+855 23 43 00 63

9

Feb, 2015

របាយការណ៍​វឌ្ឍនភាព​សម្រាប់​ឆ្នាំ ២០១៤ និង ទិសដៅ​អនុវត្ត​ឆ្នាំ ២០១៥ នៃ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គម្រោង​ការគ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន-វិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (Financial Management Information System ហៅ​កាត់​ថា FMIS)ត្រូវបាន​ដើរតួនាទី​យ៉ាងសំខាន់​ជា​យាន​ចម្លង​ពី​ដំណាក់កាល​ទី២ ទៅ​ដំណាក់កាល​ទី៣ គឺ​ថវិកា​ផ្សារភ្ជាប់ នឹង​គោលនយោបាយ និង​ជា​ឧបករណ៍​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​អនុវត្ត​ថវិកា​នៅ​កម្ពុជា។ ការ​អនុ-វត្ត​កិច្ចសន្យា​ផ្គត់ផ្គង់​គម្រោង​បានចាប់ផ្ដើម​នៅ​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៣ ជាមួយ​ក្រុមហ៊ុន FIS-LG CNS Joint Venture (Contractor) ក្នុង​ទំហំ​ទឹកប្រាក់ ៩.៣៨៨.៨៨៨,៨៨ ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល​នៃ​កិច្ចសន្យា​ចំនួន ២៦ ខែ ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦។ ជាទូទៅ​បើ​ពិនិត្យមើល​ទៅលើ​កាលវិភាគ​នៃ​ផែនការ​គម្រោង FMIS ឃើញថា​ការអនុវត្ត​គម្រោង​មាន​ភាពយឺតយ៉ាវ​បណ្ដាលមកពី​បញ្ហា​នៃ​ការចុះហត្ថលេខា​លើ​ឯកសារ To Be Business Processes ប៉ុន្តែ​ជាក់ស្ដែង​បើ​ពិនិត្យមើល​លើ​វឌ្ឍនភាព​រួម និង សកម្ម​ភាពជាក់ស្ដែង​ឃើញថា​ពុំមាន​សញ្ញា​ជា​ហានិភ័យ​នៅឡើយ ហើយ​ការដាក់​ប្រព័ន្ធ FMIS ឱ្យ​អនុវត្ត​ដំបូង​នៅ ខែកក្កដា ឆ្នាំ ២០១៥ ក៏​អាច​សម្រេច​ទៅបាន​តាម​ការគ្រោងទុក។

សកម្ម​ភាពជា​គន្លឹះ​នៅតាម​ដំណាក់កាល​នីមួយៗ ត្រូវបាន​អនុវត្ត​ស្របពេល​ជាមួយគ្នា​ដោយ​ពុំបាន​រង់ចាំ រហូតដល់​ដំណាក់​ទី១ចប់​ទើប​បន្តទៅ​ដំណាក់កាល​បន្ទាប់​ឡើយ។ បញ្ហាយឺតយ៉ាវ​នៃ​ការកសាង​នីតិវិធី​អនុវត្ត​ការងារ អនាគត​ពុំ​នាំឱ្យ​ពន្យា​ពេល​ដល់​ដំណាក់កាល​បន្ទាប់​ឡើយ ដោយ​មូល​ហេតុថា៖ ទី១-ឯកសារ​នេះ​ត្រូវបាន​ពិនិត្យ មើល និង កែសម្រួល​ដោយ​ក្រុមការងារ FMWG, ទីប្រឹក្សា អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ក្រុម​បេសកកម្ម​របស់ IMF និង WB ទី២-ឯកសារ​នេះ​ត្រូវបាន​រៀបចំឡើង​ឱ្យ​ត្រូវតាម​ឧត្ដ​មា​នុ​វត្ត​ន៍ (International Good Practice) របស់​ប្រព័ន្ធ និង មានតែ​ពីរ​ជំហាន​នៅក្នុង​នីតិវិធី​នីមួយៗ (Add និង Confirm) តាម​អនុសាសន៍ និង ការសម្រេច​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី​នៅក្នុង​កិច្ចប្រជុំ​ថ្ងៃ ១២ ខែ មិថុនា ឆ្នាំ ២០១៤ និង       លើ​កំណត់ហេតុ​កិច្ចប្រជុំ​ក្រុមការងារ​ដឹកនាំ​គម្រោង FMIS ប្រចាំ ក​សហវ​នៅ​ពី​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៤ និង  គោលនយោបាយ​គោលការណ៍ និង ស្ដង់ដារ នៃ​ប្រព័ន្ធ​ត្រួតពិនិត្យ​ផ្ទៃក្នុង FMIS របស់ អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​នៅ​ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៤ ។

