+855 23 43 00 63

16

Mar, 2015

ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​សវនកម្ម​នៅ​នាយកដ្ឋាន​ព័ត៌មានវិទ្យា

ដោយ៖: | Tags: | មតិយោបល់: 0

គណៈប្រតិភូ​សវនកម្ម​ផ្ទៃក្នុង​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ជា វុធ​ណា អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​សវនកម្មផ្ទៃក្នុង បាន​ជួបប្រជុំគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ដើម្បី​ពិភាក្សា​លើ​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​សវនកម្ម​តាម​នីតិវិធី​ជា​ស្តង់ដារ​នៅ​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវេលា​ម៉ោង ៩:០០នាទី​ព្រឹក នៅ​បន្ទប់​ប្រជុំ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

ការធ្វើ​សវនកម្មនេះ មាន​គោលបំណង​ដើម្បី​ត្រួតពិនិត្យ និង​ជួយ​កែលម្អ​ប្រព័ន្ធ FMIS ដែល​នឹងដាក់​ឱ្យ​ដំណើរការ​នាពេលខាងមុខ​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​ប្រព័ន្ធគ្រប់គ្រង​ផ្ទៃក្នុង​បច្ចេកវិទ្យា​ព័ត៌មាន​មួយ​ប្រកបដោយ​ភាព​គ្រប់គ្រាន់ និង​អភិបាលកិច្ច​ល្អ​ដែល​ធានាបាន​ប្រសិទ្ធភាព ប្រសិទ្ធិ​ផល និង​អនុលោមភាព ។

លទ្ធផល​នៃ​ការធ្វើ​សវនកម្ម​ផ្ទៃក្នុង​បានបង្ហាញ​ថា​នាយកដ្ឋាន​ព័ត៌មានវិទ្យា បាននិងកំពុង​ខិតខំ​ធ្វើការ​យ៉ាងសកម្ម​ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការដំឡើង​ប្រព័ន្ធ FMIS ប៉ុន្តែ​ទោះបីជា​យ៉ាងណា នៅមាន​ចំណុច​ខ្វះចន្លោះ​មួយចំនួន​ដែល​ត្រូវបំពេញ និង​កែលម្អ​នៅមុន​ពេល​អនុវត្ត​នេះ ប៉ុន្តែ​ចំណុច​ខ្វះចន្លោះ​ទាំងអស់នោះ​មិនមាន​ផលប៉ះពាល់​ដល់​ការកសាង​ប្រព័ន្ធ FMIS ទាំងមូល​នោះទេ ។

បន្ទាប់មក​អង្គប្រជុំ​បាន​ឯកភាព​លើ​លទ្ធផល​សវនកម្ម ផែនការ​សកម្មភាព​កែលម្អ និង​ឯកភាព​លើ         ការកែសម្រួលជា​អនុសាសន៍​ដូចខាងក្រោម ៖

