20
May, 2015
កិច្ចប្រជុំក្រុមការងារបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM-TWG)
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ អគ្គលេខាធិការដ្ឋានគណ:កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM-TWG) នៅសាលប្រជុំធំ អគារ “ធំ” នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីរាល់អ្នកតំណាងមកពីក្រុមដៃគូអភិវឌ្ឍន៍ អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងរាល់ក្រសួង-ស្ថាប័ន។ នៅក្នុងកិច្ចប្រជុំនេះ ដៃគូអភិវឌ្ឍន៍បានផ្តល់ជាមតិយោបល់រួមដូចខាងក្រោម៖
A. មតិយោបល់ទូទៅ
1. ដៃគូអភិវឌ្ឍន៍អបអរសាទរចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់វឌ្ឍនភាពបន្តរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP)។ យោងតាមផែនការសកម្មភាពរួមទី២ (CAP 2-New) សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ចំពោះការបើកប្រាក់បៀរវត្សជូនមន្រ្តីរាជការ និងការសងបំណុលតាមរយៈប្រព័ន្ធធនាគារ។ តម្លាភាពថវិកាត្រូវបានកែលម្អដូចដែលបានឆ្លុះបញ្ចាំងនៅក្នុង ១).សិក្ខាសាលាដោយធ្វើបទបង្ហាញអំពីថវិកា ដែលធ្វើនៅឯសភាជាតិកាលពីខែធ្នូ ឆ្នាំ២០១៤ ២).វេទិកាសាធារណៈស្តីពីច្បាប់ថវិកាឆ្នាំ២០១៥ កាលពីខែធ្នូ ឆ្នាំ២០១៤ ៣).ការផ្សព្វផ្សាយពីថវិកាឆ្នាំ២០១៥ ដោយសង្ខេប និង៤). វេទិកាសាធារណៈស្តីពីក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០១៦។ ដៃគូអភិវឌ្ឍន៍នៅតែបន្តការគាំទ្រឈានមុខចំពោះ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ PFMRP។
2. ដៃគូអភិវឌ្ឍន៍អបអរសាទរចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការបញ្ចប់យុទ្ធសាស្រ្តកៀរគរចំណូល (RMS) ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា។ ការអនុម័ត និងអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូល ដែលផ្តោតលើ រដ្ឋបាលចំណូល គោលនយោបាយចំណូល ការត្រួតពិនិត្យតាមដាននិងវាយតម្លៃ គឺជាជំហានគន្លឹះឆ្ពោះទៅរកការជំរុញឱ្យ រដ្ឋាភិបាលកែលម្អ និងបង្កើនសេវាសាធារណៈជូនដល់ប្រជាជនកម្ពុជា។ ដៃគូអភិវឌ្ឍន៍នឹងបន្តត្រួតពិនិត្យតាមដានលើការអនុវត្តយុទ្ធសាស្រ្តនេះ។
