+855 23 43 00 63

28

Aug, 2017

ប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា៖ កម្ពុជាគឺជាទីតាំងដ៏ល្អបំផុតសម្រាប់ឡាវដកស្រង់ពីបទសោធន៍ជោគជ័យនៃការអនុវត្តគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

លោកស្រី Inguna Dobraja ប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាទីតាំងដ៏ល្អបំផុតសម្រាប់ប្រទេស ឡាវ មករៀនសូត្រ និង ដកស្រង់ពីបទពិសោធន៍ជោគជ័យនៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាពិសេសនោះគឺអំពីសមត្ថភាពនៃការចែករំលែកចំណេះដឹង ដែលជាកត្តាជម្រុញឱ្យការអនុវត្តគម្រោង FMIS របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា ទទួលបានផ្លែផ្កាល្អ ។  លោកស្រីមានប្រសាសន៍បែបនេះ ក្នុងកំឡុងពេលដែលលោកស្រីបានចូលរួមនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងលោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងគណៈប្រតិភូឡាវ ព្រមទាំងក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកម្មវីធី ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវ ដើម្បីមកសិក្សា និងដកស្រង់បទពិសោធន៍នៃការអនុវត្តគម្រោង FMIS នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ លោកស្រី Inguna Dobraja បានបន្ថែមថា បើទោះបីជាការអនុវត្តគម្រោង FMIS នៅកម្ពុជាទទួលបានជោគជ័យយ៉ាងណាក៏ដោយ ប៉ុន្តែទន្ទឹមនឹងនេះវាក៏ត្រូវការពេលវេលាមួយសមស្របផងដែរ។ លោកស្រីថា “ការកសាងប្រព័ន្ធថ្មីមួយ ឬ ការកសាងស្ថាប័នណាមួយគឺប្រើប្រាស់ពេលវេលាយូរ ហើយពិបាកជាងការសាងសង់ផ្លូវ ឬ ស្ពានទៅទៀត។” ស្របពេលជាមួយគ្នានេះដែរ លោកស្រី Inguna Dobraja ក៏បានកោតសរសើរដល់ឯកឧត្តមបណ្តិត ហ៊ាន សាហ៊ីប ដែលជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS អំពីការខិតខំប្រឹងប្រែងរបស់ឯកឧត្តម រួមជាមួយនឹងក្រុមការងាររបស់ឯកឧត្តមផ្ទាល់ ដើម្បីជម្រុញដំណើរការការអនុវត្តគម្រោង FMIS ដើរដោយរលូន ៕