  1.  នាយកដ្ឋាន​ព័ត៌មានវិទ្យា​ត្រូវ​បន្ត​ជ្រើសរើស​មន្ត្រី​តាម​ផែនការ​របស់ខ្លួន
  2. នៅពេល​ជ្រើសរើស​មន្ត្រី​នាយកដ្ឋាន​ព័ត៌មានវិទ្យា​គួរតែ​យកចិត្តទុកដាក់​ ជាពិសេស​លើ​ការពង្រឹង​ការគ្រប់គ្រង និង​ក្រុមការងារ​គ្រប់គ្រង​បណ្តាញ (Network Administration)
  3. មន្ត្រី​ផ្នែក​សុវត្ថិភាព​គួរ​បំពេញ​កាតព្វកិច្ច​តែ​ផ្នែក​សុវត្ថិភាព​មួយ​ប៉ុណ្ណោះ
  4. នាយកដ្ឋាន​ព័ត៌មានវិទ្យា​គួរ​បង្កើត​គោលនយោបាយ​សុវត្ថិភាព​ប្រព័ន្ធ FMIS ដែល​រួមបញ្ចូល​នូវ  នីតិវិធី​សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ និង​កម្មវិធី​ស្រេច​សម្រាប់​ប្រើប្រាស់​ដោយ​ម្ចាស់​ទិន្នន័យ អ្នកថែទាំ និង​អ្នកប្រើប្រាស់​និង​រួមទាំង​គោលនយោបាយ​ដែលមាន​នៅក្នុង​អនុសាសន៍ទី ១៨ ដល់ទី ២២។
  5. បង្អួច​កញ្ចក់​រវាង​ផ្នែក​រដ្ឋបាល​និង​បន្ទប់​កុំព្យូទ័រ​មេ  គួរតែ​ប្រើ​វីស​មួល​ចេញ​វិញ​ពុំបាន ដើម្បី​ធានា​សុវត្ថិភាព
  6. សោ​ឆ្លាត (Smart Card)ឬសោ​ជីវមាត្រ​គួរ​ត្រូវបាន​ដំឡើង​ដើម្បី​ត្រួតពិនិត្យ​លើ​ទ្វារ​ចូលទៅ​ កាន់​ផ្នែក​គ្រប់គ្រង​ទាំង​នៅ​មជ្ឈមណ្ឌល​ទិន្នន័យ​មេ (MDC)និង​មជ្ឈមណ្ឌល​សង្គ្រោះ​ទិន្នន័យ (RDC)
  7. បើសិនជា​អាចធ្វើ​ទៅបាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា គួរ​កំណត់​លើ​សោ​ឆ្លាត (Smart Card)ឱ្យផ្តល់​សញ្ញា​ដល់​មន្ត្រី​ផ្នែក​សុវត្ថិភាព នៅពេលណា​ដែលមាន​ការព្យាយាម​ចូល​បរាជ័យ​ជាប់ៗគ្នា​ចំនួន  បី​ដង
  8. កាមេរ៉ា​ចាប់​សកម្មភាព​មាន​ចលនា​គួរតែ​ផ្តល់​សញ្ញា​ដល់​មន្ត្រី​ផ្នែក​សុវត្ថិភាព​ក្រៅ​ម៉ោង​ធ្វើការ​ផងដែរ
  9. ឧបករណ៍​ពន្លត់អគ្គីភ័យ​ដែល​នៅ​ជិត​បំផុត ទៅនឹង​បន្ទប់​រដ្ឋបាល​នៃ​មជ្ឈមណ្ឌល​សង្គ្រោះ​ទិន្នន័យ(DRC)គួរ​ត្រូវមាន​ លក្ខណៈពិសេស​ដែល​អាច​ប្រើ​ជាមួយ​ឧបករណ៍​អគ្គីសនី​បាន
  10. ខ្សែ​ចរន្តអគ្គិសនី​មិនគួរ​ចេញ​តាម​ច្រក​នៅ​ខាងក្រៅ​តែមួយ​ជាមួយ​ខ្សែ​ ផ្សេងៗឡើយ បើ​ពុំនោះទេ​គួរ​ប្តូរ​សោ​ទ្វារ​ឱ្យបាន​រឹងមាំ ដើម្បី​ការពារ​ចំពោះ​ការចូល​ដោយ​គ្មាន​ការអនុញ្ញាត​ប្រសិនបើ​គ្មាន​ជម្រើស
  11. នាយកដ្ឋាន​ព័ត៌មានវិទ្យា គួរតែ​តាមដាន​ត្រួតពិនិត្យ​ស្ថានភាព​ដាច់​ចរន្តអគ្គិសនី​នៅតាម    រតនាគារ​ខេត្ត-រាជធានី​ដើម្បី​ជា​មូលដ្ឋាន​សម្រេចចិត្តថា តើ​គួរ​មាន​ម៉ាស៊ីនភ្លើង​បែបណា​សម្រាប់​បម្រុងទុក​នៅតាម​រតនាគារ​ ខេត្ត-រាជធានី​នីមួយៗ
  12. សុវត្ថិភាព​នៃ​ការផ្គត់ផ្គង់​ទឹក​ដល់​ម៉ាស៊ីនត្រជាក់​នៅ​មជ្ឈមណ្ឌល​ទិន្នន័យ​មេ MDC គួរ​ត្រូវ​ពិនិត្យឡើងវិញ និង​ពង្រឹង​បន្ថែមទៀត​ប្រសិនជា​ចាំបាច់
