+855 23 43 00 63

6

Jun, 2017

ស៊ូលំបាកមុន រួចស្រណុកក្រោយ

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់តាំងពីប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០១៦ នៅក្នុងអគ្គនាយកដ្ឋានរតនាគារជាតិ និងនៅតាមបណ្តារតនាគារជាតិទាំង២៥ ខេត្តក្រុងរូចមក រហូតមកទល់ពេលនេះ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្តង់ដារមួយនេះ បាននិងកំពុងត្រូវបានដាក់ឱ្យអនុវត្តនៅតាមបណ្តាក្រសួង-ស្ថាប័នចំនួន១០ផ្សេងទៀត។ ការណ៍នេះសបញ្ជាក់ឱ្យឃើញពីភាពជោគជ័យនៃជំហានទី១របស់ខ្លួន ដែលឈានដល់ការអនុវត្តជំហានទី២យ៉ាងសស្រាក់សស្រាំ។ ទន្ទឹមនឹងការទទួលបានភាពជោគជ័យជាបន្តបន្ទាប់នេះ គេសង្កេតឃើញថាកត្តាធនធានមនុស្សគឺជាកូនសោដ៏សំខាន់មិនអាចខ្វះបាន ដើម្បីចាក់ទម្លុះទៅកាន់យុគ្គសម័យកាលនៃការគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុសាធារណៈរបស់ជាតិប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងតម្លាភាព។

ជាការពិតណាស់ រាល់ភាពជោគជ័យទាំងឡាយ តែងតែត្រូវបានហែលឆ្លងកាត់នូវរាល់ឧបសគ្គនានាជានិច្ច។ ភាពជោគជ័យនៃការអនុវត្តប្រព័ន្ធ FMIS ក៏ដូចគ្នា គឺមានន័យថាមុននឹងប្រព័ន្ធ FMIS ដើរមកដល់ពេលនេះ មន្ត្រីអនុវត្តប្រព័ន្ធបានខំពុះពារហែលឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង ពោលគឺចាប់តាំងពីពួកគេមិនទាន់ចេះប្រើប្រព័ន្ធសោះឬចេះប្រើតិចតួច រហូតដល់ពួកគេអាចប្រើប្រាស់ប្រព័ន្ធមួយនេះដោយភាពជឿទុកចិត្ត។

ជាក់ស្តែង នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ របស់លេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ពត សាន ប្រធានរតនាគារជាតិខេត្តកំពង់ធំ ក៏បានលើកឡើងពីបញ្ហាលំបាកមួយចំនួនមុននឹងការអនុវត្តប្រព័ន្ធ FMIS ទទួលបានផ្លែផ្កា។ លោកមានប្រសាសន៍ថា “ជាក់ស្តែងកន្លងមក នៅពេលដែលយើងដាក់ប្រព័ន្ធមកភ្លាម ហើយតម្រូវឱ្យគាត់ប្រើភ្លាម ជាផ្នត់គំនិតគឺយើងយល់ថាលំបាក់ដោយសារតែយើងមិនធ្លាប់។ យើងលើកទឹកចិត្តបណ្តើរៗ អ្វីដែលពិបាក យើងមានដំណោះស្រាយ របៀបណាដែលយើងអាចដោះស្រាយបាន គឺយើងដោះស្រាយតាមហ្នឹង។ អីចឹង យើងតែងតែលើកទឹកចិត្តថា កន្លែងណាដែលពិបាកគឺគ្មានបញ្ហាអីទេ ព្រោះយើងមានថ្នាក់ដឹកនាំ មានក្រុមការងារ មានអគ្គនាយកដ្ឋានរតនាគារជាតិ ក៏ដូចក្រសួងនៅពីក្រោយចាំជួយការងារហ្នឹងទាំងអស់” ។ លោកបន្ថែមថា “សម្រាប់ខ្ញុំផ្ទាល់ បើទោះបីជាលំបាកតាំងពីដំបូង រហូតមកដល់ពេលនេះ ខ្ញុំមានសេចក្តីសប្បាយនិងសោមនស្សចំពោះថ្នាក់ដឹកនាំ ដែលគាត់បានរកប្រព័ន្ធមួយជួយដល់ការងារ។ ជាការកែទម្រង់មួយ ដែលឈានពីភាពលំបាកទៅរកអ្វីដែលកាន់តែងាយស្រួល ដែលនៅក្នុងយុត្តិសាស្រ្តរបស់រាជរដ្ឋាភិបាល” ។

