+855 23 43 00 63

សំណួរសួរជារឿយៗ

តើអ្វីទៅជាគម្រោង FMIS ? ហេតុអ្វីបានជាអនុវត្តគម្រោងនេះ ?

គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) គឺជាធាតុដ៏សំខាន់មួយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ។ គម្រោង FMIS ត្រូវបានរៀបចំឡើងដោយធាតុនៃប្រព័ន្ធជាច្រើនដើម្បីជំរុញឱ្យការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈមានដំណើរការរលូន ។

គម្រោង FMIS ផ្តល់ឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនូវបណ្តុំនៃមុខងារសំខាន់ៗរបស់រតនាគារ និងថវិកា ក្នុងគោលបំណងគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP)។

គម្រោង FMIS មានទិសដៅដើម្បីផ្គត់ផ្គង់ និងអនុវត្តយ៉ាងពេញទំហឹងនូវប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបណ្តាស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់ដណ្តប់លើក្រសួងស្ថាប័នរាជរដ្ឋាភិបាល ថ្នាក់កណ្តាល និងតាមរតនាគាររាជធានី-ខេត្ត។ ហើយគម្រោងនេះក៏មានទិសដៅផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងពេញលេញ ទៅដល់រដ្ឋាភិបាលថ្នាក់កណ្តាល ក្រសួង និងមន្ទីរ ។

ប្រព័ន្ធរតនាគារស្នូលដែល ផ្អែកលើផលិតផលដែលមានស្រាប់ (Commercial Off-the-Shelf) នឹងគាំទ្ររាល់តម្រូវការសម្រាប់ការអនុវត្តថវិកាតាមប្រព័ន្ធកុំព្យូទ័រនៅក្នុងអគ្គនាយកដ្ឋានរតនាគារជាតិ រតនាគារខេត្ត និង បណ្តានាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលទាក់ទិននឹងការអនុវត្តថវិកា។ ប្រព័ន្ធនេះនឹងជួយដល់នីតិវិធីបែងចែកឥណទានថវិកា ការបង់ប្រាក់ វិក័យប័ត្រ ការគ្រប់គ្រងសាច់ប្រាក់ ការត្រួតពិនិត្យថវិកា និងផ្ទៃក្នុង គណនេយ្យ និងរបាយការណ៍ (ស្របតាមដំណាក់កាលទី១ នៃការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដ៏ទូលំទូលាយនេះ) ហើយប្រព័ន្ធនេះក៏អាចគាំទ្រដល់ការងារនាពេលអនាគត ដូចជាពង្រីកមុខងារការងារលទ្ធកម្ម ការរៀបចំថវិកា ព្រមទាំងគ្រប់គ្រងសន្និធិ និងទ្រព្យសម្រាប់រាជរដ្ឋាភិបាលកម្ពុជាទាំងមូលផងដែរ (ដែលអាចនឹងអនុវត្តនៅពេលអនាគតដ៏ខ្លី)។

តើគម្រោង FMIS ប្រើរយៈពេលប៉ុន្មានខែ ?

គម្រោង FMIS បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ និងមានរយៈពេលសរុប២៦ខែ សម្រាប់អនុវត្តគម្រោង។  តាមផែនការ  គម្រោង FMIS នឹងដាក់ឱ្យប្រើប្រាស់ទាំង ២៥ រាជធានី-ខេត្ត  នៅខែមីនា ឆ្នាំ២០១៦ ។

តើគម្រោង FMIS មានកាលវិភាគដូចម្តេច (Timeline) និងធ្វើឡើងនៅពេលណា?