  13. នាយកដ្ឋាន​ព័ត៌មានវិទ្យា​គួររៀបចំ​ចាត់វិធានការ​សម្អាត​បរិវេណ​ផ្នែក​ខាងក្រៅ នៅ​ជុំវិញ​កង្ហារ​ម៉ាស៊ីនត្រជាក់​ឱ្យបាន​ទៀងទាត់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​បណ្តាលមកពី​ការឆាបឆេះ និង​ស្ទះ​កង្ហារ
  14. រាល់​ឧបករណ៍​ប្រព័ន្ធ FMIS ទាំងអស់​គួរ​ត្រូវបាន​កត់ត្រា និង​ធ្វើ​បច្ចុប្បន្នភាព​ទៅក្នុង​បញ្ជី​សារពើភ័ណ្ឌ​ដែលមាន ហើយ​បញ្ចូល​នូវ​ព័ត៌មាន​អំពី​លេខ​ស៊េរី (Serial) និង​ទីតាំង​សំគាល់​ផងដែរ
  15. សិទ្ធិ​ចូល​ដំណើរការ​និង​សិទ្ធិ​ទាំងអស់​របស់​អ្នកប្រើប្រាស់ ដែលមាន​ស្រាប់​គួរ​ត្រូវបាន​ពិនិត្យ និង​តាក់តែងឡើង​វិញ​បើសិនជា​ចាំបាច់​ហើយ​គួរ​ត្រូវមាន​ការអនុម័ត​និង​ចងក្រង ​ជាឯក​សារ​ត្រឹមត្រូវ
  16. ជាអាទិភាព​ខ្សែបណ្តាញ​ដែល​ជួល​ពី​ក្រុមហ៊ុន​ខាងក្រៅ នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​ទិន្នន័យ (DRC)គួរ​ត្រូវបាន​បំបែក​ឱ្យដាច់​ដោយឡែក​ពីគ្នា
  17. ទិន្នន័យ​ទាំងអស់​ដែល​ត្រូវបញ្ជូន​ឆ្លងកាត់​បណ្ដាញ​បច្ចេកវិទ្យា​គមនាគមន៍​ គួរតែ​ត្រូវបាន​អ៊ិន  គ្រីប (Encrypt)។ វិធី​នេះ​គួរ​ត្រូវបាន​អនុវត្ត​ជាពិសេស​ចំពោះ​ការកំណត់ ឬ​ការកែប្រែ​សិទ្ធិ​ចូល​ដំណើរការ​និង​សិទ្ធិ​នៃ​អ្នកប្រើប្រាស់ ។
  18. នាយកដ្ឋាន​ព័ត៌មានវិទ្យា គួរ​បង្កើត​គោលនយោបាយ​សម្រាប់​ការចូល​ប្រើប្រាស់ និង​ត្រួតពិនិត្យ​លើ​ការប្រើប្រាស់​បណ្តាញ
  19. នាយកដ្ឋាន​ព័ត៌មានវិទ្យា គួរ​ចងក្រង​ឯកសារ​គោលនយោបាយ​សុវត្ថិភាព​ការចូល​ដំណើរការ​ពី​ចម្ងាយ​ទៅក្នុង​ប្រព័ន្ធ FMIS
  20. នាយកដ្ឋាន​ព័ត៌មានវិទ្យា​គួរ​បង្កើត​គោលនយោបាយ​ចម្លង​ទុក និង​ការស្តារ​ឡើងវិញ​នៃ​ប្រព័ន្ធ  FMIS ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់
  21. គោលនយោបាយ​ចម្លង​ទុក​និង​ស្តារឡើងវិញ គួរ​មានការ​បែងចែក​ការទទួលខុសត្រូវ​ឱ្យបាន​ច្បាស់លាស់
  22. គួរ​បញ្ចប់​ការបណ្តុះបណ្តាល​មន្ត្រី​លើ​ផ្នែក​ប្រតិបត្ដិការ​នីតិវិធី​ចម្លងទុក និង​ស្តារឡើងវិញ​ឱ្យបាន​មុនពេល​ប្រព័ន្ធ FMIS “ដាក់ឱ្យអនុវត្ត”
  23. គ្រប់​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ចម្លង​ទុក​ទាំងអស់​គួរ​ត្រូវបាន​រក្សាទុក​ក្នុង​ទីកន្លែង​មាន​សុវត្ថិភាព  និង​នៅ​ឆ្ងាយ​ពី​ទីតាំង​ទិន្នន័យ​ដើម
  24. នីតិវិធី​ស្តារឡើងវិញ​គួរតែ​ត្រូវបានធ្វើ​តេស្ត​សាកល្បងរហូត​មានការ​ធានាថា​មានដំណើរ​ការ​រលូន និង​ត្រូវធ្វើ​តេស្ត​ជាប្រចាំ​បន្តទៀត
  25. ដំណើរការ​នៅ DRC ដែល​ត្រូវ​ពឹងផ្អែក​នៅពេល​មានការ​អាក់ខាន គួរ​ត្រូវបានធ្វើ​តេស្ត​ឱ្យបាន​ពេញលេញ និង​ត្រូវការ​ចងក្រង​ជាឯក​សារ​លើ​នីតិវិធី​និង​ការទទួលខុសត្រូវ​សំខាន់ៗ។ រាល់​ការផ្លាស់ប្តូរ​ចំពោះ​កម្មវិធី​ទន់​ទិន្នន័យ​គោល និង​ទិន្នន័យ​ចម្លងការ​គួរ​ត្រូវធ្វើ​ព្រមគ្នា។

