+855 23 43 00 63

21

Jan, 2014

ពិធី​ដាក់​ឱ្យ​អនុវត្ត​គម្រោង​ប្រព័ន្ធព័ត៌មានវិទ្យា​គ្រប់គ្រង​​ហិរញ្ញវត្ថុ​សាធារណៈ

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​រសៀល​ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៤ វេលា​ម៉ោង ៤:០០ រសៀល នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​រៀបចំ​ពី​ធី​មួយ​គឺ​ពិធី​ដាក់ឱ្យអនុវត្ត​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (Financial Management Information System ហៅ​កាត់ “FMIS”) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មានការ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ក្រុមការងារ​គ្រប់គ្រង​ប្រព័ន្ធ FMIS (FMWG) មន្ត្រី រតនាគារ​រាជធានី-ខេត្ត និង​មន្រ្តី​ពាក់ព័ន្ធ​ជាច្រើនរូប នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមជាមួយ​នឹង​ថ្នាក់ដឹកនាំ និង​គណៈប្រតិភូ​របស់​ក្រុមហ៊ុន FIS-LG CNS Joint Venture ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ ប្រព័ន្ធ FMIS។

នៅក្នុង​អង្គពិធី​បន្ទាប់ពី​ឯកឧត្តម​បណ្ឌិត វង្ស ប៊ុន​ឥន្ទ្រា​វុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រតនាគារជាតិ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុមការងារ​គ្រប់គ្រង​ប្រព័ន្ធ FMIS បាន​ថ្លែង​សុន្ទក​រថា​ស្វាគមន៍​ចំពោះ​ថ្នាក់ដឹកនាំ និង​គណៈប្រតិភូ​របស់​ក្រុមហ៊ុន FIS-LG CNS Joint Venture និង​ការ​ថ្លែងសុន្ទរកថា​របស់​តំណាង​ក្រុមហ៊ុន FIS-LG CNS Joint Venture ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងសុន្ទរកថា​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គម្រោង FMIS នៅក្នុង​អង្គពិធី។ ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ពី​ភាពចាំបាច់​របស់​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFMRP) ដែលជា សមាសភាគ​មួយ​ដ៏​សំខាន់​ក្នុង​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដែល​រាជរដ្ឋាភិបាល​កម្ពុជាក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ឱ្យអនុវត្ត​តាំងពី​ឆ្នាំ២០០៤ មក ក្នុង​គោលដៅ​ប្រកបដោយ​ចក្ខុវិស័យ​ក្នុងការ​ធានា​នូវ កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព នៅ​កម្ពុជា។ សម្រាប់​ដំណាក់កាល​ទី២ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការដាក់ឱ្យ​អនុវត្ត​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺជា​គោលដៅ​អាទិភាព​ចម្បង​បំផុត នៃ​កម្មវិធី​នេះ​ក្នុងដំណាក់កាល​ទី២ ដើម្បី​ពង្រឹង​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​មួយ​នៅ​កម្ពុជា ដែលមាន​គុណភាព តម្លាភាព គណនេយ្យភាព ភាព​ស័ក្ដិសិទ្ធិ និង​ប្រសិទ្ធភាព និង​មានការ​ចូលរួម​គាំទ្រ​ពី​គ្រប់​អ្នកពាក់ព័ន្ធ ជាពិសេស​ពី​គ្រប់​ដៃគូ​អភិវឌ្ឍន៍។ ឯកឧត្តម​រដ្ឋមន្រ្តី​មាន​ចំណាប់អារម្មណ៍ និង​យកចិត្ត​ទុក​ខ្ពស់​លើ​ការអនុវត្ត​គម្រោង​នេះ​តាំងពី​ពេល​ចាប់ផ្តើម​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ដោយ​ឯកឧត្តម​ផ្ទាល់ គឺជា​អ្នកគាំទ្រ​ឈានមុខ​របស់​គម្រោង​នេះ ហើយ​ឯកឧត្តម បានលើកឡើង​ថា ការអនុវត្ត​គម្រោង FMIS ស្ថិតនៅក្នុង​ដំណាក់កាល​នេះ គឺ​បង្ហាញ​នូវ​ការផ្លាស់ប្តូរ​យ៉ាងសំខាន់​នៅក្នុង​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅក្នុង​ប្រទេស​កម្ពុជា និង​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​បន្តបន្ទាប់​ទៀត​នាពេលខាងមុខ។ ការប្រើប្រាស់​នូវ​ប្រព័ន្ធ  FMIS ដ៏​ពេញលេញ​មួយ​តាមរយៈ​ការប្រើប្រាស់​ផលិតផល Oracle PeopleSoft Financial Package ដែល​ផ្គត់ផ្គង់​ដោយក្រុម​ហ៊ុន FIS-LG CNS Joint Venture នេះ​បាន​ឆ្លុះបញ្ចាំង​នូវ​ការប្ដេជ្ញាចិត្ត​យ៉ាង​មោះមុត ប្រកបដោយ​ឆន្ទៈ និង​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ស្រួចស្រាវ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​កែលម្អ និង​ពង្រឹង​ការគ្រប់គ្រង និង​ការតាមដាន​ការអនុវត្ត​ថវិកាជាតិ និង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នានា ដោយ​ផ្ដល់​ជា​ព័ត៌មាន​លម្អិត​ប្រកបដោយ​គុណភាព ទាន់ពេលវេលា និង​គ្រប់ជ្រុងជ្រោយ ដោយ​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់​ដល់​ថ្នាក់ដឹកនាំ នៃ​រាជរដ្ឋាភិបាល​ក្នុងការ​ចេញ​នូវ​គោលនយោបាយ​សារពើពន្ធ និង​ហិរញ្ញវត្ថុ​បាន​ចំ​ទិសដៅ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា។ ឯកឧត្តម​រដ្ឋមន្រ្តី ក៏​បានលើកឡើង​ពី​សារៈសំខាន់​ផេ្សងៗ នៃ​ប្រព័ន្ធ FMIS ដែល​ប្រព័ន្ធ​នេះ​នឹង​ផ្ដល់នូវ​បរិបទ​ថ្មី និង​របៀបរបប​ថ្មី នៃ​ដំណើរការ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ផលិតភាព​ខ្ពស់ ហើយ​ការចែករំលែក និង​ប្រើប្រាស់​ព័ត៌មាន​ក៏​កាន់តែ​មាន​ភាពទូលំទូលាយ និង​បាន​ឆាប់រហ័ស​ទាន់ពេលវេលា  តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប។

នៅ​ចុងបញ្ចប់ ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាស​ដាក់ឱ្យអនុវត្ត​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ចាប់ពី​ថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៤ នេះ​តទៅ។