+855 23 43 00 63

20

Sep, 2017

ការប្តេជ្ញាខ្ពស់ពីកម្រិតនយោបាយ ការរួមសហការគាំទ្រយ៉ាងពេញទំហឹងពីក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធ ជំរុញឱ្យកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈកម្ពុជាទទួលបានជោគជ័យ

ដោយ៖: | Tags: | មតិយោបល់: 0

ភ្នំពេញ ១៩ កញ្ញា ២០១៧៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍បញ្ជាក់ដល់ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាតិ និងអន្តរជាតិផ្នែកកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ថា កម្មវិធីកំណែទម្រង់សាធារណៈរបស់កម្ពុជារួមទាំងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ មានគោលបំណងតែមួយគត់គឺផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ឋកម្ពុជា ។

ឯកឧត្តម បានបញ្ជាក់ថា ‌ “កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនេះទទួលបានជោគជ័យមកដល់ពេលនេះដោយសារតែមានការយកចិត្តទុកដាក់ និងជំរុញគាំទ្រពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកម្រិតនយោបាយ មានការជ្រោមជ្រែងក្នុងការអនុវត្តពីក្រសួង-ស្ថាប័ន និងសង្គមព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់” ។

ឯកឧត្តម បានថ្លែងយ៉ាងដូចនេះ ក្នុងឱកាសបិទអង្គសិក្ខាសាលាអន្តរជាតិស្តីពី មេរៀន និងបទពិសោធន៍ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៖ អភិក្រមសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានអ្នកចូលរួមមកពីក្រសួង-ស្ថាប័ន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត និងអ្នកជំនាញការព្រមទាំងអ្នកពាក់ព័ន្ធជាតិ និងអន្តរជាតិផ្នែកហិរញ្ញវត្ថុសាធារណៈសរុបប្រមាណជាង២០០រូប។

ក្នុងឱកាសបិទអង្គសិក្ខាសាលានោះដែរ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍កោតសរសើរដល់រដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យកន្លងមកក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដែលក្នុងនោះរួមមាន ការដាក់ឱ្យប្រើប្រាស់ថវិកាកម្មវិធីដែលធ្វើឱ្យការប្រើប្រាស់ថវិកាកាន់តែមានគណនេយ្យភាព ការអនុវត្តគម្រោង FMIS ជំហានទី១ ទទួលបានជោគជ័យដោយរតនាគាររាជធានី-ខេត្តប្រើប្រាស់ប្រព័ន្ធ FMIS តែមួយគត់សម្រាប់កត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងថវិការបស់ខ្លួន និងការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តគៀគរចំណូលប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលធ្វើឱ្យការប្រមូលចំណូលរបស់កម្ពុជាកើនពី១៥,៣% រហួតដល់១៨,៥% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៦។

កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ត្រូវបានទទួលស្គាល់ថាទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដែលកម្ពុជាគួរមានមោទនភាព។

តួរយ៉ាង លោក Robert Taliercio ប្រធានផ្នែកអនុវត្ត (Practice Manager) របស់ធនាគារពិភពលោក បានបញ្ជាក់ក្នុងវេទិកាចែករំលែកបទពិសោធន៍ថា លោកធ្លាប់មកផ្តល់ប្រឹក្សាដល់កម្ពុជាលើកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈតាំងពីឆ្នាំ២០០៤  រហូតមកដល់ពេលនេះលោកបានមកកម្ពជាម្តងទៀត កម្មវិធីកំណែទម្រង់របស់កម្ពុជានេះគឺពិតជាមានការរីកចំរើនគួរឱ្យសរសើរ។ លោកបានបន្ថែមថា “ ឆ្លងតាមបទពិសោធន៍របស់ខ្ញុំលើការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាច្រើនឆ្នាំមក ខ្ញុំសង្កេតឃើញថាប្រទេសកម្ពុជាជាប្រទេសដែលអនុវត្តកម្មវិធីកំណែទម្រង់នេះទទួលបានជោគជ័យលឿនជាងគេក្នុងចំណោមប្រទេសក្នុងតំបន់ និងប្រទេសដទៃទៀត ដែលនេះមកពីកម្មវិធីកំណែទម្រង់នេះត្រូវបានកំណត់យ៉ាងច្បាស់ពីគោលបំណង ចក្ខុវិស័យ និងបេសសកម្មតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម និងដល់អ្នកពាក់ព័ន្ធទាំងអស់” ។