+855 23 43 00 63

1

Mar, 2018

កម្មវិធីបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ដោយ៖: | Tags: , , , , , | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីមន្ត្រីមកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ សរុបជាង២០០នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨។ គោលបំណងសំខាន់ៗនៃកម្មវិធីនេះគឺ៖ ១. ផ្ដល់លទ្ធភាពឱ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងអស់ បានស្វែងយលអំពីបទពិសោធន៍ល្អៗ ពីការអនុវត្តគម្រោង FMIS កន្លងមក ២. បញ្ជ្រាបការយល់ដឹងស៊ីជម្រៅពីទិដ្ឋភាពរួមរបស់ប្រព័ន្ធ FMIS នីតិវិធីអនុវត្តតាមប្រព័ន្ធ FMIS នៃមុខងារនីមួយៗ និងនីតិវិធីអនុវត្តស្តង់ដារ ៣. បំផុសឱ្យមានការគិតគូរ និងពិភាក្សាស៊ីជម្រៅលើការរៀបចំកំណត់អត្តសញ្ញាណ តួនាទី និងភារកិច្ច រួមទាំងការគូសព្រាងប្លង់ទីតាំងរបស់មន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុនីមួយៗ។ ក្នុងកម្មវិធីនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីការអនុម័តលើ “សេចក្ដីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ថវិកា ឆ្នាំ២០១៨-២០២៥” របស់រាជរដ្ឋាភិបាល ដែលមានគោលដៅជាក់ច្បាស់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំថវិកាពហុឆ្នាំ ឈានទៅធ្វើសាមញ្ញកម្មក្របខ័ណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យការបើកផ្ដល់តាមរយៈប្រព័ន្ធ FMIS ដោយត្រូវធ្វើការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច។ ភាគច្រើននៃមន្ត្រីដែលចូលរួមក្នុងកម្មវិធីនេះ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខងារ និងលំហូរការងារក្នុងប្រព័ន្ធ FMIS ដែលខ្លួនធ្លាប់តែឮតៗគ្នា ប៉ុន្តែមិនដែលបានស្គាល់ពីរូបរាងពិតប្រាកដថាប្រព័ន្ធនេះមានសភាពយ៉ាងណាឡើយ។ ការធ្វើបទបង្ហាញដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងមន្ត្រីតំណាងរតនាគារខេត្តបាត់ដំបង និងឧត្ដរមានជ័យ បានផ្ដល់នូវធាតុចូល និងបទពិសោធន៍យ៉ាងច្រើន ដើម្បីឱ្យមន្ត្រីមានការយល់ដឹង និងអាចពិភាក្សា ក៏ដូចជាការត្រៀមទុកជាមុនក្នុងការអនុវត្តគម្រោង FMIS នាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ប្រព័ន្ធ FMIS នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នចំនួន១០ ផ្សេងទៀតនៅក្នុងឆ្នាំ២០១៨នេះ។ ចូលមើលរូបភាពផ្សេងៗទៀតក្នុងបណ្ដាញសង្គម Facebook របស់គម្រោង៖ កម្រងរូបភាពកម្មវិធីបញ្ជ្រាបការយល់ដឹង ទាញយកសេចក្ដីប្រកាសព័ត៌មានសម្រាប់កម្មវិធី៖ http://fmis.mef.gov.kh/contents/uploads/2018/03/សេចក្ដីប្រកាសព័ត៌មាន_FMIS_Seminar.pdf ទាញយកបទបង្ហាញ៖ ការត្រៀមរៀបចំផ្នែកហេដ្ឋរចនាសម្ព័ន្ធ, យុទ្ធសាស្ត្របណ្ដុះបណ្ដាល, ការរៀបចំនីតិវិធីអនុវត្តស្តង់ដារ […]

ព័ត៌មានលម្អិត