17
Apr, 2015
កិច្ចប្រជុំស្តីពី “ការពិភាក្សាលើការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS END USER)”
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង៩:០០នាទីព្រឹក នៅសាលប្រជុំធំ អគារ “ធំ” នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិច្ចប្រជុំស្តីពី “ការពិភាក្សាលើការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS END USER)”។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងមានការចូលរួមពី ឯកឧត្តមអគ្គាធិការ ឯកឧត្តមអគ្គនាយក លោកប្រធាន លោកនាយក ក្រុមការងារ FMWG និងមន្ត្រីដែលពាក់ព័ន្ធ។
កិច្ចប្រជុំនេះ មានគោលបំណងធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធការអនុវត្តគម្រោង FMIS ដើម្បីពិភាក្សាអំពីការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS (FMIS END USER) និងការគ្រប់គ្រងការបណ្តុះបណ្តាល ព្រមទាំងស្នើសុំឱ្យនាយកដ្ឋានពាក់ព័ន្ធចូលរួមសហការក្នុងការបញ្ជូនចំនួនមន្ត្រី និងឈ្មោះមន្ត្រីដែលមានសក្តានុពលក្នុងការបំពេញការងារនៅក្នុងប្រព័ន្ធ FMIS ។
ជាកិច្ចបញ្ចប់នៃអង្គប្រជុំ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានធ្វើការបូកសរុបជារួមថា ផែនការបណ្តុះបណ្តាលបានរៀបចំរួចរាល់ដែលត្រូវការមន្ត្រីជំនាញដើម្បីចូលរួមវគ្គបណ្តុះបណ្តាលក្នុងកម្រិតទាំងបួនរួមមាន កម្រិតមូលដ្ឋាន កម្រិតជំនាញ កម្រិតប្រើប្រាស់ប្រព័ន្ធ FMIS និងកម្រិតគ្រប់គ្រងប្រព័ន្ធ FMIS។ ដូចនេះអគ្គនាយកដ្ឋាន និងនាយក-ដ្ឋានពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យមើលលើទំហំប្រតិបត្តិការ ដើម្បីកំណត់ចំនួនមន្ត្រី និងបញ្ជូនមន្ត្រីដែលមានជំនាញច្បាស់លាស់មកក្រុមការងារ FMWG នៃនាយកដ្ឋានព័ត៌មានវិទ្យា ហើយមន្រ្តីដែលត្រូវបានបញ្ជូនឈ្មោះមក គឺជាមន្រ្តីដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលនូវវគ្គបណ្តុះបណ្តាល និងត្រលប់ទៅវិញធ្វើការពាក់ព័ន្ធនឹងប្រព័ន្ធ FMIS។ អគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធត្រូវចូលរួមសហការក្នុងការបញ្ជូនចំនួន និងឈ្មោះមន្ត្រីដែលមានសក្តានុពលក្នុងការបំពេញការងារនៅក្នុងប្រព័ន្ធ FMIS រួមមាន មន្រ្តីបញ្ចូលទិន្នន័យឬព័ត៌មាន (Add) សម្រេចឬអនុម័ត (Confirm) និងចំនួនមន្ត្រីដែលត្រូវការចូលមើល (Read Only) និងទាញយករបាយការណ៍មកវិភាគ ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។
កិច្ចប្រជុំ បានបញ្ចប់នៅវេលាម៉ោង ១១:៣០ នាទីព្រឹក ប្រកបដោយភាពស្និទ្ធស្នាល និងសាមគ្គីភាពជាធ្លុងមួយដើម្បីភាពជោគជ័យរបស់គម្រោង FMIS។
សម្រាប់ព័ត៌មានលម្អិតសូមចូលទាញយកកំណត់ហេតុ