក់ស្តែងរបស់មន្ត្រីប្រើប្រាស់ប្រព័ន្ធ FMIS តាមអគ្គនាយកដ្ឋាន-នាយកដ្ឋាន និង រតនាគាររាជធានី-ខេត្តទាំងអស់បានបង្ហាញឱ្យឃើញថា កម្រិតសមត្ថភាព, ចំណេះដឹង និង ចំណេះធ្វើរបស់មន្ត្រីទាំងអស់នោះ មានសន្ទុះកើនឡើង ដែលបង្ហាញឱ្យឃើញថាប្រព័ន្ធ FMIS ពិតជាមានសារៈសំខាន់សម្រាប់បង្កើនប្រសិទ្ធភាពការងារបច្ចុប្បន្ន និង ពេលអនាគត ។  ក្រុមការងាររៀបចំនីតិវិធីអនុវត្តស្តង់ដារ ក៏កំពុងកែសម្រួលពាក្យពេចន៍ជាចុងក្រោយលើឯកសារនីតិវិធីអនុវត្តស្តង់ដារ (Standard Operating Procedure) ចាប់ពីការស្នើសុំធានាចំណាយរហូតដល់ការទូទាត់ចំណាយ (Procure To Pay Process) ដើម្បីធ្វើការបោះពុម្ភចែកជូនដល់អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធសម្រាប់ប្រើប្រាស់ជាជំនួយក្នុងការងារជាមួយប្រព័ន្ធ FMIS ។ លើសពីនេះទៀត ក្រុមការងារក៏កំពុងចងក្រងឯកសារនីតិវិធីអនុវត្តស្តង់ដារទាក់ទងនឹងមុខងារសំខាន់ផ្សេងៗទៀត ជាពិសេសទាក់ទងនឹងនីតិវិធីអនុវត្តការងាររបស់រតនាគាររាជធានី-ខេត្ត ដោយមានការចូលរួមពីទីប្រឹក្សាជំនាញផងដែរ ។

ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា កំពុងប្រើប្រាស់សាកល្បងប្រព័ន្ធ Electronic Fund Transfer ជាមួយប្រព័ន្ធធនាគារពាណិជ្ជ នឹងរង់ចាំថ្នាក់ដឹកនាំសម្រចនឹងអនុម័ត មុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ ដោយឡែក ការធ្វើសន្ធានកម្មជាមួយប្រព័ន្ធ  ASYCUDA និងប្រព័ន្ធ Payroll ក្រុមការងារក៏កំពុងបន្តបញ្ចប់ការងារបច្ចេកទេសដែលសេសសល់មួយចំនួន ។

ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតែបន្តអនុវត្តការងារគ្រប់គ្រងការផ្លាស់ប្តូរដើម្បីផ្សព្វផ្សាយព័ត៌មានដល់អ្នកពាក់ព័ន្ធទាំងអស់ជាពិសេសទាក់ទងនឹងបច្ចុប្បន្នភាពរបស់គម្រោង FMIS តាមរយៈកិច្ចប្រជុំ គេហទំព័រគម្រោង និងព្រឹត្តិការណ៍ផ្សេងៗ ក្នុងទិសដៅដើម្បីកៀរគរអ្នកគាំទ្រឱ្យចូលរួមអនុវត្តការប្រើប្រាស់ប្រព័ន្ធ FMIS ជាពិសេសក្រុមការងារបានប្រមូលបញ្ហាប្រឈមតាមរតនាគាររាជធានី-ខេត្តទាំងអស់ ដើម្បីរកដំណោះស្រាយ ដោយមានការចូលរួមពីអ្នកជំនាញការគ្រប់គ្រងការផ្លាស់ប្តូរក្នុងការសម្របសម្រួលនិងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យមានភាពបតិដ្ឋានចំពោះប្រព័ន្ធ FMIS និងដើម្បីបន្តអនុវត្តប្រព័ន្ធនេះប្រកបដោយតម្លាភាពខ្ពស់ ។

ក្រុមការងារផ្នែកបណ្តុះបណ្តាល និង ផែ្នកបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍ កំពុងបន្តជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាដែលកើតមានឡើងរាល់ថ្ងៃ ជូនអ្នកប្រើប្រាស់ទាំងអស់ ទាំងផ្នែកមុខងារប្រព័ន្ធ និង បច្ចេកទេសពាក់ព័ន្ធនឹងដំណើរការរបស់ប្រព័ន្ធ ដែលអាចធ្វើឱ្យ រាំងស្ទះដល់ការអនុវត្តប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាពពាក់ព័ន្ធ ។ ជាមួយគ្នាដែរ ក្រុមការងារកំពុងរៀបចំផែនការចុះគាំទ្រដល់អ្នកប្រើប្រាស់នៅតាមបណ្តារតនាគាររាជធានី-ខេត្តទាំងអស់នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីជួយពង្រឹង និង បណ្តុះបណ្តាលបន្ថែមដល់អ្នកប្រើប្រាស់ឱ្យកាន់តែមានទំនុកចិត្ត និង ភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធ។ ចំណែកក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍នូវតែបន្តតាមដានសមត្ថភាពដំណើរការរបស់ប្រព័ន្ធ និង សិក្សាអំពីបច្ចេកទេស និងឧបករណ៏ប្រព័ន្ធ Network ទាំងអស់មុនពេលទទួលយកការប្រគល់ទទួលរបស់ក្រុមហ៊ុនផ្គត់ផ្គង់ ។

ស្ថិតក្នុងដំណាក់កាលដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនៅគ្រប់ការដ្ឋានពាក់ព័ន្ធទាំងអស់ ក្រុមការងារសំណូមពរ និងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ទាំងអស់ឱ្យបន្ត និង ខិតខំប្រើប្រាស់ប្រព័ន្ធឱ្យបានម៉ឺងម៉ាត់ និង យកចិត្តទុកដាក់ខ្ពស់ ចៀសវាងការមិនចូលប្រើប្រាស់ប្រព័ន្ធ ។ ក្រុមការងាររីករាយ និង បន្តផ្តល់ការសម្របសម្រួល និង គាំទ្រគ្រប់ពេលវេលា ដើម្បីដោះស្រាយរាល់បញ្ហា ។

សម្រាប់ព័ត៌មានបន្ថែមផ្សេងៗ សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖

គេហទំព័រ៖ http://fmis.mef.gov.kh  អ៊ីមែល៖ fmis.info@mef.gov.kh  ទូរស័ព្ទទំនាក់ទំនង៖ 023 430 063

លោកអ្នកអាចទាញយកប្រកាសព័ត៌មាននេះតាមរយៈ

http://fmis.mef.gov.kh/documents-and-publications/bulletins/