+855 23 43 00 63

28

Sep, 2017

ប្រកាសព័ត៌មាន លេខ ៤១ (ខែ សីហា ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែសីហានេះ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានទទួលបដិសណ្ឋាកិច្ចទស្សនកិច្ចសិក្សារបស់គណៈប្រតិភូជាន់ខ្ពស់មកពីសាធារណៈរដ្ឋប្រជាមានិតឡាវ ដែលបានអញ្ជើញមកដកស្រង់បទពិសោធន៍ពីភាពជោគជ័យនៃការអនុវត្តគម្រោង FMIS នៅជំហានទី១ និង គម្រោងនៃការអនុវត្តជំហានទី ២ ។ ក្រៅពីនេះក្រុមការងារបានធ្វើការរៀបចំប្រជុំបើកឯកសារដេញថ្លៃពីក្រុមហ៊ុនឯកជនមួយចំនួនលើឧបករណ៍បច្ចេកវិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់  (End Users Equipment) និងសម្រាប់បណ្តាញបច្ចេកវិទ្យាព័ត៌មាន (WAN/LAN Equipment) ក្នុងការអនុវត្តគម្រោង FMIS ជំហានទី ២ នេះផងដែរ។

អាជ្ញាប័ណ្ណអ្នកប្រើប្រាស់ប្រព័ន្ធត្រូវបានផ្តល់ជាបន្តបន្ទាប់ដល់មន្ត្រីពាក់ព័ន្ធ ។ នៅក្នុងខែនេះ  អាជ្ញាប័ណ្ណចំនួន ៥៥ ត្រូវបានផ្តល់ជូន អគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្ត ទាំង២៥ និង អាជ្ញាប័ណ្ណចំនួន ០១ ត្រូវបានផ្តល់ជូននាយកដ្ឋានវិនិយោគ ដើម្បីសម្រួលការងារកកស្ទះនៃការកើនឡើងនៃប្រតិបត្តិហិរញ្ញវត្ថុ ។

ម្យ៉ាងវិញទៀត ដើម្បីឱ្យសាធារណៈជន មន្រ្តី និង ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់យល់ច្បាស់អំពីដំណើររឿងជោគជ័យនៃការអនុវត្តប្រព័ន្ធ FMIS កាលពីជំហានទី ១ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានបញ្ចប់ការរៀបចំឯកសារ The True Success story of FMIS Phase I Implementation in Cambodia ដែលគ្រោងនឹងផ្សព្វផ្សាយដល់សាធារណៈជនក្នុងពេលឆាប់ៗខាងមុខនេះ ។ ក្រុមការងារនៅតែបន្តការធ្វើបច្ចុប្បន្នភាពជាប្រចាំទៅលើគេហទំព័រ បណ្តាញសង្គម បណ្ណផ្សព្វផ្សាយនានា និង ផលិតជាវីដេអូ គំនូរជីវចល ថ្មីៗជាបន្តបន្ទាប់ដើម្បីឱ្យព័ត៌មានសំខាន់ៗនៃការអនុវត្តគម្រោងអាចផ្សព្វផ្សាយទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ។

ការពង្រីកនូវលទ្ធភាពរបស់ប្រព័ន្ធ FMIS ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឱ្យមានភាពរលូន និង ធានានូវសុវត្ថិភាពទិន្នន័យ គឺជាការងារយ៉ាងសំខាន់ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ដែលនៅក្នុងនោះមណ្ឌលទិន្នន័យកណ្តាល គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់កិច្ចដំណើរការប្រព័ន្ធ FMIS ទាំងមូល ត្រូវបានក្រុមការងារបន្តការត្រួតពិនិត្យ និង តាមដានជាប្រចាំ ។ ចំណែកឯលំហូរការងារ និងបរិយាយនៃនីតិវិធីអនុវត្តការងារបច្ចុប្បន្នសម្រាប់ក្រសួងទាំង ១០ ត្រូវបានពិភាក្សារួចរាល់ និង បន្តអភិវឌ្ឍប្រព័ន្ធ FMIS សម្រាប់ការអនុវត្តក្នុងជំហានទី២ ដែលដំណើរការជាលក្ខណៈពហុអង្គភាពការងារ (Multiple Business Units) ។ ទិន្នន័យឆ្នាំ ២០១៥ ក៏ត្រូវបានសម្អាតជាស្ថាពរដោយមានការសហការយ៉ាងជិតស្និទ្ធរវាងក្រុមការងារ និង អគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងការបិទបញ្ជីក្នុងប្រព័ន្ធ FMIS ក្នុងឆ្នាំ២០១៥ និងឈានឆ្ពោះទៅរកដល់ការបិទបញ្ជីឆ្នាំ ២០១៦ផងដែរ។

ការកសាងសមត្ថភាពមន្ត្រីអំពីបច្ចេកវិទ្យាព័ត៌មានវិទ្យាក៏ជាធាតុមួយដ៏សំខាន់ផងដែរក្នុងការអនុវត្តគម្រោងនេះ ។ ក្នុងខែនេះ ក្រុមការងារបានបញ្ចប់វគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះផ្នែកព័ត៌មានវិទ្យាដល់មន្រ្តីមកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីមកពីរតនាគាររាជធានី-ខេត្ត សរុបប្រមាណ ១៦៣ រូប។ ក្នុងនោះដែរ មន្រ្តីជំនាញនៃនាយកដ្ឋានព័ត៌មានវិទ្យាក៏ទទួលបាននូវវគ្គបណ្តុះបណ្តាលទាំងជំនាញភាពជាអ្នកដឹកនាំ និង បច្ចេកវិទ្យាព័ត៌មានវិទ្យាថ្មីៗនៅក្រៅប្រទេសផងដែរ ។

ក្រុមការងារកំពុងបន្តសិក្សាពីលំហូរការងារផ្សារភ្ជាប់នឹងអត្តសញ្ញាណអ្នកប្រើប្រាស់ដែលបានផ្តល់មកដោយក្រសួង-ស្ថាប័ន ដើម្បីត្រៀមរៀបចំវគ្គបណ្តុះបណ្តាល ដែលនឹងចាប់ផ្តើមនៅក្នុងខែ វិច្ឆិការខាងមុខនេះ ដូច្នេះ សូមមន្ត្រីដែលពាក់ព័ន្ធចូលរូមសហការ ក៏ដូចជាត្រៀមខ្លួនចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលខាងមុខឱ្យបានទៀងទាត់ និង យកចិត្តទុកដាក់ ៕

សូមទាញយក ប្រកាសព័ត៌មាន លេខ ៤១ (ខែ កញ្ញា ឆ្នាំ ២០១៧)៖ http://fmis.mef.gov.kh/contents/uploads/2017/09/Bulletin-41.pdf