ព័ត៌មានលម្អិត

16

Aug, 2017

ប្រកាសព័ត៌មាន លេខ ៤០ (ខែ កក្កដា ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងខែ កក្កដា កន្លងទៅនេះ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានរៀបចំសិក្ខា-សាលាស្តីពី វឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្ត និងការស្វែងរកធាតុចូលក្នុងការបន្តពង្រីកការអនុវត្តគម្រោង FMIS នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលនឹងចាប់ផ្តើមប្រើប្រាស់សាកល្បងប្រព័ន្ធ FMIS នៅក្នុងឆ្នាំ ២០១៨ ខាងមុខនេះ។ ក្រៅពីនេះក្រុមការងារក៏បានចូលរួមធ្វើបទបង្ហាញស្តីអំពីប្រព័ន្ធ FMIS នៅក្នុងវគ្គបណ្តុះបណ្តាលស្តីអំពីការកសាងសមត្ថភាពផ្នែកប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) តាមសំណើសុំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្របពេលជាមួយគ្នានេះ ក្រុមការងារក៏បានធ្វើបទបង្ហាញអំពីគម្រោង FMIS ជូនគណៈប្រតិភូជាន់ខ្ពស់នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចែករំលែកនូវបទពិសោធន៍ក្នុងការគ្រប់គ្រងនិងអនុវត្តគម្រោង FMIS។ នៅក្នុងខែនេះ ក្រុមការងារមុខងារប្រព័ន្ធ FMIS ទទួលបានជោគជ័យក្នុងការសាកល្បងធ្វើសន្ធានកម្មរបាយការណ៍ធនាគាររវាងធនាគារវឌ្ឍនៈជាមួយនឹងប្រព័ន្ធ FMIS ហើយគ្រោងនឹងចាប់ផ្តើមការធ្វើសន្ធានកម្មនេះជាផ្លូវការចាប់ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៧ ខាងមុខនេះតទៅ។ ការធ្វើសន្ធានកម្មបន្ទាប់ទៀតនោះគឺ ការធ្វើសន្ធានកម្មរវាងប្រព័ន្ធ FMIS និងប្រព័ន្ធគ្រប់គ្រងការប្រមូលចំណូលពន្ធដារ (TAX SYSTEM) នៃអគ្គនាយកដ្ឋានពន្ធដារ។ ក្រោយពីទទួលបាននូវការអនុម័តលើលំហូរការងារក្នុងប្រព័ន្ធ FMIS (To be business Process) ក៏ដូចជាតារាងឈ្មោះអ្នកប្រើប្រាស់តាមបណ្តាក្រសួង-ស្ថាប័នមួយចំនួនដែលត្រូវប្រើប្រាស់ប្រព័ន្ធសាកល្បងក្នុងឆ្នាំនេះរួចមក ក្រុមការងារកំពុងធ្វើការរៀបចំឯកសារលម្អិតលើមុខងារនីមួយៗ និង បច្ចេកទេសរបស់ប្រព័ន្ធ FMIS ឡើងវិញដើម្បីពង្រឹងសុវត្ថិភាពរបស់ប្រព័ន្ធតាមរយ:ការរៀបចំបែងចែកប្រតិបត្តិការទៅតាមអង្គភាពថវិកាដែលហៅថា ពហុអង្គភាពប្រតិបត្តិ  ( Multi- Business Unit ) ។ ដើម្បីពង្រីកការផ្សព្វផ្សាយពីប្រព័ន្ធ FMIS ឱ្យបានទូលំទូលាយទៅកាន់គ្រប់ភាគីពាក់ព័ន្ធក៏ដូចជាសាធារណៈជន ក្រុមការងារបានបញ្ចប់ការផលិតវីដេអូបង្ហាញអំពីអត្ថន័យរបស់រូបសញ្ញា FMIS (FMIS logo) និង គំនូរជីវចលស្តីអំពីភាពខុសគ្នារបស់មន្ត្រីក្រសួងសេដ្ឋ-កិច្ច និង ហិរញ្ញវត្ថុមុន និង ក្រោយពេលប្រើប្រាស់ប្រព័ន្ធ FMIS ដែលវីដេអូទាំងនេះត្រូវបានបង្ហោះតាមគ្រប់បណ្តាញសង្គម និង គេហទំព័រ របស់ប្រព័ន្ធ FMIS។ ការពង្រឹងសមត្ថភាពមន្រ្តីរាជការផ្នែកព័ត៌មានវិទ្យា គឺជាកត្តាសំខាន់ដើម្បីសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃ ក៏ដូចជាការត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធនាពេលអនាគត ក្រុមការងារក៏បានរៀបចំវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះផ្នែកព័ត៌មានវិទ្យាដល់មន្ត្រីមកពីអគ្គនាយកដ្ឋានទាំងអស់នៃ កសហវ […]

ព័ត៌មានលម្អិត

2

Aug, 2017

មន្ត្រីនៃក្រសួងអភិវឌ្ឍន៍ជនបទបង្ហាញភាពរីករាយក្នុងការត្រៀមប្រើប្រាស់ប្រព័ន្ធ FMIS នាពេលខាងមុខ

