+855 23 43 00 63

13

Feb, 2015

ប្រកាស​ព័ត៌មាន លេខ ១១ (ខែ មករា ឆ្នាំ ២០១៥)

ដោយ៖: | Tags: | មតិយោបល់: 0

សកម្មភាពជាគន្លឹះនៅតាមដំណាក់កាលនីមួយៗ ត្រូវបានអនុវត្តស្របពេលជាមួយគ្នា ដោយពុំបានរង់ចាំរហូតដល់ដំណាក់កាលមួយចប់ទើបបន្តទៅដំណាក់កាលបន្ទាប់ឡើយ។ ដូចនេះទោះបីជាមានបញ្ហាយឺតយ៉ាវក្នុងការចុះហត្ថលេខាទទួលយកឯកសារនីតិវិធី អនុវត្តការងារអនាគត (To Be Business Process) ក៏ដោយ ក៏ពុំនាំឱ្យពន្យាពេលដល់ដំណាក់កាលបន្ទាប់ឡើយ។ ការងាររៀបចំដំឡើងប្រព័ន្ធ FMIS នៅតែបន្តដំណើរការទៅមុខតាមផែនការដែលបានគ្រោងទុក។ បច្ចុប្បន្នដំណាក់កាលស្ថាបនាប្រព័ន្ធគឺសម្រេចបានប្រមាណជា៤៦%ហើយ។ ពាក់ព័ន្ធនឹងការធើ្វសន្ធានកម្មជាមួយប្រព័ន្ធសំខាន់ៗមួយចំនួនដូចជា ប្រព័ន្ធ ASYCUDA ប្រព័ន្ធ DMFAS ប្រព័ន្ធ Payroll ប្រព័ន្ធធនាគារជាតិ និងធនាគារពាណិជ្ជ ក្រុមការងារសម្រេចបានលទ្ធផលល្អប្រសើរជាច្រើន និងកំពុងបន្តពិភាក្សាលើចំណុចមួយចំនួនទៀតទាក់ទងនឹងវិធីសាស្រ្តនៃការប្រើប្រាស់ Electronic Fund Transfer (EFT) ជាមួយក្រុមការងាររបស់ធនាគារ។ ចំណែកការធ្វើ  ខេមរយាន្តកម្មពីភាសាអង់គ្លេសសម្រាប់ប្រព័ន្ធ FMIS ក្រុមការងារ FMWGកំពុងយកចិត្តទុកដាក់ពិនិត្យមើលឡើងវិញចន្លោះខ្វះខាតឲ្យស្របតាមអត្ថន័យបច្ចេកទេស និងងាយស្រួលយល់នៅពេលដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ។

ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) នៃនាយកដ្ឋានព័ត៌មានវិទ្យាបានគ្រោងនឹងរៀបចំធ្វើបទបង្ហាញអំពីប្រព័ន្ធ FMIS ជាក់ស្តែង រួមជាមួយនឹងគុណប្រយោជន៍នៃប្រព័ន្ធ FMIS ជូនដល់ថ្នាក់ដឹកនាំកំពូលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យយល់កាន់តែស៊ីជម្រៅអំពីប្រព័ន្ធ និងដំណើរការនៃមុខងារនីមួយៗរបស់ប្រព័ន្ធ ដើម្បីត្រៀមខ្លួនចូលរួមអនុវត្តប្រព័ន្ធ FMIS នៅខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូររួមជាមួយទីប្រឹក្សាគ្រប់គ្រងការផ្លាស់ប្តូរ និងក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធនៅតែបន្តការងារវិភាគពីផលប៉ះពាល់នៃការផ្លាស់ប្តូរ ធ្វើយ៉ាងណាសម្រេចបាននូវលទ្ធផលលម្អិតសម្រាប់ផលប៉ះពាល់។ ក្រុមការងារក៏កំពុងសិក្សាដើម្បីក្រេបយកចំណេះដឹងលើមុខងារទាំង ៦ (សៀវភៅធំ វិភាជន៍ថវិកា គណនីត្រូវសង គណនីត្រូវទារ ការទិញ និងការគ្រប់គ្រងសាច់ប្រាក់) របស់ប្រព័ន្ធ FMIS ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងដល់ការទំនាក់ទំនងផ្សព្វផ្សាយទៅតាមអង្គភាពពាក់ព័ន្ធទាំងអស់ ដោយនឹងផ្តោតលើការបង្ហាញពីប្រព័ន្ធ FMISជាក់ស្តែង រួមជាមួយនឹងអត្ថប្រយោជន៍លើការប្រើប្រាស់ប្រព័ន្ធ FMIS។