3. ដៃគូអភិវឌ្ឍន៍ស្វាគមន៍ចំពោះការជម្រះបុរេប្រទានសាច់ប្រាក់ដែលនៅសល់ឆ្នាំចាស់ នៅក្នុងថវិកាឆ្នាំ ២០១៥ ដើម្បីឱ្យទទួលបានសមតុល្យថវិកាសម្រាប់ដាក់ចូលទៅក្នុងប្រព័ន្ធ FMIS។ ដៃគូអភិវឌ្ឍន៍លើកទឹកចិត្តដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យស្វែងរកជម្រើសសមស្របសម្រាប់កាត់បន្ថយ និងលុបបំបាត់នូវបុរេប្រទានសាច់ប្រាក់ទំហំធំ។ បុរេប្រទានសាច់ប្រាក់ទំហំធំ ដូចជាបុរេប្រទានគម្រោង និងវិនិយោគ ផ្តល់ផលអវិជ្ជមានចំពោះ គណនីរតនាគារជាតិទោល (TSA) និង បង្អាក់សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការផលិតនូវរបាយការណ៍ហិរញ្ញវត្ថុដែលពេញលេញ និងទាន់ពេលវេលា។ ប្រព័ន្ធ FMIS ផ្តល់នូវឱកាសក្នុងការសម្រួលដល់ដំណើរការធានាចំណាយ និងការទូទាត់ចំណាយទាន់ពេលវេលា។ ប្រព័ន្ធ FMIS នឹងបំបាត់នូវតម្រូវការបុរេប្រទានសាច់ប្រាក់ ដោយសារវិភាជន៍ថវិកាគឺអាចប្រើប្រាស់បានភ្លាមៗ។ ដៃគូអភិវឌ្ឍន៍ ស្នើដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្វែងរកបង្កើតជាកិច្ចសន្យាដែលមានបង្ហាញច្បាស់លាស់ពីដំណាក់កាល និងការផ្តល់ការទូទាត់ (ស្រដៀងទៅនឹងការអនុវត្តសម្រាប់អ្នកផ្តល់សេវាឯកជន) សម្រាប់រាល់ស្ថាប័នសាធារណៈ ដែលផ្គត់ផ្គង់ និងផ្តល់នូវទំនិញនិងសេវាកម្មដល់រដ្ឋាភិបាល។ ជម្រើសនេះនឹងលុបបំបាត់នូវបញ្ហាជម្រះឬផ្ទៀងផ្ទាត់នៅចុងឆ្នាំ ហើយក៏ស្របទៅតាមគោលបំណងដាក់ចេញគោលនយោបាយថវិកាកម្មវិធីរបស់រដ្ឋាភិបាល ក្នុងការសម្រេចឱ្យបានកាន់តែប្រសើរឡើងនូវតម្លាភាព និងគណនេយ្យភាពថវិកា។
4. ដៃគូអភិវឌ្ឍន៍ស្វាគមន៍ចំពោះវឌ្ឍនភាពសម្រាប់ការធ្វើសមាហរណកម្មថវិកា ដោយការធ្វើបច្ចុប្បន្នភាពនៃ SOP/FMM ដើម្បីធ្វើសមាហរណកម្មចំណាយហិរញ្ញប្បទានលើគម្រោងរបស់ម្ចាស់ជំនួយ ទៅក្នុងថវិកាប្រចាំឆ្នាំ និងផែនការ យុទ្ធសាស្រ្តថវិកា។ ការផ្លាស់ប្តូរនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងថវិកាឆ្នាំ ២០១៥ ដែលបែងចែកធនធានហិរញ្ញប្បទានរបស់ម្ចាស់ជំនួយនៅក្នុងថវិការបស់ក្រសួង-ស្ថាប័ន និងបែងចែកចំណាយមូលធនហិរញ្ញប្បទានតាមមូលដ្ឋានដល់គ្រប់ក្រសួង-ស្ថាប័ន។ ដៃគូអភិវឌ្ឍន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុក្នុងការកាត់បន្ថយនូវទំហំថវិកាមិនអាចបែងចែក និងមុខចំណាយមិនបានគ្រោងទុក។ ដោយការទទួលស្គាល់នៃការខិតខំប្រឹងប្រែងដើម្បីផ្តល់ឱ្យឃើញកាន់តែច្បាស់លើកញ្ចប់ថវិកាសម្រាប់ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ លើកទឹកចិត្តឱ្យបន្តការធ្វើសមាហរណកម្មថវិកាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីផ្តល់ភាពងាយស្រួលដល់ការ ប្រើប្រាស់ថវិកាទាំងមូលជាសាធារណៈ។
B. មតិយោបល់ជាក់លាក់ពាក់ព័ន្ធនឹងគម្រោង FMIS
