+855 23 43 00 63

19

Mar, 2018

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបង្ហាញការស្វាគមន៍ទទួលយកការប្រើប្រាស់ប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

កំពង់ធំ ព្រះវិហារ សៀមរាប មណ្ឌលគីរី រតនគីរី និង ស្ទឹងត្រែង៖ “ខ្ញុំស្វាគមន៍ និង ឯកភាពនូវរាល់តម្រូវការ និង ផ្តល់ជូននូវអ្នកប្រើប្រាស់អោយសមស្របទៅនឹងមុខងារនីមួយៗនៃប្រព័ន្ធ ព្រមទាំងផ្តល់ទីតាំងសម្រាប់ដាក់ឧបករណ៍      ដែលក្រុមការងារគ្រប់គ្រងគម្រោងត្រូវការក្រោមការពិនិត្យតាមលក្ខណៈបច្ចេកទេស។” នេះជាការលើកឡើងរបស់លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ   ក្នុងបេសកកម្មរបស់លេខាធិការដ្ឋានចុះសិក្សានីតិវិធីអនុវត្តការងាររបស់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តកាលពីថ្ងៃទី១២-១៦ ខែមីនា ឆ្នាំ២០១៨។

ថ្នាក់ដឹកនាំនិង មន្រ្តីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំ ព្រះវិហារ សៀមរាប មណ្ឌលគីរី រតនគីរី និង ស្ទឹងត្រែង បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដូចៗគ្នា ដល់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានបន្តបេសកកម្មរបស់ខ្លួនក្នុងការចុះសិក្សានីតិវិធីអនុវត្តការងារនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដើម្បីរៀបចំឱ្យមន្ទីរប្រើប្រាស់ប្រព័ន្ធ FMIS បានរលូន។

ការគាំទ្រយ៉ាងពេញទំហឹងរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តនេះ បានបង្ហាញឱ្យឃើញថាអ្នកពាក់ព័ន្ធបានយល់ពីសារៈសំខាន់ ព្រមទាំងសមិទ្ធិផលនានារបស់ប្រព័ន្ធ FMIS ក៏ដូចជាខិតប្រឹងប្រែងរបស់ក្រុមការងារក្នុងការកសាងទំនុកចិត្តពីរាល់សំណាក់អ្នកប្រើប្រាស់ និង គ្រប់ភាគីពាក់ព័ន្ធកន្លងមក។

ដូចដំណើរបេសកកម្មសប្តាហ៍មុនដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានប្រមូលយកជាធាតុចូលដែលរួមមាន លំហូរការងារបច្ចុប្បន្នលើប្រតិបត្តិការចំណូល-ចំណាយ និង ការបញ្ជាទិញ (ធានាចំណាយ និង កិច្ចលិទ្ធកម្ម) ឈ្មោះអ្នកប្រើប្រាស់ (Security Matrix) អង្គការលេខ ព្រមទាំងលិខិតបង្គាប់ការ។ បន្ថែមពីលើនោះ  ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ និង បណ្តាញតភ្ជាប់ក៏បានពិនិត្យរួចជាស្រេចនូវទីតាំងសម្រាប់ដាក់ឧបករណ៍របស់អ្នកប្រើប្រាស់ ព្រមទាំងទីតាំងសម្រាប់ដាក់មជ្ឈមណ្ឌលទិន្នន័យ និង កម្រិតភ្លើងដែលមានស្រាប់នៅតាមមន្ទីរនីមួយៗ។

ក្រោមការដឹកនាំ និង ប្រគល់តួនាទីភារកិច្ចច្បាស់លាស់  ក្រុមការងារគ្រប់គ្រងគម្រោងមានលទ្ធភាពក្នុងការសាកសួរដល់ភាគីពាក់ព័ន្ធ ព្រមទាំងទទួលបាននូវព័ត៌មានក៏ដូចជាឯកសារសមស្រប និង គ្រប់គ្រាន់សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះក្នុងការរៀបចំប្រព័ន្ធ ក៏ដូចជាកំណត់អ្នកប្រើប្រាស់។  ក្រុមការងារក៏មិនភ្លេចថ្លែងអំណរគុណចំពោះភាគីទាំងអស់ដែលបានជួយជ្រុមជ្រែង និង ជំរុញគម្រោងអោយទៅមុខជានិច្ច ដោយមិនមានការបកត្រលប់ក្រោយ។ ជាសរុបបេសកកម្មទៅកាន់ខេត្តទាំង៦ខាងលើបានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ និង ផ្លែផ្ការ។

ស្របពេលជាមួយគ្នានោះក្រុមការងារហេដ្ឋារចនាសម្ព័ន្ធក៏បានចុះត្រួតពិនិត្យឧបករណ៍  ព្រមទាំងបានដោះដូរ UPS នៃម៉ាស៊ីនកំព្យូទ័ររបស់អ្នកប្រើប្រាស់នៃរតនាគារខេត្តទាំង៦ផងដែរ។ សូមបញ្ជាក់ផងដែរថាក្រុមការងារគ្រប់គ្រងគម្រោងនឹងបន្តបេសកកម្មរបស់ខ្លួន ទៅកាន់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តចំនួន៧ ទៀត ដែលនឹងចាប់ផ្តើមពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៨ ដើម្បីប្រមូលធាតុចូលដូចខាងលើ។