+855 23 43 00 63

6

Apr, 2015

ប្រកាស​ព័ត៌មាន លេខ ១៣ (ខែ មីនា ឆ្នាំ ២០១៥)

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការដែលនឹងមកដល់ខែ កក្កដា ឆ្នាំ២០១៥ ខាងមុខនេះ ក្រុមការងាររួម (Joint Team) កំពុងខិតខំយ៉ាងសកម្ម ធ្វើយ៉ាងណាឲ្យបញ្ចប់ការអនុវត្តនូវសកម្មភាពគន្លឹះៗជាបន្តបន្ទាប់ស្របតាមផែនការដែលបានគ្រោងទុក។ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីពី “ការពិភាក្សាលើការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS END USER) ជាមួយអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS។  ទិសដៅនៃកិច្ចប្រជុំគឺ  ទី១) ការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS (FMIS END USER)            ការគ្រប់គ្រងការបណ្តុះបណ្តាល និងផលប្រយោជន៍នៃការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ FMIS និងទី២) ស្នើសុំឲ្យអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធចូលរួមសហការក្នុងការបញ្ជូនចំនួនមន្រ្តី និងឈ្មោះមន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS។
រហូតមកដល់ពេលនេះ ការរៀបចំដំឡើងប្រព័ន្ធ (System Configuration) លើមុខងារសំខាន់ទាំង៦ ស្របទៅតាមនីតិវិធីអនុវត្តការងារអនាគតបានបញ្ចប់រួចរាល់ជាស្ថាពរ។  ក្រុមការងារ FMWG កំពុងចាប់ផ្តើមធ្វើការសាកល្បងប្រើប្រាស់ប្រព័ន្ធ (System Integration Test) ទៅលើប្រព័ន្ធនេះ ដោយផ្អែកតាម Test Case និង Test Script ដើម្បីស្វែងរកកំហុសឆ្គងនានា និងកែសម្រួលមុនពេលដាក់ប្រព័ន្ធឲ្យប្រើប្រាស់ជាផ្លូវការ។ ចំណែកការទាញយកទិន្នន័យជាក់ស្តែងពីប្រព័ន្ធនានា សម្រាប់មុខងារសៀវភៅធំ (General Ledger) ក្រុមការងារ Data Conversion កំពុងពិភាក្សាគ្នាបន្ថែមទៅលើបច្ចេកទេស ហើយគ្រោងនឹងសម្រេចនាពេលឆាប់ៗនេះ។  ការងារពាក់ព័ន្ធនឹងការធ្វើសន្ធានកម្មជាមួយប្រព័ន្ធ ASYCUDA ប្រព័ន្ធ DMFAS ប្រព័ន្ធ Payroll និងប្រព័ន្ធធនាគារជាតិ កំពុងតែអនុវត្តយ៉ាងសកម្ម និងជិតបញ្ចប់ដោយជោគជ័យ។
ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរនៅតែបន្តអនុវត្តការផ្សព្វផ្សាយអំពីវឌ្ឍនភាព និងផលប៉ះពាល់របស់គម្រោងដល់អគ្គ-នាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធទាំងអស់តាមគ្រប់រូបភាព ទាំងការទំនាក់ទំនងផ្សព្វផ្សាយផ្ទាល់ តាមគេហទំព័រ និងកិច្ចប្រជុំផ្សេងៗ។ កន្លងទៅថ្មីនេះ ក្រុមការងារបានចុះជួបផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីនៃរតនាគារ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតាកែវ ដើម្បីសិក្សាបន្ថែមលើប្រតិបត្តិការ និងនីតិវិធីអនុវត្តការងារជាក់ស្តែងប្រចាំថ្ងៃ ដើម្បីប្រមូលព័ត៌មានចាំបាច់បន្ថែមសម្រាប់ជាធាតុចូលក្នុងការវិភាគឲ្យបានលម្អិតដែលជាមូលដ្ឋាននៅពេលដាក់ប្រព័ន្ធឲ្យអនុវត្តប្រព័ន្ធជាផ្លូវការទៅដល់រតនាគាររាជធានី-ខេត្តទាំង ២៥។

ក្រុមហ៊ុនផ្គត់ផ្គង់កំពុងបន្តផ្តល់វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទាក់ទងនឹងការប្រើប្រាស់កម្មវិធី PeopleSoft ដល់ក្រុមការងារ FMWG ដើម្បីពង្រឹងសមាជិកក្រុមការងារសម្រាប់ជាជំនួយដល់ការបណ្តុះបណ្តាលផ្លូវការនាពេលឆាប់ៗខាងមុខដល់អ្នកដែលត្រូវប្រើប្រាស់ប្រព័ន្ធទាំងអស់។ ចំណែកក្រុមការងារ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ក៏បានសិក្សាបន្ថែមទៅលើទីតាំងសម្រាប់ដំឡើងប្រព័ន្ធបណ្តាញ Network ដល់អគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធទាំងអស់ និងកំពុងសិក្សាស៊ីជម្រៅបន្ថែមទៅលើមជ្ឈមណ្ឌលទិន្នន័យមេ (Data Center) ដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗដែលអាចកើតឡើង។
ស្ថិតក្នុងដំណាក់កាលដ៏សំខាន់ សូមក្រុមការងារ និងមន្រ្តីនៅអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធទាំងអស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមខ្លួនចូលរួមរាល់វគ្គបណ្តុះបណ្តាលទាំងអស់ និងសហការជាមួយនឹងក្រុមការងាររួមរបស់គម្រោង ដើម្បីឲ្យការអនុវត្តគម្រោង FMIS របស់យើង ប្រកបដោយភាពរលូន និងជោគជ័យ។

សម្រាប់ព័ត៌មានលម្អិតនិងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ឬទំនាក់ទំនងតាមអ៊ីមែល ឬទូរស័ព្ទដូចខាងក្រោម៖
គេហទំព័រ៖ https://fmis.mef.gov.kh អ៊ីមែល៖ fmis.info@mef.gov.kh
ទូរស័ព្ទទំនាក់ទំនង៖០២៣ ៤៣០០៦៣

លោកអ្នកអាចទាញយកប្រកាសព័ត៌មាន លេខ ០១៣ (ខែ មីនា ឆ្នាំ ២០១៥) បានពីទំព័រនេះ៖

https://fmis.mef.gov.kh/documents-and-publications/bulletins/