+855 23 43 00 63

9

Jun, 2017

ប្រកាសព័ត៌មាន លេខ ៣៨ (ខែ ឧសភា ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS តែងតែខិតខំប្រឹងប្រែងបន្តសកម្មភាពយ៉ាងសកម្ម ដើម្បីជំរុញឱ្យគម្រោង FMIS អាចសម្រេចបានជោគជ័យទៅតាមផែនការដែលបានគ្រោងទុក។ ជាលទ្ធផល នៅក្នុងខែឧសភានេះ ក្រុមការងារបានបញ្ចប់កិច្ចប្រជុំពិភាក្សាអំពីតម្រូវការបច្ចេកទេស និងលក្ខខណ្ឌពាក់ព័ន្ធលើឧបករណ៍បច្ចេកវិទ្យា ដើម្បីរៀបចំជាឯកសាដេញថ្លៃលើឧបករណ៍ និងសម្ភារបច្ចេកវិទ្យាមួយចំនួនដើម្បីគាំទ្រដល់ដំណើរការអនុវត្តគម្រោង FMIS ជំហានទី ២ ។ បន្ថែមលើនេះ ក្រុមការងារក៏បានប្រគល់កុំព្យូទ័របន្ថែមចំនួន ៥ គ្រឿង ជូនដល់អគ្គនាយកដ្ឋានរតនាគារជាតិសម្រាប់សម្រួលដល់ការងារបណ្តោះអាសន្នប្រចាំថ្ងៃផងដែរ។

ស្របពេលជាមួយគ្នានេះ ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍បានរៀបចំតភ្ជាប់បណ្តាញថ្មីជាមួយនឹងធនាគារវឌ្ឈនៈ ដើម្បីអាចឱ្យប្រព័ន្ធ  FMIS មានសមត្ថភាពធ្វើសន្ធានកម្មរបាយការណ៍ធនាគារដោយស្វ័យប្រវត្តិ ហើយក្រុមការងារនេះក៏បានរៀបចំកែលម្អ និង ពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែម បន្ទាប់ពីទទួលបាននូវការប្រឹក្សាយោបល់ពីក្រុមហ៊ុនត្រួតពិនិត្យសុវត្ថិភាពរួចមក។

ដោយឡែកក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានរៀបចំកិច្ចប្រជុំ និងចុះប្រមូលទិន្នន័យពាក់ព័ន្ធមួយចំនួនជាមួយក្រសួង-ស្ថាប័ន ដើម្បីធ្វើការសិក្សាវាយតម្លៃពីផលប៉ះពាល់ដែលអាចនឹងកើតមានឡើងនៅពេលអនុវត្តប្រព័ន្ធ FMIS។ ក្រៅពីនេះ ដើម្បីស្វែងរកធាតុចូលក្នុងការកែលម្អលើនីតិវិធីអនុវត្តស្តង់ដារសព្វថ្ងៃ ក្រុមការងារក៏បានធ្វើការប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានអនុវត្តគម្រោង FMIS នាជំហានទី ១ ។ ម្យ៉ាងវិញទៀត ក្រុមការងារក៏បានបន្តសកម្មភាពផ្សព្វផ្សាយពីបច្ចុប្បន្នភាពរបស់គម្រោង FMIS លើគេហទំព័រ បណ្តាញទំនាក់ទំនងសង្គម ដោយផលិតវីដេអូខ្លី អត្ថបទព័ត៌មាន និង ផ្ទាំងរូបភាពព័ត៌មានមួយចំនួន ហើយក៏បានបញ្ចប់សេចក្តីព្រាងផែនការសិក្ខាសាលាជាមួយរតនាគាររាជធានី-ខេត្ត និង មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលគ្រោងនឹងប្រារព្ធឡើងនៅចុងខែ មិថុនាខាងមុខនេះ។

ចំណែកឯក្រុមការងារនីតិវិធីអនុវត្តការងារគឺបានបញ្ចប់ការសិក្សា និង គូសលំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នសម្រាប់ក្រសួង-ស្ថាប័ន ចំនួន ១០  និង កំពុងរៀបចំគូសនូវលំហូរនីតិវិធីអនុវត្តការងារនៅថ្ងៃអនាគតផងដែរ  ។ ក្រោយពីបានធ្វើការសាកល្បងជោគជ័យក្នុងការដាក់ឱ្យអនុវត្តនីតិវិធីទូទាត់រហ័ស (Express Payment) រួចមក ក្រុមការងារគ្រោងនឹងជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានរតនាគារជាតិដើម្បីសម្រេចអនុវត្តនីតិវិធីនេះជាផ្លូវការ ។ ជាមួយគ្នានេះ ក្រុមការងារក៏កំពុងធ្វើការសិក្សាកំណត់នូវរចនាសម្ព័ន្ធ និង ពង្រឹងសុត្ថិភាពរបស់ប្រព័ន្ធតាមរយ:ការបែងចែកប្រតិបត្តិការទៅតាមអង្គភាពថវិកាដែលហៅថា “Multi Business Unit-MBU” ។ ការបង្កើត MBU អាចឱ្យអ្នកប្រើប្រាស់តាមបណ្តាអង្គភាពថវិកានៃក្រសួង -ស្ថាប័ននីមួយៗ គ្រប់គ្រង និង មើលឃើញតែប្រតិបត្តិការ ឬរបាយការណ៍របស់ខ្លួនតែប៉ុណ្ណោះ ៕

ការគាំទ្រយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន និង ការសហការយ៉ាងរស់រវើករបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់គឺជាកត្តាយ៉ាងសំខាន់ដែលអាចឱ្យការអនុវត្តគម្រោង FMIS តាមក្រសួង-ស្ថាប័នទាំង ១០ អាចទទួលបានជោគជ័យក្នុងការប្រើប្រាស់ប្រព័ន្ធសាកល្បងនៅចុងឆ្នាំ ២០១៧ ខាងមុខនេះ។

សូមទាញយក ប្រកាសព័ត៌មាន លេខ ៣៨ (ខែ ឧសភា ឆ្នាំ ២០១៧): http://fmis.mef.gov.kh/contents/uploads/2017/06/Bulletin_38.pdf