1. ដៃគូអភិវឌ្ឍន៍អបអរសាទរចំពោះក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) សម្រាប់ការដឹកនាំអនុវត្តគម្រោង FMIS និងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់នាពេលកន្លងមក។ ក្នុងកំឡុងពេលបេសកកម្ម FMIS ដែលធ្វើឡើងដោយធនាគារពិភពលោក បានបញ្ជាក់ថា ការដាក់ប្រព័ន្ធ FMIS ឱ្យអនុវត្តជាផ្លូវការគឺនៅខែកក្កដា ឆ្នាំ២០១៥ ដែលវឌ្ឍនភាពនេះ ត្រូវថ្លែងអំណរគុណយ៉ាងធំធេងចំពោះគ្រប់ផ្នែកពាក់ព័ន្ធទាំងឡាយ។ ទី១ គឺ នាយកដ្ឋានថវិកាដែលបាន ផ្តល់ទិន្នន័យថវិកាឆ្នាំ២០១៥សម្រាប់ដាក់ចូលក្នុងប្រព័ន្ធ យោងតាមច្បាប់ថវិកាឆ្នាំ២០១៥ និងរចនាសម្ព័ន្ធលេខកូដគណនីថ្មី។ ទី២ គឺការដំឡើងមជ្ឈមណ្ឌលទិន្នន័យ (Data Center) សម្រាប់ប្រព័ន្ធ FMIS រួមមានម៉ាស៊ីនមេ ម៉ាស៊ីនផ្ទុកទិន្នន័យនិងឧបករណ៍គមនាគមន៍ ត្រូវបានបញ្ចប់រួចរាល់នៅក្នុងខែមករា ឆ្នាំ២០១៥ និងកំពុងដំណើរការ។ ដៃគូអភិវឌ្ឍន៍ក៏កោតសរសើរផងដែរចំពោះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលថ្មីៗនេះបានបញ្ចប់នូវការធ្វើសវនកម្មពេញលេញមួយដ៏លំបាកលើមជ្ឈមណ្ឌលទិន្នន័យ។ ជាងនេះទៀត ដៃគូអភិវឌ្ឍន៍ក៏បានកត់សម្គាល់លើការបង្កើតឱ្យមានក្រុមជំនួយរបស់នាយកដ្ឋានព័ត៌មានវិទ្យាផងដែរ។
2. ដៃគូអភិវឌ្ឍន៍ចង់ឱ្យដំណើរការនៃការធានាចំណាយ (Commitment) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវជាមួយនឹងលំហូរការងារស្តង់ដារ និងនីតិវិធីអនុវត្តការងារដែលផ្តល់ដោយកម្មវិធី PeopleSoft។ ជំហានធំពីរ “បញ្ចូលទិន្នន័យឬព័ត៌មាន និងសម្រេចឬអនុម័ត” នឹងត្រូវអនុវត្តស្របពេលគ្នាជាមួយនឹងការកែសម្រួលនីតិវិធីអនុវត្តការងារដែលមានស្រាប់។ ដៃគូអភិវឌ្ឍន៍លើកទឹកចិត្តឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការកែសម្រួលលើនីតិវិធីអនុវត្តការងារសព្វថ្ងៃឱ្យដូចទៅនឹងលំហូរការងាររបស់កម្មវិធី PeopleSoft តាមដែលអាចធ្វើបាន ដើម្បីជួយឱ្យរាល់តម្រូវការទូទាត់ចំណាយ មានដំណើរការទាន់ពេលវេលា និងស្វាគមន៍ចំពោះការផ្តល់ពត៌មានបន្ថែមអំពីផែនការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការបន្តដោះស្រាយការងារប្រឈមទាំងនេះ។ ការយកចិត្តទុកដាក់លើវគ្គបណ្តុះបណ្តាលគឺត្រូវតែមាន ដើម្បីធានាថា អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅអគ្គនាយកដ្ឋានរតនាគារជាតិ/ថវិកា និងនាយកដ្ឋានដទៃទៀតនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានចំណេះដឹង និងសមត្ថភាពច្បាស់លាស់ក្នុងការប្រើប្រាស់ប្រព័ន្ធថ្មី និងនីតិវិធីអនុវត្តការងារអនាគតដែលនឹងត្រូវដាក់ឱ្យអនុវត្តនៅក្នុងប្រព័ន្ធថ្មីដើម្បីបំពេញការងារប្រចាំថ្ងៃ។
