+855 23 43 00 63

23

Feb, 2017

ក្រសួងការងារ៖ ក្រសួងសេដ្ឋកិច្ចក៏ប្ដេជ្ញា ក្រសួងការងារក៏ប្ដេជ្ញាក្នុងការអនុវត្តប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា អេហ្វអឹមអាយអេស (FMIS) បានធ្វើសិក្ខាសាលាចុះបញ្ជ្រាបការយល់ដឹងស្ដីអំពីការអនុវត្តគម្រោង FMIS ដើម្បីឱ្យក្រុមការងារអនុវត្តគម្រោងនៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាមន្ត្រីនៃទីស្ដីការក្រសួង បានយល់ដឹងបន្ថែមអំពីគម្រោងមួយនេះ មុនពេលដែលប្រព័ន្ធនឹងត្រូវដាក់ឱ្យប្រើប្រាស់សាកល្បងនៅក្នុងទីស្ដីការក្រសួងការងារនាពេលឆាប់ៗខាងមុខ។

សិក្ខាសាលាដែលប្រារព្ធក្រោមអធិបតីភាពរបស់ ឯកឧត្ដម ចាប ឫទ្ធី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមរបស់មន្ត្រីមកពីនាយកដ្ឋានហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ គណនេយ្យ និងថវិកាប្រមាណជាង៥០នាក់ ត្រូវបានប្រារព្ធឡើងនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង ដែលដឹកនាំដោយ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅនៃកម្មវិធីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ការអនុវត្តគម្រោង FMIS នៅជំហានទី១ និងទី២ ក៏ដូចជាអំពីមុខងារ និងអត្ថប្រយោជន៍ ដែលផ្ដល់ដោយប្រព័ន្ធ FMIS ផងដែរ។

ថ្លែងចំណាប់អារម្មណ៍ក្នុងសិក្ខាសាលានេះ ឯកឧត្ដម ចាប ឫទ្ធី ដែលជាប្រធានក្រុមការងារអនុវត្តគម្រោង FMIS នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថាក្រសួងការងារយល់ច្បាស់អំពីភាពចាំបាច់នៃវត្តមានរបស់ប្រព័ន្ធ FMIS ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសគឺការអនុវត្តថវិកាកម្មវិធី នៅទីស្ដីការក្រសួង និងអង្គភាពថវិកាផងដែរ។

ជាមួយគ្នានឹងការប្ដេជ្ញាចិត្តក្នុងការអនុវត្តគម្រោង FMIS ឯកឧត្ដមក៏បានបញ្ជាក់ទៅកាន់មន្ត្រីនៃក្រសួងការងារថា ការកែទម្រង់គឺជាការផ្លាស់ប្ដូរ ហើយការផ្លាស់ប្ដូរគឺត្រូវតែមានការលះបង់ តិច ឬច្រើន អាស្រ័យលើទំហំ និងគោលដៅនៃការផ្លាស់ប្ដូរនេះ។ ទោះជាយ៉ាងនេះក្ដី ឯកឧត្ដមនឹងបន្តសហការក្នុងការងារគ្រប់គ្រងការផ្លាស់ប្ដូរទាំងនេះ ដោយជំរុញយុទ្ធសាស្ត្រលើការដឹកនាំ ការប្រាស្រ័យទាក់ទង ការផ្សព្វផ្សាយ ការកៀរគរអ្នកពាក់ព័ន្ធក្នុងការកែសម្រួលរចនាសម្ព័ន្ធ និងតួនាទី ព្រមទាំងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព។

លោក ហាំង តុលា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិយាយថា ក្រសួងសេដ្ឋកិច្ចក៏ប្ដេជ្ញា ក្រសួងការងារក៏ប្ដេជ្ញាក្នុងការអនុវត្តប្រព័ន្ធ FMIS ហើយ លោកសង្ឃឹមថាគម្រោងនេះនឹងអាចអនុវត្តជាផ្លូវការដោយរលូននៅដើមឆ្នាំ២០១៨ ក្រោយពីការអនុវត្តសាកល្បងក្នុងឆ្នាំ២០១៧នេះ។ លោកជឿថាការអនុវត្តសាកល្បងនឹងមានបញ្ហាប្រឈមមិនអាចចៀសផុតបាននោះទេ តែទោះជាយ៉ាងណាក្រុមការងាររបស់ក្រសួងទាំងពីរនឹងសម្រួលដោះស្រាយបញ្ហារួមគ្នា ធានាឱ្យបាននូវភាពជោគជ័យលើការអនុវត្តការងារដ៏សំខាន់មួយនេះ។

នៅចុងបញ្ចប់នៃសិក្ខាសាលានេះ មានវេទិកាសំណួរ ចម្លើយ និងសំណូមពរ ដែលក្រុមការងារបានឆ្លើយតបរាល់សំណួរ និងកង្វល់លើកឡើងដោយមន្ត្រីនៃក្រសួងការងារ។

គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាក្រសួងទី៣ ដែលទទួលបានការចុះទៅបញ្ជ្រាបការយល់ដឹងអំពីគម្រោង FMIS ពីលេខាធិការដ្ឋានគ្រប់គ្រងគម្រោង បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលនាពេលកន្លងមក។