+855 23 43 00 63

2

May, 2017

ធនាគារពិភពលោក៖ ការប្រើប្រាស់ប្រព័ន្ធ FMIS មានការពង្រឹងបានយ៉ាងច្រើន

ដោយ៖: | Tags: | មតិយោបល់: 0

មន្ត្រីរបស់ធនាគារពិភពលោក (World Bank) ប្រចាំប្រទេសកម្ពុជាបានលើកឡើងថា ការប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមរតនាគារភាគច្រើនមានការពង្រឹងបានយ៉ាងច្រើន បើធៀបទៅនឹងការអនុវត្តក្នុងដំណាក់កាលសាកល្បង ក្នុងឆ្នាំ២០១៦ កន្លងមក។

ការលើកឡើងនេះគឺត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោក បានចុះទៅធ្វើការសិក្សា និងតាមដានលើការអនុវត្តការងារក្នុងប្រព័ន្ធ FMIS នៅរតនគារខេត្តចំនួន៨ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីប្រព័ន្ធត្រូវបានដាក់ឱ្យអនុវត្តនៅរតនាគារ បានរយៈពេលជា១ឆ្នាំកន្លងមក នៅក្នុងជំហានទី១ នៃការអនុវត្តគម្រោង។

ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៧នេះ រតនាគារខេត្តទាំងអស់បានបញ្ចូលប្រតិបត្តិការហិរញ្ញវត្ថុជាប្រចាំ ទៅក្នុងប្រព័ន្ធ FMIS តែមួយគត់បានទាន់ពេលវេលា មានលទ្ធភាពទាញយករបាយការណ៍ចំណូល-ចំណាយ ការត្រួតពិនិត្យថវិកា និងការចុះបញ្ជិកាគណនេយ្យបានដោយសុក្រឹតភាព។

លើសពីនេះទៅទៀត មន្ត្រីភាគច្រើនបានយល់ដឹងកាន់តែច្បាស់អំពីមុខងារ និងអត្ថប្រយោជន៍របស់ប្រព័ន្ធ FMIS ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលនេះគឺជាសញ្ញាវិជ្ជមានមួយក្នុងការឈានទៅរកភាពជាម្ចាស់ទាំងស្រុង ក្នុងការចាប់យកប្រព័ន្ធ FMIS ដើម្បីប្រើប្រាស់ជាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតែមួយគត់នៅកម្ពុជា។

គួរបញ្ជាក់ថា ក្នុងបេសកកម្មលើកនេះមានការចូលរួមពីសំណាក់មន្ត្រីនៃធនាគារពិភពលោក មន្ត្រីតំណាងរតនាគារខេត្តព្រះសីហនុ និងកោះកុងចំនួន ២រូប និងមន្ត្រីនៃនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រមូល ចងក្រងព័ត៌មាន និងផ្លាស់ប្ដូរបទពិសោធន៍ទាក់ទងនឹងការអនុវត្តគម្រោង FMIS ក្នុងពេលកន្លងមក។

ខាងក្រោមនេះគឺជារូបថតបង្ហាញពីសកម្មភាព និងព័ត៌មានបន្ថែមមួយចំនួនក្នុងកំឡុងបេសសកម្មរបស់ធនាគារពិភពលោកទៅកាន់រតនាគារទាំង៨។