+855 23 43 00 63

27

Jul, 2019

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពេញចិត្ត និងគាំទ្រដល់ការអនុវត្តគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងជំនួបពិភាក្សាជាមួយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងFMIS ដែលធ្វើឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានបង្ហាញភាពពេញចិត្ត និងអបអរសាទរដែលគម្រោង FMIS សម្រេចបានទាំងស្រុងនូវសូចនាករដែល  ADB បានកំណត់សម្រាប់ឆ្នាំ២០១៩ចំនួន២ចំណុចគឺ ១. ការអនុវត្តគម្រោង FMIS ជាមួយនឹងការអនុវត្តផែនការយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងការផ្លាស់ប្តូរ និងការសិក្សានីតិវិធីអនុវត្តការងារជាមួយក្រសួង-ស្ថាប័ន និង ២.ការពង្រីកការអនុវត្តគម្រោង FMIS ដល់គ្រប់អង្គភាពក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមជាមួយនឹងការផលិតរបាយការណ៍ហិរញ្ញវត្ថុ IPSASReport Cash basis ចេញពីប្រព័ន្ធ FMIS។

តំណាង ADB ក៏បានបញ្ជាក់ផងដែរថាប្រព័ន្ធ FMIS គឺជាឆ្អឹងខ្នងដ៏សំខាន់មួយនៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាហើយប្រព័ន្ធទំនើបកម្មមួយនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការធានាបាននូវគណនេយ្យភាពក្នុងការអនុវត្តហិរញ្ញវត្ថុសាធារណៈនៅពេលខាងមុខនិងជាពិសេសនោះគឺលទ្ធភាពនៃការកាត់បន្ថយជំហាន ឬនីតិវិធីអនុវត្តការងារណាដែលមិនបានផ្តល់តម្លៃបន្ថែម ។

កិច្ចពិភាក្សាបានផ្តោតសំខាន់លើរបៀបវារៈសំខាន់ចំនួនពីររួមមាន ១. បេសកកម្មពិនិត្យ ទៅលើការរៀបចំផែនការគ្រប់គ្រងការផ្លាស់ប្តូរនិងផែនការក្នុងការកាត់បន្ថយនីតិវិធីអនុវត្តការងារនៅក្រសួងចំនួន ៦ដែលទទួលបានអនុវត្តគម្រោងផ្សេងៗក្រោមការឧបត្ថម្ភពីធនាគារអភិវឌ្ឍន៍អាស៊ី និង ២.ពិភាក្សាអំពីការអនុវត្ត CAP3 ដែលពាក់ព័ន្ធនឹងគម្រោងFMIS ឆ្នាំ២០១៩។

លេខាធិការដ្ឋានក្រុមការងារក៏បានជម្រាបជូនដំណឹងតំណាង ADB ថាក្រុមការងារបានអនុវត្តគម្រោងរួមជាមួយនឹងផែនការសកម្មភាពទាក់ទងទៅនឹងការគ្រប់គ្រងការផ្លាស់ប្តូរការរៀបចំនីតិវិធីអនុវត្តការងារបច្ចុប្បន្ន និង ការរៀបចំត្រៀមខ្លួនសម្រាប់ការកាត់បន្ថយជំហាន ឬនីតិវិធីអនុវត្តការងារជូនក្រសួង-ស្ថាប័នចំនួន២០  ក្នុងឆ្នាំ២០១៨-២០១៩ ក្នុងនោះក៏មាន៦ក្រសួងដែលមានការអនុវត្តគម្រោងរបស់ADB  គឺ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអប់រំ យុវជន និងកីឡា,ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។  សកម្មភាពទាំងអស់នេះដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ធាតុចូលជាមូលដ្ឋានក្នុងកាត់បន្ថយជំហាន  ឬនីតិវិធីអនុវត្តការងារនាពេលខាងមុខ ។