លោកប្រធានរតនាគារជាតិខេត្តកំពង់ធំក៏ស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ទទួលយកនូវការប្រើប្រាស់ប្រព័ន្ធស្តង់ដារមួយនេះ ដោយលោកយល់ឃើញថា នៅថ្ងៃខាងមុខ ប្រព័ន្ធ FMIS នឹងជួយដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្វីដែលជួយសំខាន់គឺជួយទៅលើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

មិនខុសពីការលើកឡើងរបស់ប្រធានរតនាគារជាតិខេត្តកំពង់ធំដែរ លោក ស៊ីវុន ខេម៉ារុន ប្រធានរតនាគារជាតិខេត្តបាត់ដំបង បានលើកឡើងពីមោទនភាពនៃការប្រើប្រាស់ប្រព័ន្ធដ៏មានស្តង់ដារមួយនេះ។ លោកមានប្រសាសន៍ថា “ការគ្រប់គ្រងហិរញ្ញវត្ថុដោយប្រព័ន្ធ FMIS គឺពិតជាមានភាពម៉ត់ចត់ ម៉ឺងម៉ាត់ ហើយធ្វើឱ្យថវិកាមានវិន័យ”។ ពាក់ព័ន្ធនឹងការជម្រុញឱ្យមន្ត្រីប្រើប្រាស់ប្រព័ន្ធមានឆន្ទៈក្នុងការប្រើប្រាស់ លោកប្រធានរតនគារជាតិខេត្តបាត់ដំបងតែងតែលើកទឹកចិត្តមន្ត្រីរបស់ខ្លួនជានិច្ច។ លោកតែងប្រាប់មន្ត្រីលោកថា “យើងប្រមើលមើលថា ដើម្បីឱ្យកម្ពុជាយើងគ្រប់គ្រងហិរញ្ញវត្ថុបានល្អប្រសើរ គ្រប់គ្រងការងារសាច់ប្រាក់ឱ្យបានល្អ យើងត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីបន្តការអនុវត្តការងារហិរញ្ញវត្ថុនេះឱ្យបានប្រសើរ”។

មន្ត្រីតំណាងធនាគារពិភពលោក លោក សូ សុខប៊ុនធឿន ដែលលោកបានទៅបំពេញទស្សនកិច្ចសិក្សាអំពីការវិវត្តន៍នៃការប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមបណ្តារតនគារជាតិខេត្តមួយចំនួននោះ យល់ឃើញថា កត្តាធនធានមនុស្សគឺជាកត្តាសំខាន់ដែលជួយឱ្យប្រព័ន្ធមានភាពជោគជ័យ ។ លោកមានប្រសាសន៍ថា “ខ្ញុំគិតថាមានការប្រែប្រួលច្រើន អ្វីដែលខ្ញុំសង្កេតឃើញថាមានការប្រែប្រួលនោះគឺ ភាគច្រើនគឺនៅលើកត្តាមនុស្សផ្ទាល់តែម្តង ព្រោះប្រព័ន្ធដើរដោយរលូន យើងបានរៀបចំវាទៅតាមក្បួនគ្រប់គ្រាន់ហើយ។ កត្តាមនុស្សពីដំបូង យើងឃើញថាមានការរអាក់រអួលខ្លះ ដោយសារកត្តាចំណេះដឹង ហើយនឹងវាប្លែក។ សម្រាប់ពេលនេះ ខ្ញុំឃើញថាមានការសាទរច្រើន មានភាពសប្បាយរីករាយក្នុងការប្រើប្រព័ន្ធ ហើយក្រឡេកទៅមើលការប្រើប្រព័ន្ធរបស់គាត់ក៏រៀងរលូន ហើយអត់មានភាពរដាក់រដុបអីទេ” ។ ទន្ទឹមនឹងនេះដែរ លោកក៏មានការសរសើរដល់ប្រព័ន្ធ FMIS ដែលត្រូវបានរចនាឡើងប្រកបដោយភាពងាយស្រួលក្នុងការប្រើប្រាស់ផងដែរ ៕[/vc_column_text][/vc_column][/vc_row]