ចំណុច​គួរឱ្យ​កត់ចំណាំ​នោះ​គឺ នៅ​ក្នុងដំណាក់កាល​ទី១ នេះ ប្រព័ន្ធ FMIS គ្របដណ្ដប់​តែ​នៅ​អគ្គនាយក- ដ្ឋាន​គន្លឹះ​ចំនួន ៧ និង រតនាគារ​រាជធានី-ខេត្ត​ទាំងអស់ ដោយ​ពុំមាន​គ្របដណ្ដប់​ដល់​ក្រសួង-ស្ថាប័ន និង អង្គភាព ឬ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ណាមួយ​ឡើយ។ ដូច្នេះ​ការអនុវត្ត​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការផ្លាស់ប្ដូរ គឺ​ស្ថិតនៅក្នុង​ដែន​គ្របដណ្ដប់​នៃ​ដំណាក់កាល​ទី១ ទោះជា​យ៉ាងនេះ​ក្ដី​ក្រុមការងារ FMWG ក៏​បានធ្វើ​ការទំនាក់ទំនង​ផ្សព្វផ្សាយ​ជូន​ក្រសួង​ចំនួន ៩ ដែល​នឹង​អនុវត្ត​ថវិកា​កម្មវិធី​នៅ​ឆ្នាំ ២០១៥ ដើម្បីឱ្យ​ក្រសួង​ទាំងនេះ​មាន​មូលដ្ឋាន​ក្នុង​ការត្រៀមខ្លួន​ជាស្រេច​ក្នុង​ការអនុវត្ត​ប្រព័ន្ធ FMIS នៅ​ដំណាក់កាល​បន្ទាប់។

ដោយឡែក​ចំពោះ​ការអនុវត្ដ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការផ្លាស់ប្ដូរ មុន​ខែធ្នូ ២០១៤ មិនទាន់បាន​គ្រប់​ជ្រុង-ជ្រោយ​ដោយហេតុថា Contractor ពុំមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការបំពេញ​នូវ​ភារកិច្ច​របស់ខ្លួន​ក្នុង​ការចូលរួម​ក្នុង​ការងារ​នេះ រហូតដល់​មាន​ការទាមទារ​ពី​ក្រុមការងារ FMWG ដកចេញ​នូវ​បុគ្គលិក​របស់ Contractor ដែល​គ្មាន​សមត្ថភាព។ រយៈពេល​ចុងក្រោយ​ក្រុមការងារ​បានចាប់ផ្ដើម​ម្ចាស់​ការធ្វើការ​នេះ​ដោយខ្លួនឯង​ផ្ទាល់ នឹង​បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន និង អ្នកពាក់ព័ន្ធ​សំខាន់ៗ ដែលនាំឱ្យ​ការយល់ដឹង​អំពី​ប្រព័ន្ធ FMIS និង ការងារ​ពាក់ព័ន្ធ​ត្រូវបាន​ជ្រួតជ្រាប​កាន់តែច្បាស់ ហើយ​បានទទួល​ការសហការ​គាំទ្រ និង ការចូលរួម​ពី​ថ្នាក់-ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ទាំងនោះ។

Contractor ចង់​ពន្យា​ពេល Go-live ទៅ​ខែតុលា ឆ្នាំ ២០១៥ ដោយយោង​លើ​មូលហេតុ​នៃ​ភាពយឺតយ៉ាវ​នៃ​ការចុះហត្ថលេខា​ទទួលស្គាល់ (Sign-off) To Be Business Processes និង Budget Classification និង ការ​ប្រមូលយក​ទិន្នន័យ​គោល (Master Data) ដែលជា​ហេតុផល​ពុំអាច​ទទួលយកបាន ព្រោះ​ការចុះហត្ថលេខា​គ្រាន់តែ​ជា​ការងាររដ្ឋបាល​ចុងក្រោយ​ប៉ុណ្ណោះ។ អ្វីដែល​សំខាន់​គឺ Contractor ខ្លួនឯង​កំពុង​និង​បានធ្វើ​ការរៀបចំ​កសាង​ប្រព័ន្ធ​ដោយ​ផ្អែកលើ​ខ្លឹមសារ​នៃ​ឯកសារ​ទាំងនេះហើយ។ ក្រុមការងារ​បាន​ធ្វើការងារ​ជាមួយ Contractor ដើម្បី​ធានា​រក្សា​នូវ​ការ​បរិច្ឆេទ Go-live នៅ​ខែ កក្កដា ២០១៥ ដដែល ដោយមាន​ផែនការ​ច្បាស់លាស់ ដែលជា​ទិសដៅ​ក្នុង​ការអនុវត្ត​ឆ្នាំ ២០១៥-២០១៦។

សម្រាប់របាយការណ៍លម្អិត លោកអ្នកអាចចុចលើ Link នេះ៖ របាយការណ៍លម្អិត

ឬចូលទៅកាន់គេហទំព័រខាងក្រោម៖
http://fmis.mef.gov.kh/documents-and-publications/other-documents/