3. វដ្តនៃការអនុវត្តគម្រោង FMIS គឺកំពុងស្ថិតក្នុងដំណាក់កាលសំខាន់។ នៅរយ:ពេលប្រាំមួយទៅប្រាំបួនខែខាងមុខនេះជារយ:ពេលមួយដែលអាចកំណត់បានថាតើការអនុវត្តគម្រោង និងដំណាក់កាល “ដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់ជា ផ្លូវការ” ដែលព្រមព្រៀងទទួលយករវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ FMIS អាចដំណើរការបន្តបានឬមិនបាន។ ដៃគូអភិវឌ្ឍន៍ជំរុញឱ្យរាល់មន្រ្តីពាក់ព័ន្ធទាំងអស់ និងក្រុមហ៊ុនផ្គត់ផ្គង់យកចិត្តទុកដាក់លើរាល់ការងាររបស់ខ្លួនទៅតាមផែនការអនុវត្តគម្រោងដែលបានកែសម្រួលរួច និងធ្វើការរួមគ្នាដើម្បីធានាថាការងារទាំងនោះនឹងត្រូវបានបញ្ចប់ទាន់ពេលវេលានិងអាចទទួលយកបាន។
4. ដៃគូអភិវឌ្ឍន៍ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាពិភាក្សាគិតគូរលើវិសាលភាពរបស់ដំណាក់កាលទី២នៃគម្រោង FMIS។ ដំណាក់កាលបច្ចុប្បន្ននៃគម្រោង FMIS នឹងត្រូវបញ្ចប់រួចរាល់ក្នុងកំឡុងឆ្នាំ ២០១៦។ ដូចនេះ គួរចាប់ផ្តើមពិភាក្សាគិតគូរនាពេលនេះ ថាតើរាជរដ្ឋាភិបាលមានគោលបំណងបន្តទៅដំណាក់កាលទី២ទៀតឬអត់ ដើម្បីបញ្ចៀសនូវចន្លោះខ្វះខាតសំខាន់ៗ រវាងដំណាក់កាលទាំងពីរ កំឡុងពេលដែលមន្ត្រីសំខាន់ៗភាគច្រើនទំនងនឹងត្រូវផ្លាស់ប្តូរមុខងារ និងតួនាទីរបស់ខ្លួន។ ជាងនេះទៅទៀត បទពិសោធន៍និងចំណេះដឹងនាពេលបច្ចុប្បន្នគឺមានការលំបាកក្នុងការរក្សា ហើយកម្លាំងជំរុញសម្រាប់ឆ្ពោះទៅមុខដែលទទួលបានពីការអនុវត្តក្នុងដំណាក់កាលទី១ នឹងត្រូវបាត់បង់។ ប្រសិនបើការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធកាន់តែមានភាពយឺតយ៉ាវ នោះការចំណាយនឹងមានកាន់តែច្រើន ចំណែកគោលដៅឆ្ពោះទៅអនុវត្តដំណាក់កាលបន្ទាប់ក៏នឹងត្រូវពន្យារពេលកាន់តែយូរ។ ខាងក្រោមនេះ ជាវិសាលភាពដែលអាចអនុវត្តបានសម្រាប់ដំណាក់កាលបន្ទាប់របស់គម្រោង FMIS៖
a) ប្រព័ន្ធទូទាត់ប្រាក់បៀវត្ស៖ ប្រព័ន្ធប្រាក់បៀវត្សនឹងតម្រូវឱ្យមានការកែតម្រូវដើម្បី អាចបែងចែកការចំណាយប្រាក់បៀវត្សតាមកម្មវិធីសម្រាប់ធានាដល់ថវិកាកម្មវិធីដែលនឹងដាក់អនុវត្តពេញលេញតាមការគ្រោងទុក។ ប្រសិនបើគ្មានការបែងចែកការចំណាយប្រាក់បៀវត្ស នោះថវិកាកម្មវិធីនឹងមិនបានបង្ហាញពីសារៈសំខាន់ដែលទាក់ទងនឹងថវិកាកម្មវិធី។ លើសពីនេះ ការគិតគូរពិចារណា ថាតើត្រូវបង្កើតឱ្យមានប្រព័ន្ធ HRMIS ដែលរួមមានព័ត៌មានលើសពីប្រាក់បៀវត្ស គួរតែត្រូវដាក់បញ្ចូលសម្រាប់ដំណាក់កាលបន្ទាប់ឬទេ។
b) មុខងាររៀបចំថវិកា៖ ការបង្កើតប្រព័ន្ធសម្រាប់ប្រមូលផ្តុំថវិកាដែលប្រើប្រាស់ក្នុងនាយកដ្ឋានថវិកា ដែលជាមុខងាររៀបចំថវិកាពេញលេញសម្រាប់ដំណាក់កាលបន្ទាប់ នឹងជួយដល់ការបញ្ចូលទិន្នន័យថវិកាតាម កម្មវិធី។
