+855 23 43 00 63

9

Mar, 2017

ឯកឧត្តម យុទ្ធ ភូថង ជំរុញឱ្យមន្ត្រីអនុវត្តថវិកានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំប្រឹងប្រែងអនុវត្តគម្រោង FMIS ឱ្យទទួលបានជោគជ័យ

ដោយ៖: | Tags: | មតិយោបល់: 0

មានប្រសាសន៍កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ក្នុងឱកាសនៃការបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រី្តពាក់ព័ន្ធមកពីនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋាន ពាក់ព័ន្ធប្រមាណជាង៤០នាក់ ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យមន្ត្រីទទួលបន្ទុកអនុវត្តថវិការបស់ក្រសួងកសិកម្ម ខិតខំធ្វើការងារជាពិសេសខិតខំបង្កើនសមត្ថភាពបន្ថែមលើមុខជំនាញដែលមានស្រាប់ដើម្បីទទួលបានជោគជ័យក្នុងការអនុវត្តគម្រោង FMIS។ ឯកឧត្តមបានបន្ថែមថា ការងារអនុវត្តគម្រោង FMIS គឺពិតជាសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានតម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ  និងទទួលបានភាពងាយស្រួលក្នុងការអនុវត្តថវិកាកម្មវិធីរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដោយឡែក លោកជំទាវ ចាន់ ផលលឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងពីក្តីបារម្ភចំពោះប្រព័ន្ធការពារសុវត្ថិភាពរបស់ប្រព័ន្ធ FMIS ដោយលោកជំទាវ បានបញ្ជាក់ពីភាពភ័យខ្លាចចំពោះជនខិលខូច ដែលមានបំណងមិនល្អចង់បំផ្លាញដល់ដំណើរការនៃការអនុវត្តគម្រោងនៅពេលមន្ត្រីហិរញ្ញវត្ថុកំពុងដំណើរការការងារនេះ ដែលអាចបង្កជាភាពរាំងស្ទះដល់ការងារ។

ឆ្លើយតបទៅនឹងការព្រួយបារម្ភនេះផងដែរ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានបំភ្លឺថា ក្រុមការងារអនុវត្តគម្រោង FMIS បានគិតគូយ៉ាងដិតដល់ និងយកចិត្តទុកដាក់បំផុតក្នុងការសិក្សាដល់បញ្ហានេះរួចជាស្រេចទៅហើយ ដើម្បីធានាបានថា ការអនុវត្តគម្រោងប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព រួមជាមួយនឹងដំណើរការនៃការអនុវត្តថវិកាកម្មវិធីប្រកបដោយតម្លាភាព គណនេយ្យភាព និងសុក្រឹត្យភាព។

គួរបញ្ជាក់ថា ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) របស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើយុទ្ធនាការផ្សព្វផ្សាយពីប្រព័ន្ធ FMIS ដើម្បីបញ្ជ្រៀបការយល់ដឹងទៅដល់ក្រសួង-ស្ថាប័នចំនួន១០ សម្រាប់ការអនុវត្តគម្រោង FMIS នៅជំហានទី២របស់ខ្លួន៕