គម្រោងនេះ ត្រូវបានរៀបចំជា ៥ ដំណាក់កាលនៃការអនុវត្តដែលរួមមាន ដំណាក់កាលចាប់ផ្តើម ស្វែងយល់ស៊ីជម្រៅ រៀបចំស្ថាបនា អន្តរកាល  និងប្រើប្រាស់ប្រព័ន្ធជាផ្លូវការ ដោយមានសកម្មភាពជាក់ស្តែងបែងចែកនៅក្នុងខ្សែបន្ទាត់ការងារនីមួយៗ (Work streams)  បង្ហាញពីតម្រូវការ ផ្នែកមុខងារ រចនាសម្ព័ន្ធការងារ និងបច្ចេកទេសនៃគម្រោង។

ប្រព័ន្ធ FMIS នឹងអនុវត្តឡើងជា២ ដំណាក់កាល៖

  • ដំណាក់កាលទី១ មានរួមបញ្ចូលការមុខងារថវិកា និងគណនេយ្យ បានចាប់ផ្តើមអនុវត្តពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។ នាពេលបច្ចុប្បន្ន ប្រព័ន្ធកំពុងត្រូវបានប្រើប្រាស់នៅថ្នាក់អគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធគន្លឹះ និងនៅរតនាគារខេត្ត នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
  • ដំណាក់កាលទី២ នឹងបន្តដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជាបន្តបន្ទាប់នៅតាមក្រសួង-ស្ថាប័ន ទីភ្នាក់ងាររដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់ ចាប់ពីដើមឆ្នាំ២០១៧ តទៅ។

តើត្រង់ចំណុចណា ជាដំណាក់កាលចាប់ផ្តើមនៃគម្រោង FMIS (Inception Phase)?

ការចាប់ផ្តើមគម្រោង FMIS (FMIS Inception) គឺជាដំណាក់កាលដំបូងដូចមានកំណត់ក្នុងកាលវិភាគនៃការអនុវត្តគម្រោង ដែលបានចាប់ដំណើរការពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០១៤។ ដំណាក់កាលចាប់ផ្ដើមនៃគម្រោងត្រូវបានបញ្ចប់ដោយជោគជ័យ ដែលរួមមានការបញ្ចប់នូវដំណើរការដេញថ្លៃប្រព័ន្ធ និងការរៀបចំផែនការសម្រាប់គម្រោង FMIS ។

តើអង្គភាពណាដែលនឹងត្រូវដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ?

ប្រព័ន្ធFMIS នឹងត្រូវប្រើប្រាស់នៅថ្នាក់ កណ្តាល និងថ្នាក់រាជធានី-ខេត្ត នៃអង្គភាពអនុវត្តការងារខាងក្រោម៖

  • នាយកដ្ឋានព័ត៌មានវិទ្យា
  • អគ្គនាយកដ្ឋានរតនាគារជាតិ
  • អគ្គនាយកដ្ឋានថវិកា (រួមមាននាយកដ្ឋានថវិកានីយកម្ម នាយកដ្ឋានហិរញ្ញកិច្ច នាយកដ្ឋានវិនិយោគ និងនាយកដ្ឋានសហប្រតិបត្តិការ និងគ្រប់គ្រងបំណុល)
  • អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
  • អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
  • អគ្គាធិការដ្ឋាន
  • មន្ទីររតនាគាររាជធានី-ខេត្ត ទាំង២៥

តើនៅពេលដែលប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យអនុវត្ត អ្នកណានឹងពាក់ព័ន្ធនឹងការប្រើប្រាស់ប្រព័ន្ធនេះ?

ប្រព័ន្ធ FMIS នឹងត្រូវប្រើប្រាស់ដោយអ្នកប្រើប្រាស់ទាំងឡាយនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិនៃរាជរដ្ឋាភិបាលកម្ពុជា។

តើការប្រើប្រាស់ប្រព័ន្ធ FMIS អាចជួយកាត់បន្ថយការសរសេរដោយដៃបានប៉ុន្មាន?