c)មុខងារបន្ថែមរបស់ប្រព័ន្ធ៖ គណនេយ្យសម្រាប់គម្រោង នឹងតម្រូវឱ្យយកមកពិចារណាតទៅទៀត។ នៅដំណាក់កាលបច្ចុប្បន្ននេះ មូលនិធិសម្រាប់គម្រោងដែលផ្តល់ដោយរដ្ឋាភិបាលនឹងត្រូវបានកត់ត្រាទៅក្នុងប្រព័ន្ធ FMIS។ ប៉ុន្តែមូលនិធិសម្រាប់គម្រោងដែលផ្តល់ដោយម្ចាស់ជំនួយនឹងមិនកត់ត្រាទៅក្នុងប្រព័ន្ធ FMIS ទេ។ ដើម្បីធានានូវភាពគ្រប់ជ្រុងជ្រោយនៃថវិកាតាមផែនការយុទ្ធសាស្រ្តថវិកា ដៃគូអភិវឌ្ឍន៍ផ្តល់ជាអនុសាសន៍ថា នៅដំណាក់កាលទី២ ត្រូវបញ្ចូលមូលនិធិរបស់ម្ចាស់ជំនួយទៅក្នុងប្រព័ន្ធ ក្នុងចំណាត់ថ្នាក់គម្រោង (project segment) ដើម្បីឱ្យការចំណាយលើគម្រោងសរុបនឹងត្រូវបានកត់ត្រាចូលក្នុងប្រព័ន្ធ FMIS ដែរ។
d) មុខងារទ្រព្យអកម្ម៖ ដោយរដ្ឋាភិបាលមានចំណាប់អារម្មណ៍ក្នុងការកត់ត្រាទ្រព្យអកម្មរបស់រដ្ឋាភិបាល មុខងារទ្រព្យអកម្មនៅក្នុងដំណាក់កាលទី២ នឹងផ្តល់មុខងារមួយស្របតាមតម្រូវការសម្រាប់គណនេយ្យទ្រព្យសម្បត្តិរដ្ឋ។
e) ការគ្រប់ដណ្តប់ដល់ក្រសួង-ស្ថាប័ន៖សារៈប្រយោជន៍នៃប្រព័ន្ធ FMIS នឹងត្រូវបានទទួលស្គាល់ពេញលេញនៅពេលដែលប្រព័ន្ធបានដាក់ឱ្យអនុវត្តដល់គ្រប់ក្រសួង-ស្ថាប័ន។ សារៈប្រយោជន៍នេះ នឹងអាចផ្ទេរអំណាចលើការត្រួតពិនិត្យ និងគ្រប់គ្រងហិរញ្ញវត្ថុទៅដល់ក្រសួង-ស្ថាប័ន ខណ:ពេលដែលអាចរក្សាទុកប្រព័ន្ធទូទាត់រួមកណ្តាលនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងគណនីរតនាគារជាតិទោល (TSA) ជាមួយនឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ដែលឈានមុខគេ។ ក្រសួង-ស្ថាប័នទាំងនេះ អាចរៀបចំ និងស្នើសុំថវិការបស់ខ្លួនតាម Online បង្កើតកិច្ចសន្យា ធ្វើសំណើទូទាត់ និងអនុវត្តសកម្មភាពគ្រប់គ្រងថវិកាជាប្រចាំ។
C. មតិយោបល់ផ្សេងៗ
1. ដៃគូអភិវឌ្ឍន៍អបអរសាទរចំពោះ GSC ក្នុងការកែលម្អគុណភាពនៃរបាយការណ៍វឌ្ឍនភាពរបស់ PFMRP។ របាយការណ៍វឌ្ឍនភាព ជាពិសេសសម្រាប់ត្រីមាសទី៣ ដែលបញ្ចូលនូវការពណ៌នាពីវឌ្ឍនភាពនៃ CAP 2 New ផ្តល់នូវការពណ៌នាលម្អិតដោយភ្ជាប់ជាមួយនឹងគោលបំណងនៃ CAP2 New។ ដៃគូអភិវឌ្ឍន៍លើកទឹកចិត្តឱ្យធ្វើការកែលម្អបន្ថែមដោយផ្តល់នូវការពិភាក្សាលម្អិតលើសកម្មភាពដែលបានគ្រោងទុក និងលទ្ធផលសម្រេចបាន ជំនួសឱ្យការ រាយការណ៍សង្ខេបកម្រិតខ្ពស់ (high level Summary)។ ឧទាហរណ៍ ចង្កោមសកម្មភាព ១១.៣ សម្រេចបានតិចជាង ៥០% (ទំព័រទី៩ នៃអត្ថបទភាសាខ្មែរ និងទំព័រទី១០ នៃអត្ថបទភាសាអង់គ្លេស)។
