+855 23 43 00 63

6

Dec, 2018

ប្រកាសព័ត៌មាន លេខ ៥៦ (ប្រចាំខែ វិច្ឆិកា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

ឈានចូលខែវិច្ឆិកានេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចុះបង្ហាញអំពីប្រព័ន្ធ FMIS និងមុខងារនីមួយៗនៃប្រព័ន្ធ FMIS ក្នុងសិក្ខាសាលារបស់ក្រសួងការងារ   និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបញ្ជ្រាបការយល់ដឹងពីការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ដែលបានប្រពឹត្តិទៅកាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៨  និងការងារផ្សេងទៀតតាមផ្នែកដូចខាងក្រោម៖

  • ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ

ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ  FMIS បានសហការជាមួយក្រុមការងារផ្គត់ផ្គង់ក្នុងការរៀបចំដាក់ដំឡើង  និងធ្វើតេស្តសាកល្បងដំណើរការ ម៉ាស៊ីនមេ ឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្ភារមិនមែនបច្ចេកវិទ្យា បានរួចរាល់ ជាស្ថាពរ។ បន្ថែមពីនេះ ក្រុមការងារនៅតែបន្តការជួយគាំទ្រ សម្របសម្រួល និងដោះស្រាយបញ្ហានានាជូនអ្នកប្រើប្រាស់នៅគ្រប់អង្គភាព និង បានចុះត្រួតពិនិត្យគុណភាពនិងលក្ខខណ្ឌបច្ចេកទេសជាមួយក្រុមហ៊ុនផ្គត់ផ្គង់ផងដែរ។

  • ការគ្រប់គ្រងមុខងារប្រព័ន្ធ

សម្រាប់ខែនេះដែរ ក្រុមកាងារមុខងារប្រព័ន្ធបានធ្វើបច្ចុប្បន្នភាព និងកែសម្រួលលើនីតិវិធីអនុវត្តការងារនាពេលបច្ចុប្បន្ន និងពេលអនាគតរបស់ក្រសួង-ស្ថាប័នទាំង ១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងត្រៀមរៀបចំដាក់ជូនថ្នាក់ដឹកនាំអង្គភាពសាម៉ីអនុម័ត។  ជាមួយគ្នាផងដែរ  ក្រុមការងារក៏បានរៀបចំឯកសារជំនួយស្មារតីដល់ក្រសួង-ស្ថាប័ន  អគ្គនាយកដ្ឋានដែលពាក់ព័ន្ធ    និងរតនាគាររាជធានី-ខេត្តពីរបៀបធ្វើថវិកាបម្រុង (Reserving Budget) នៅក្នុងប្រព័ន្ធ FMIS ហើយព្រមទាំងបានបង្កើតមាតិកាថវិកាចំណាត់ថ្នាក់គម្រោងថ្មីនៅក្នុងប្រព័ន្ធ FMIS ផងដែរ។

  • ការគ្រប់គ្រងការផ្លាស់ប្តូរ

ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ  បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ   FMIS ជូនអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញទាំងអស់ដែលរួមមាននៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងមុខងារសាធារណៈ និងមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុអមផ្ទាល់នៅក្រសួង-ស្ថាប័ន ដើម្បីបង្ហាញអំពីមុខងារនៃប្រព័ន្ធ FMIS រួមជាមួយនឹងអត្ថប្រយោជន៍របស់ប្រព័ន្ធ FMIS និងកិច្ចការងារពាក់ព័ន្ធផ្សេងៗ សម្រាប់ជាមូលដ្ឋានគ្រឹះសម្រាប់ត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS នៅឆ្នាំ ២០១៩។ ដោយឡែកក្រុមការងារក៏បានសម្របសម្រួលដល់បេសកម្មរបស់ តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងការសិក្សាជួយសម្រួលដល់អ្នកអនុវត្តប្រព័ន្ធ FMIS រយៈពេលពីរសប្តាហ៍ផងដែរ។ ក្រុមកាងារនៅបន្តការធ្វើបច្ចុប្បន្នភាពជាប្រចាំទៅលើគេហទំព័រ និងបណ្តាញសង្គមរបស់ប្រព័ន្ធ FMIS ព្រមទាំងបានផ្សព្វផ្សាយវីដេអូ FMIS Cambodia Weekly News សម្រាប់សាធារណជនអាចតាមដានទស្សនាបាន។

  • ការងារបន្ត

          លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង  FMIS នឹងបន្តសិក្សាលើនីតិវិធីអនុវត្តការងារលម្អិតនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធ  FMIS ដល់គ្រប់អង្គភាពថវិកានៃក្រសួងទាំងពីរ។ ដូចនេះសូមថ្នាក់ដឹកនាំ និងមន្រ្តីដែលពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមសហការ។

ទាញយកឯកសារជា PDF ៖http://fmis.mef.gov.kh/contents/uploads/2018/12/Draft-Bulletin-56.pdf