សម្រាប់ការប្រើប្រាស់ប្រព័ន្ធ FMISនៅជំហានទី ២ នេះមិនទាន់អាចកាត់បន្ថយការប្រើប្រាស់ក្រដាសបាន១០០% ទេ ដោយផ្អែកថាមានឯកសារគតិយុត្តចាំបាច់មួយចំនួនដែលមិនទាន់មានការកែប្រែទៅលើច្បាប់ទម្លាប់ដែលអាចកាត់បន្ថយបានភ្លាមៗ ម្យ៉ាងវិញទៀត ប្រព័ន្ធ FMIS នៅមិនទាន់បានអនុវត្តគ្រប់ក្រសួង-ស្ថាប័ននៅឡើយ។ ប៉ុន្តែ ក្រុមការងារសង្ឈឹមថា  ប្រព័ន្ធ FMIS នឹងអាចធ្វើការកាត់បន្ថយការប្រើប្រាស់ក្រដាសមួយចំនួននៅពេលដែលគម្រោង FMIS ពង្រីកវិសាលភាពជោគជ័យដល់គ្រប់ក្រសួង-ស្ថាប័ន និង មន្ទីសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំងអស់ ដែលនេះក៏ជាគោលបំណងរបស់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ ។

ប្រសិនបើមានការដាច់ចរន្តអគ្គសនីនៅពេលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS តើឯកសាររបស់លោកអ្នកមានការបាត់បង់ដែរឬទេ?

ប្រសិនបើមានការដាច់ចរន្តអគ្គសនីនៅពេលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ឯកសាររបស់លោកអ្នកគឺមិនមានការបាត់បង់ទេ ពីព្រោះក្រុមការងារបានបំពាក់ប្រព័ន្ធការពារដូចជា UPS សម្រាប់ទប់ចរន្តអគ្គសនីនៅពេលដាច់ភ្លើងយ៉ាងហោចណាស់បាន ២០នាទី ដើម្បីអាចឱ្យលោកអ្នកអាចធ្វើការរក្សារទុកឯកសារតាមលំដាប់លំដោយបាន។ ម្យ៉ាងវិញទៀត ក្រុមការងារក៏បានបំពាក់នូវម៉ាស៊ីនភ្លើងការពារ នៅពេលដែលចរន្តអគ្គីសនីដើមដាច់ វានឹងរត់ចូលប្រព័ន្ធអគ្គសនីម៉ាស៊ីនភ្លើងដោយស្វ័យប្រវត្តិ។

តើមន្ត្រីប្រើប្រាស់ប្រព័ន្ធ FMIS ត្រូវមានចំណេះដឹងខាងផ្នែកកុំព្យូទ័រកម្រិតណា?

ប្រសិនបើមន្ត្រីប្រើប្រាស់ប្រព័ន្ធ FMIS យល់ដឹងអំពីមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រគឺគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រព័ន្ធបានយ៉ាងងាយស្រួល ពុំនោះសោធ ក្រុមការងារក៏មានវគ្គបណ្តុះបណ្តាលបន្ថែមទៅកាន់មន្ត្រីប្រើប្រាស់ប្រព័ន្ធ FMIS អំពីមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ មុននឹងបណ្តុះបណ្តាលលើមុខងារប្រព័ន្ធ។ លោកអ្នកអាចទស្សនានូវសកម្មភាពនៃវគ្គបណ្តុះបណ្តាលនេះតាមរយៈវីដេអូខាងក្រោម៖
សូមចុច : Training officer from department of economy and finance

តើការប្រើប្រាស់ប្រព័ន្ធ FMIS បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?

ការប្រើប្រាស់ប្រព័ន្ធ FMIS បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖

  • ពង្រឹងគណនេយ្យភាពស្ថាប័ន និងភាពជាម្ចាស់ក្នុងការគ្រប់គ្រង និងអនុវត្តថវិកា
  • មានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តថវិកាកម្មវិធី
  • មានភាពងាយស្រួលក្នុងការតាមដានឥណទាន និងធ្វើនិយ័តថវិកា
  • តានដានការអនុវត្តថវិកាតាមរយៈលំហូរការងារក្នុងប្រព័ន្ធ
  • ធ្វើប្រតិបត្តិការហរិញ្ញវត្ថុទៅតាមនីតិវិធីអនុវត្តការងារ
  • មានភាពងាយស្រួលក្នុងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងផលិតរបាយការណ៍ហរិញ្ញវត្ថុ
  • មានភាពងាយស្រួលក្នុងការស្វែងរកទិន្នន័យ និងព័ត៌មានពាក់ព័ន្ធ
  • បង្កើនចំណេះដឹង និង មានការអភិវឌ្ឍសមត្ថភាពបន្ថែម
  • បង្កើនប្រសិទ្ធភាព និងស័ក្តសិទ្ធភាពការងារ
  • មានមូលដ្ឋានក្នុងការវិភាគ និងមានភាពជឿជាក់ក្នុងការសម្រេចចិត្ត