2. ដៃគូអភិវឌ្ឍន៍សម្គាល់ឃើញថាចំពោះការអនុវត្តថវិកា នៅក្នុងត្រីមាសទី ១ ទី២ ទី៣ និងទី៤ ឆ្នាំ២០១៤ មានល្បឿនយឺតបើប្រៀបធៀបទៅនឹងកំឡុងពេលដូចគ្នាក្នុងឆ្នាំ២០១៣ និងទាបជាងគោលដៅ១៥% នៅក្នុងត្រីមាសទី ១ ៤៥%ក្នុងត្រីមាសទី២ ៦៧% ក្នុងត្រីមាសទី៣ និង ៩៦% ក្នុងត្រីមាសទី៤៖ ១៣,៤% ក្នុងត្រីមាសទី១ ៣៣,៣%ក្នុងត្រីមាសទី២ ៥៦,២%ក្នុងត្រីមាសទី៣, ៩៤%ក្នុងត្រីមាសទី៤ សម្រាប់ឆ្នាំ២០១៤ Vs. ១៩%ក្នុងត្រីមាសទី១ ៣៧,៣%ក្នុងត្រីមាសទី២ ៦០,៥%ក្នុងត្រីមាសទី៣ សម្រាប់ឆ្នាំ២០១៣។ ដៃគូអភិវឌ្ឍន៍នឹងស្វាគមន៍ចំពោះការផ្តល់ការពន្យល់លើការអនុវត្តយឺតយ៉ាវនេះ។
3.ដៃគូអភិវឌ្ឍន៍កត់សម្គាល់ចំពោះការរីកចំរើនបន្តលើការងារថវិកាកម្មវិធី៖ ក្បួនណែនាំលើនីតិវិធីចំណាយ និងបរិបទត្រួតពិនិត្យហិរញ្ញវត្ថុនៃថវិកាកម្មវិធីត្រូវបានបង្កើតរួចរាល់។ ច្បាប់ឬបញ្ញត្តិ អនុក្រិត និងនីវិធីតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងថវិកាកម្មវិធីត្រូវបានត្រួតពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាព។ លើសពីនេះឯកសារបណ្តុះបណ្តាលអំពីថវិកាកម្មវិធីក៏ត្រូវបានធ្វើបច្ចុប្បន្នភាព។ ដៃគូអភិវឌ្ឍន៍ស្វាគមន៍ចំពោះការផ្តល់ជារបាយការណ៍ និងការបើកសិក្ខាសាលាស្តីពីវឌ្ឍនភាពសម្រាប់ការអនុវត្តជាក់ស្តែងនៃថវិកាកម្មវិធីនៅក្រសួង-ស្ថាប័ន។
4.ដៃគូអភិវឌ្ឍន៍ថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងអនុវត្តថវិកាកម្មវិធីពី១០ ក្រសួង-ស្ថាប័ន និងបន្ថែម ១៥ ក្រសួង-ស្ថាប័នទៀត ក៏ដូចជាអនុវត្តទៅដល់កម្រិតថ្នាក់ក្រោមជាតិក្នុងឆ្នាំ ២០១៥ និង ២០១៦៖ ដៃគូអភិវឌ្ឍន៍លើកទឹកចិត្តដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យបង្កើតនូវយុទ្ធសាស្រ្តកសាងសមត្ថភាពរយៈពេលមធ្យម និងផែនការ បណ្តុះបណ្តាលសម្រាប់ក្រសួង-ស្ថាប័នទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្ត ដើម្បីធានាការអនុវត្តថវិកាកម្មវិធី និងលទ្ធផលសម្រេចបានពិតប្រាកដ។
5. ដៃគូអភិវឌ្ឍន៍បានកត់សម្គាល់នៅក្នុងរបាយការណ៍វឌ្ឍនភាពថា “គណនីរតនាគារជាតិទោល (TSA)ត្រូវពង្រឹងបន្ថែម” ហើយមានបញ្ហាប្រឈមជាបន្តបន្ទាប់ជាមួយនឹងការសហការគ្នាក្នុងការកំណត់គណនីដោយឡែកនៅធនាគារពាណិជ្ជ៖ ឧទាហរណ៍ របាយការណ៍ត្រីមាសទី២ បង្ហាញថា “គណនីធនាគារដោយឡែកត្រូវបានបើក ហើយត្រូវបានតាមដាននិងត្រួតពិនិត្យ ប៉ុន្តែពុំមានផ្តល់នូវព័ត៌មានលម្អិត និងខ្វះនូវការសហការក្នុងការផ្តល់ព័ត៌មានអំពីគណនីថ្មីនៅក្នុងធនាគារពាណិជ្ជ”។ ដៃគូអភិវឌ្ឍន៍ស្វាគមន៍ចំពោះផែនការក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។
6. ដៃគូអភិវឌ្ឍន៍ជំរុញឱ្យរៀបចំជារបាយការណ៍វឌ្ឍនភាពទាន់ពេលវេលា ដើម្បីឱ្យការសម្រេច និងវិធានការកែតម្រូវអាចយកមកពិភាក្សា រៀបចំ និងអនុវត្ត ក្នុងការកែលម្អការអនុវត្តគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។