លោក​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​ឯកភាព​​លើ​ការរកឃើញ និង​អនុសាសន៍​របស់​គណៈប្រតិភូ​សវនកម្ម។ លោក​ប្រធាន​នាយកដ្ឋាន​បន្តទៀតថា កន្លងមក​មតិ​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​មិន​ទទួលបាន​ការគាំទ្រ​ពេញលេញ ប៉ុន្តែ​នៅពេល​មានការ​រកឃើញ និង​ការផ្តល់​ជា​យោបល់​របស់​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង នោះ​អាចជា​ការដាក់​ទម្ងន់ ដើម្បីឱ្យ​មានការ​បន្ថែម​ការយកចិត្តទុកដាក់​ជ្រោមជ្រែង​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ក្នុងការ​ងារ​អនុវត្ត​ប្រព័ន្ធ FMIS ។

ទីបញ្ចប់ លោក​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​ថ្លែងអំណរគុណ​ចំពោះ លទ្ធផល​ការងារ​របស់​គណៈប្រតិភូ និង​ខិតខំ​កែលម្អ​តាម​អនុសាសន៍​ដែល​បានផ្តល់​ជូន ។

កិច្ចប្រជុំរវាងគណៈប្រតិភូសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានព័ត៌មានវិទ្យា បានចប់សព្វគ្រប់នៅវេលាម៉ោង ១១:០០នាទីព្រឹកក្នុងបរិយាកាសជាភាតរៈ និងស្មារតីទទួលខុសត្រូវខ្ពស់។