ដើម្បីទទួលបានព័ត៌មានជាក់ស្តែង និង កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមស្តីអំពីការសារប្រយោជន៍ មុន និងក្រោយការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
សូមចុច : Benefit of using FMIS from GDNT

តើអ្នកណាខ្លះនឹងទទួលផលប្រយោជន៍ពីការអនុវត្តគម្រោង FMIS?

ប្រជាជនកម្ពុជាគ្រប់រូបនឹងទទួលបានផលប្រយោជន៍ពីការដាក់ឱ្យអនុវត្តគម្រោង FMIS។ ជាក់ស្តែងសម្រាប់រាជរដ្ឋាភិបាល ការគ្រប់គ្រងព័ត៌មាន និងអនុវត្តថវិកាតាមប្រព័ន្ធ FMISនឹងធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើង ក្នុងការរៀបចំ និងសម្រេចចិត្តនានា ។ តួយ៉ាងដូចជាការបែងចែកថវិកាជាតិមានភាពទាន់ពេលវលា និង ចំគោលដៅ ជំរុញការពង្រឹងការផ្តល់ត្រលប់នូវសេវាសាធារណៈ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗសម្រាប់ប្រជាជនកម្ពុជា និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ជាតិយើង ។ ជាងនេះទៅទៀត ការគ្រប់គ្រងហិរញ្ញវត្ថុតាមប្រព័ន្ធព័ត៌មានវិទ្យានឹងផ្តល់ភាពងាយស្រួលកាន់តែច្រើនចំពោះថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន និង មន្រ្តីដើម្បីធានាឱ្យបាននូវតម្លាភាព គណនេយ្យ និងប្រសិទ្ធភាពហិរញ្ញវត្ថុ ដែលជាមូលដ្ឋានមួយក្នុងការស្រូបទាញវិនិយោគមកកាន់ប្រទេសកម្ពុជា ដែលនឹងធានាកាន់តែប្រសើរឡើងនូវស្ថេរភាព ក៏ដូចជាកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជានាពេលអនាគត ។ ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមស្តីអំពីការលទ្ធផលមុន និង ក្រោយការប្រើប្រាស់ប្រព័ន្ធ FMIS របស់រតនា។
សូមចុច : Before and After Using FMIS

ដើម្បីឱ្យការអនុវត្តគម្រោង FMIS អនុវត្តទៅបានប្រកបដោយជោគជ័យ តើមន្ត្រីអនុវត្តការងារក្នុងប្រព័ន្ធនឹងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមដោយរបៀបណា?

ការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធគ្រប់កម្រិតគឺជាកត្តាយ៉ាងសំខាន់មិនអាចខ្វះបានដើម្បីឱ្យការអនុវត្តគម្រោងធ្វើឡើងប្រកបដោយជោគជ័យ។ ថ្នាក់ដឹកនាំនឹងដើរតួជាអ្នកគាំទ្រយ៉ាងសកម្មពីក្រោយការអនុវត្តគម្រោង ខណៈពេលដែលមន្រ្តីគ្រប់ជាន់ថ្នាក់ចូលរួមសហការយ៉ាងរស់រវើកជាមួយក្រុមការងារគ្រប់គ្រងគម្រោង ដើម្បីសម្រួល និងជំរុញការអនុវត្តគម្រោងនៅស្ថាប័នរបស់ខ្លួនឱ្យមានភាពរលូន អ្នកប្រើប្រាស់ប្រព័ន្ធទៀតសោតនឹងកាន់តែមានភាពស្រួលក្នុងការចាប់យកប្រព័ន្ធ FMISទៅអនុវត្ត។ លទ្ធផលនៃការចូលរួមសហការនេះគឺអាចធ្វើឱ្យក្រសួង-ស្ថាប័នមានការអភិវឌ្ឍឆាប់រហ័ស និងទទួលបានភាពជោគជ័យ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ខ្លួនដោយភាពប្រសើរ។ លោកអ្នកអាចទទួលបានព័ត៌មានលម្អិតតាមរយៈសុន្ទរកថារបស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន តាមរយៈវីដេអូខាងក្រោម ។
សូមចុច : H.E Speech on FMIS implementation 2017

