+855 23 43 00 63

7

May, 2018

ក្រុមការងារ FMIS ចុះដំឡើងបណ្តាញចរន្តអគ្គិសនី បណ្តាញតភ្ជាប់ពីទីតាំងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី២ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥

ដោយ៖: | Tags: | មតិយោបល់: 0

បន្ទាប់ពីបានចុះសិក្សានីតិវិធីអនុវត្តការងារបច្ចុប្បន្ន និងបានកំណត់ទីតាំងសម្រាប់ដាក់ឧបករណ៍បែងចែកបណ្តាញតភ្ជាប់ បណ្តាញចរន្តអគ្គិសនី និងបានសិក្សាទីតាំងជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS បានរួចរាល់កន្លងមក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចាប់ពីថ្ងៃទី៧ ខែឧសភា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៨ នឹងចុះដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាននៅក្នុងទូរ Rackរួមមាន Fire wall, Router, Switch និង UPS និងដំឡើងបណ្តាញតភ្ជាប់ ព្រមទាំងបណ្តាញចរន្តអគ្គិសនី ពីទីតាំងជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ មកឧបករណ៍បែងចែកបណ្តាញ និងឧបករណ៍គ្រប់គ្រងសុវត្ថិភាពរបស់ប្រព័ន្ធ នៅតាមបណ្តាមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ដើម្បីភ្ជាប់មកកាន់មជ្ឍមណ្ឌលទិន្នន័យ និងមជ្ឍមណ្ឌលសង្គ្រោះទិន្នន័យឱ្យបានរួចរាល់មុនពេលចុះដំឡើងម៉ាស៊ីនកុំព្យូទ័រនៅជំហានបន្ទាប់ ។

គួរបញ្ជាក់ផងដែរថា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ នឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS លើមុខងារចំនួនបួនរួមមាន មុខងារវិភាជន៍ថវិកា (BA) មុខងារគណនីត្រូវសង (AP) មុខងារគណនីត្រូវទារ (AR) និងមុខងារទិញ (PO) ។ ហើយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួង-ស្ថាប័ន នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធដូចជា៖

១. ពង្រឹងគណនេយ្យភាពស្ថាប័ន និង ភាពជាម្ចាស់ក្នុងការគ្រប់គ្រង និងអនុវត្តថវិកា ។

២. កាត់បន្ថយការប្រើប្រាស់ធនធានក្នុងការរត់ការឯកសារទៅតាមនីតិវិធីនីមួយៗ ។

៣. តាមដានការអនុវត្តថិវកាបានកាន់តែមានប្រសិទ្ធភាពជាងមុន ទាំងថវិកាថ្នាក់ក្រសួង, ថ្នាក់មន្ទីរ និង អង្គភាពថ្នាក់ក្រោមជាតិនៅក្រោមឱវាទ តាមរយៈការទទួលបាននូវរបាយការណ៍ហិរញ្ញវត្ថុ និង ថវិកាបានដោយខ្លួនឯង និងទាន់ពេលវេលា ។

៤. ទទួលបាននូវមូលដ្ឋានគ្រឹះមួយក្នុងការពិនិត្យមើលឡើងវិញនូវនីតិវិធីអនុវត្តការងារ ដែលនាំឱ្យមានការរាំងស្ទះ ឬពន្យារពេលដល់ការអនុវត្តថវិកា ។

៥. មានភាពងាយស្រួលក្នុងការគ្រប់គ្រង និង អនុវត្តថវិកាកម្មវិធី ដោយប្រើប្រាស់ចំណាត់ថ្នាក់ថវិកា ដែលមានស្រាប់នៅក្នុងប្រព័ន្ធ ។

៦. មានភាពងាយស្រួលក្នុងការតាមដានឥណទានថវិកាសម្រាប់ថវិកាថ្នាក់ក្រសួង, មន្ទីរ និងអង្គភាពថ្នាក់ក្រោមជាតិបានដោយខ្លួនឯង និងទាន់ពេលវេលា ។

៧. ប្រើប្រាស់ប្រព័ន្ធដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុទៅតាមនីតិវិធីអនុវត្តការងារនានា ។ ជាការពិតណាស់ ដែលនៅពេលដាក់ឱ្យអនុវត្តដំបូង នឹងមានការប្រើប្រាស់ឯកសារក្រដាសស្នាម ប៉ុន្តែជាបណ្តើរៗ ការប្រើប្រាស់ក្រដាសស្នាមនឹងត្រូវលុបបំបាត់បន្តិចម្តងៗ ។

៨. អាចតាមដាននូវដំណើរការនៃការអនុវត្តថវិកាតាមរយៈលំហូរការងារក្នុងប្រព័ន្ធ FMIS (ពេលបញ្ជូន ពេលពិនិត្យរួច និងពេលអនុម័តរួច ) ។

ទាញយកកាលវិភាគចុះបេសកកម្មនៅទីនេះ ៖  http://fmis.mef.gov.kh/contents/uploads/2018/05/PEFD-mission.pdf