ការដំឡើងម៉ាស៊ីនកុំព្យូទ័រក្នុងមជ្ឍមណ្ឌលបណ្តុះបណ្តាលទាំង២ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យមន្ត្រីបង្គោលទាំងអស់មានសម្ភារៈ និងពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការសាកល្បងប្រើប្រាស់ប្រព័ន្ធ មុនពេលអនុវត្តកម្មវិធីបណ្តុះបណ្តាល។ បច្ចុប្បន្នក្រុមហ៊ុនផ្គត់ផ្គង់បានផ្តល់វគ្គបណ្តុះបណ្តាលត្រៀមមួយចំនួនទាក់ទងនឹងការប្រើប្រាស់កម្មវិធី PeopleSoft នៃប្រព័ន្ធ FMISដល់ក្រុមការងារ FMWG ដើម្បីឲ្យក្រុមការងារបានទទួលចំណេះដឹងមូលដ្ឋានទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ ដើម្បីសម្រួលដល់ការចូលរួមវគ្គ    បណ្តុះបណ្តាលស្តីអំពីការប្រើប្រាស់ប្រព័ន្ធ FMIS ជាក់ស្តែង។ ដោយឡែក ក្រុមការងារបណ្តុះបណ្តាលបានកំពុងរៀបចំផែនការបណ្តុះបណ្តាលលម្អិតទៅតាមជំហាននីមួយៗនៃផែនការដាក់ឱ្យអនុវត្តប្រព័ន្ធជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១៥ ដើម្បីធានាលើគុណភាពនៃការបណ្តុះបណ្តាលសម្រាប់មន្រ្តីបង្គោល និងមន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ (FMIS users)។ ចំណែកឯក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៏បានបំពាក់រួចរាល់នូវបណ្តាញ Network នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល ដើម្បីធ្វើការសាកល្បងប្រើប្រាស់ប្រព័ន្ធ (System Integration Test and Unit Test)។

សូមក្រុមការងារ FMWG ទាំងអស់ចូលរួមរាល់វគ្គបណ្តុះបណ្តាលដែលផ្តល់ដោយក្រុមហ៊ុនផ្គត់ផ្គង់ឱ្យបានសកម្ម ដើម្បីឲ្យយល់កាន់តែច្បាស់អំពីកម្មវិធី PeopleSoft ជាពិសេសមុខងារនីមួយៗរបស់ប្រព័ន្ធ ពីព្រោះក្រុមការងារនឹងក្លាយជាមន្រ្តីបង្គោលសម្រាប់ជាជំនួយក្នុងការបង្ហាត់បង្រៀនបន្ថែមដល់អ្នកប្រើប្រាស់នៅគ្រប់អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធទាំងអស់។ ចំណែកមន្រ្តីពាក់ព័ន្ធទាំងអស់ សូមបន្តការតាមដាននូវវឌ្ឍនភាពរបស់គម្រោងឱ្យបានជាប់លាប់ ដើម្បីត្រៀមខ្លួនចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលខាងមុខ។

សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ http://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖០២៣ ៤៣០០៦៣

លោកអ្នកអាចទាញយកប្រកាសព័ត៌មាន លេខ ០១១ (ខែ មករា ឆ្នាំ ២០១៥) បានពីទំព័រនេះ៖
http://fmis.mef.gov.kh/documents-and-publications/bulletins/