តើស្ថាប័នណាខ្លះដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ហើយស្ថាប័នណាដែលនឹងចាប់ផ្តើមប្រើប្រាស់នេះនៅក្នុងឆ្នាំ ២០១៧ ?

ស្ថាប័នដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS រួមមាន អគ្គនាយកដ្ឋានរតនាគារជាតិ ,អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល ,អគ្គនាយកដ្ឋានថវិកា ,អគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ,អគ្គាធិការដ្ឋាន,អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង,អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។ ហើយស្ថាប័នដែលនឹងចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធនេះនៅក្នុងឆ្នាំ ២០១៧ រួមមានក្រសួងចំនួន ១០ ដូចខាងក្រោម៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា ,ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,ក្រសួងកិច្ចការនារី ,ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងមុខងារសាធារណៈ  ,ក្រសួងបរិស្ថាន , ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

តើការអនុវត្តការងារតាមប្រព័ន្ធ FMISនឹងនាំមកនូវការផ្លាស់ប្តូរ អ្វីខ្លះ?

ការអនុវត្តការងារតាមប្រព័ន្ធ FMIS នឹងនាំមកនូវការផ្លាស់ប្តូរដូចជាៈ ការតាមដានអនុវត្តថវិកាបានកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព រហ័សនឹងច្បាស់លាស់ជាងមុន ទាំងថវិកាថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ។
ជាក់ស្តែងអ្នកប្រើប្រាស់អាចជ្រើសរើសចំណាត់ថ្នាក់កម្មវិធីដែលមានស្រាប់នៅក្នុងប្រព័ន្ធ FMIS តាមដានឥណទានថវិកា សម្រាប់អង្គភាពបានដោយខ្លួនឯងយ៉ាងច្បាស់លាស់ហើយចំណាយពេលតិច កាត់បន្ថយការប្រើប្រាស់ធនធានមនុស្សក្នុងការរត់ឯកសារទៅតាមដំណាក់កាលនីមួយៗ កាត់បន្ថយការចំណាយលើសម្ភារៈការិយាល័យ ដូចជាក្រដាស់ សឺមី ។ល។ លោកអ្នកអាចទាញទិន្នន័យសម្រាប់ រៀបចំធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ឆ្នាំ បានដោយងាយស្រួល ដោយគ្រាន់តែបញ្ចូលទៅកាលបរិច្ឆេទដែលចង់បាន ។ លោកអ្នកអាចធ្វើការផ្ទៀងផ្ទាត់ របាយការណ៍ធនាគារដោយស្វ័យប្រវត្តិជាមួយធនាគារពាណិជ្ជ និង ការត្រួតពិនិត្យលើភាពគ្រប់គ្រាន់នៃឥណទានក្នុងការធ្វើចលនាឥណទាន ឬ ប្រតិបត្តិការណាមួយ ។ សម្រាប់លក្ខណៈពិសេសផ្សេងៗទៀតនៃប្រព័ន្ធ FMIS លោកអ្នកអាចធ្វើការទស្សនាតាមរយៈវីដេអូខាងក្រោម៖
សូមចុច : FMIS and Its benefits

ព័ត៌មាន បន្ថែម