+855 23 43 00 63

4

Dec, 2018

កិច្ចប្រជុំគណៈកម្មាការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំត្រីមាសទី៣

ដោយ៖: | Tags: | មតិយោបល់: 0

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិភាក្សាលើរបាយការណ៍ត្រួតពិនិត្យតាមដានវឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ និង លទ្ធផលស្ដីពីការរៀបចំ និងកែសម្រួលផែនការសកម្មភាពរួម ដំណាក់កាលទី៣ សម្រាប់អនុវត្តឆ្នាំ២០១៩ និងឆ្នាំ២០២០ (CAP3 2019-2020) ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់កាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងរយៈពេលមួយព្រឹក គណៈកម្មាការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចែករំលែកអំពី វឌ្ឍនភាពនៃការអនុវត្តការសម្រេចរបស់គណៈកម្មាការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, របាយការណ៍តាមដានវឌ្ឍនភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរបារយការណ៍តាមដានវឌ្ឍនភាពរបស់ក្រសួង-ស្ថាប័ន ។

នៅក្នុងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តការសម្រេចរបស់គណៈកម្មាការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រីមាសទី៣ ក៏មានការលើកឡើងពីលទ្ធផលនៃការវាយតម្លៃការយល់ដឹង ការគាំទ្រ និងភាពជាម្ចាស់ពាក់ព័ន្ធនឹងប្រព័ន្ធ FMIS របស់ក្រសួង-ស្ថាប័នចំនួន១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត ។

គួររម្លឺកផងដែរថា នៅក្នុងការអនុវត្តគម្រោង FMIS ជំហានទី២ ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបានតាមផែនការមេរបស់គម្រោងសម្រាប់ការអនុវត្តនៅឆ្នាំ ២០១៨ ក្នុងនោះរួមមាន៖ ការបញ្ចប់ជាស្ថាពរនូវការបណ្ដុះបណ្ដាលវគ្គអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ជូនបណ្ដាក្រសួងថ្មីបន្ថែមចំនួន ១០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តចំនួន ២៥, ការបញ្ចប់ការដំឡើងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និង ម៉ាស៊ីនកុំព្យូទ័រ, ការដំឡើងម៉ាស៊ីនមេថ្មីសម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធ FMIS ជំហានទី២នៅក្នុងមជ្ឈមណ្ឌលទិន្នន័យថ្មីត្រូវបានបញ្ចប់, ការរៀបចំអនុវត្តគម្រោងជូនអង្គភាពថវិកាពេញសិទ្ធិដែលនឹងត្រូវអនុវត្តនៅក្នុងឆ្នាំ ២០១៩ ជាមួយនឹងការរៀបចំផែនការសកម្មភាព និង យុទ្ធសាស្ត្រនានា ក្នុងការពង្រឹងប្រសិទ្ធភាព និង គណនេយ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមរយៈការឈានដល់ការប្រើប្រាស់ប្រព័ន្ធ FMIS ទាំងស្រុងដោយកាត់បន្ថយលើនីតិវិធីប្រើប្រាស់ក្រដាសស្នាម ។