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៧ នៅក្រសួងអភិវឌ្ឃន៍ជនបទ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានចុះទៅបព្រ្ជាបការយល់ដឹងអំពីប្រព័ន្ធ FMIS ស្របទៅតាមសំណើរសុំគ្រូបង្គោល សម្រាប់ធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការកសាងសមត្ថភាពផ្នែកប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”។ ឯកឧត្តម ហួត សារីម អនុរដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឃន៍ជនបទ បានធ្វើការកោតសរសើរដល់មន្ត្រីដែលជាគ្រូបង្គោល ក៍ដូចជាការថ្លែងអំណរគុណដល់មន្ត្រីនៃនាយកដ្ឋានព័ត៍មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានឆ្លៀតឱកាសដ៏មមាញឹកដើម្បីចែករំលែកបទពិសោធន៍ ក្នុងការត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទ។ តាមរយៈការធ្វើបទបង្ហាញរយៈពេលជិតកន្លះម៉ោងនេះ មន្ត្រីនៃក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញនូវសេចក្តីរីករាយក្នុងការទទួលយកនូវការប្រើប្រាស់ប្រព័ន្ធ FMIS នាពេលខាងមុខ ។ ទន្ទឹមនឹងនេះដែរ ក៏មានការចោទជាសំណួរជាច្រើនពីសំំណាក់មន្រ្តីហិរញ្ញវត្ថុជាច្រើនផងដែរ។ ជាក់ស្តែង លោក ចិន ភក្តី មន្រ្តី នៃក្រសួងអភិវឌ្ឃន៍ជនបទមានចម្ងល់យ៉ាងដូច្នេះថា “តើការប្រើប្រាស់ប្រព័ន្ធ FMIS អាចជួយកាត់បន្ថយការសរសេរដោយដៃបានប៉ុន្មាន?” ឆ្លើយតបទៅនឹងសំណួរនេះ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានព័ត៍មានវិទ្យា បានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិតជាអាចជួយសំរួលដល់ការងារសរសរដោយដៃបានច្រើន ថ្វីត្បិតតែសព្វថ្ងៃមិនទាន់បានសម្រេច ១០០% ក៏ពិតមែន។ លោកស្រីបញ្ជាក់បន្ថែមថា ក្រុមការងារនឹងធ្វើការរួមគ្នាជាមួយក្រសួង-ស្ថាប័ន ទាំងអស់ ដើម្បីសម្រេចឱ្យបានជោគជ័យនូវការដាក់ឱ្យអនុវត្តនូវប្រព័ន្ធទំនើបកម្មមួយនេះ ក្នុងការជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់មន្រ្តីរាជការ ស្របទៅតាមកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធព័ត៍មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នឹងដាក់ទៅកាន់ក្រសួងជាបន្តបន្ទាប់ទៀត បន្ទាប់ការដាក់ឱ្យប្រើប្រាស់សាកល្បងររបស់ក្រសូង ទាំង ១០ រួមមានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,ក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ,ក្រសួងបរិស្ថាន , ក្រសួងប្រេសនីយ៍ និង ទូរគមនាគមន៍, ក្រសួងកិច្ចការនារី , ក្រសួងអប់រំ យុវជន និង កីឡា […]

ព័ត៌មានលម្អិត

31

Jul, 2017

ការធ្វើសន្ធានកម្មរវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធគ្រប់គ្រងចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារឈានដល់ការព្រមព្រៀងគ្នាលើ៤ចំណុច

