+855 23 43 00 63

5

Sep, 2018

វគ្គបណ្តុះបណ្តាលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨

ដោយ៖: | Tags: | មតិយោបល់: 0

ស្របតាមផែនការសកម្មភាពនៃការអនុវត្តគម្រោង FMIS ជំហានទី២ ឆ្នាំ២០១៨ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និង មន្ត្រីនៃក្រសួង-ស្ថាប័នទាំង១០  ដែលមានឈ្មោះជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ ដើម្បីត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធសាកល្បងនៅចុងឆ្នាំ ២០១៨ និង ប្រើប្រាស់ជាផ្លូវការនៅដើមឆ្នាំ ២០១៩ ។

វគ្គបណ្តុះបណ្តាលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នេះ នឹងត្រូវរៀបចំឡើងដោយបែងចែកតាមក្រុម, មុខងារ និងតួនាទី (Role-Based Training) របស់អ្នកប្រើប្រាស់ និងមានចេញជាវិញ្ញាបនបត្រជូនសិក្ខាកាមដែលបានបំពេញគ្រប់លក្ខខណ្ឌនៃវគ្គនីមួយៗ ។ វគ្គបណ្តុះបណ្តាល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (UEF) ស្ថិតនៅអគារលេខ៦៨, ផ្លូវលេខ៥២៨, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកប្រើប្រាស់នឹងទទួលបាននូវចំណេះជំនាញថ្មីលើការប្រើប្រាស់ប្រព័ន្ធទំនើបកម្មស្របតាមសកលភាវូបនីយកម្ម និងយុគបច្ចេកវិទ្យាព័ត៌មាននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

សូមបញ្ជាក់ជូនថា មន្ត្រីដែលត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ពុំអាចផ្លាស់ប្តូរសមាសភាពនៅពេលដែលកំពុងទទួលវគ្គបណ្តុះបណ្តាលបានឡើយ ។ ក្នុងករណីមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែមផ្សេងៗ សូមទំនាក់ទំនងមកលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈលេខទូរស័ព្ទ ០១២ ៩៥៩ ៣៤១ ។

គួររំលឹកថា ក្រសួង-ស្ថាប័នទាំង១០ ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ២០១៩ ខាងមុខនេះមាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងព័ត៌មាន, ក្រសួងទេសចរណ៍, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងពាណិជ្ជកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។

តារាងកាលវិភាគនិងឈ្មោះថ្នាក់ដឹកនាំនិងមន្ត្រីចូលរួមវគ្គបណ្តុះបណ្តាលមាននៅទីនេះ ៖  http://fmis.mef.gov.kh/contents/uploads/2018/09/LMs-Name-List.pdf