ដោយ៖: | Tags: | មតិយោបល់: 0

ក្រោយពីបានបញ្ចប់នៃការបន្តកិច្ចពីភាក្សាររបស់ខ្លួនអំពី ការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធគ្រប់គ្រងចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងតំណាងមកពីអគ្គនាយដ្ឋានពន្ធដារ ព្រមទាំងតំណាងមកពីក្រុមការងារអនុវត្តគម្រោង FMIS នៃអគ្គនាយកដ្ឋានរតនាគារជាតិ បានព្រមព្រៀងគ្នាលើ៤ចំនុចដូចខាងក្រោម៖ ១. លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងរៀបចំជាបញ្ចីរាយនាមមន្រ្តីដែលចូលរួមសិក្សាការធ្វើសន្ធានកម្ម ក៏ដូចជាកំណត់ពេលវេលានៃការធ្វើសន្ធានកម្មនេះ និងស្នើសុំអោយខាងអគ្គនាយកដ្ឋានពន្ធដារ ផ្តល់ជូនជាបញ្ចីរាយនាមមន្រ្តីនៅខាងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងអោយចំគោលដៅមន្រី្តដែលទទួលបន្ទុកធ្វើសន្ធានកម្មទិន្នន័យ។ ២. យោងតាមការស្នើសុំរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីអោយមានកិច្ចព្រមព្រៀងរក្សាព័ត៌មានសម្ងាត់ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងរៀបចំសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះ។ ៣. ពាក់ព័ន្ធនឹងចំណូលកាត់ទុកដោយអគ្គនាយកដ្ឋានរតនាគារជាតិ ឬរតនាគាររាជធានីខេត្ត ដែលខាងអគ្គនាយកដ្ឋានពន្ធដារ ស្នើសុំទាញទិន្នន័យចំណូលពន្ធកាត់ទុកចេញពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដោយយោងតាមឈ្មោះក្រុមហ៊ុន និងប្រភេទពន្ធកាត់ទុក ដូច្នេះលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ស្នើសុំអោយខាងអគ្គនាយកដ្ឋានពន្ធដារធ្វើជាលិខិតស្នើសុំទាញទិន្នន័យចំណូលពន្ធកាត់ទុក ដើម្បីអោយក្រុមការងារសិក្សាអំពីតម្រូវការទិន្នន័យដែលខាងអគ្គនាយកដ្ឋានពន្ធដារស្នើសុំ។ ៤. អគ្គនាយកដ្ឋានពន្ធដារស្នើសុំអោយមានកិច្ចពិភាក្សាជាលក្ខណៈបច្ចេកទេសក្នុងការផ្តល់ជូនទិន្នន័យ មកកាន់ប្រព័ន្ធ FMIS ដោយស្វ័យប្រវត្តិ ទៅតាមមន្ត្រីដែលបានចាត់តាំង ដោយយោងតាមលិខិតដែលអនុម័តដោយថ្នាក់ដឹកនាំ។ គួររំលឹកផងដែរថា កន្លងមកលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ទទួលបានជោគជ័យផ្ទួនៗរួចមកហើយ ក្នុងការធ្វើសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS ជាមួយនឹងប្រព័ន្ធ ASYCUDA របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងប្រព័ន្ធ FMIS ជាមួយនឹងប្រព័ន្ធ DMFAS របស់អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល  រួមជាមួយនឹងការទទួលបានជោគជ័យក្នុងការទាញយករបាយការណ៍ធនាគារជាមួយនឹងធនាគារជាតិ និងធនាគារពាណិជ្ជ ៕

ព័ត៌មានលម្អិត

18

Jul, 2017

ប្រកាសដាក់ដេញថ្លៃផ្គត់ផ្គង់សម្ភារៈបច្ចេកទេសសម្រាប់ការអនុវត្តគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីឱ្យដំណើរការអនុវត្តគម្រោង FMIS ប្រព្រឹត្តិទៅបានដោយរលូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការប្រកាសដាក់ដេញថ្លៃផ្គត់ផ្គង់សម្ភារៈបច្ចេកទេសសម្រាប់ការអនុវត្តគម្រោង FMIS ចាប់ពីពេលនេះតទៅ ។ សូមទាញយកសេចក្តីប្រកាសនៅទីនេះ៖ http://fmis.mef.gov.kh/contents/uploads/2017/07/Mini-of-Economy-1-2-col-July.__-17.pdf

ព័ត៌មានលម្អិត