
10
Sep, 2020
វគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន”
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែភក្របទ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សហការជាមួយក្រុមហ៊ុន Deloitte បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី “សុវត្ថិភាពអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន” ជូនមន្ត្រីរនគាររាជធានី-ខេត្តទាំង ២៥ និង មន្ត្រីនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ដើម្បីស្វែងយល់ពីសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលកំពុងប្រើប្រាស់សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ។ ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលចូលរួមទទួលបានចំណេះទាក់ទងនឹងព័ត៌មាន និងការចែករំលែកពីសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានដូចជា៖
- ការប្រើប្រាស់ព័ត៌មាន ការចែករំលែកព័ត៌មាន ការរក្សាទុកព័ត៌មានដោយការទទួលខុសត្រូវ និងមានសុវត្ថិភាព
- ការបែងចែកប្រភេទព័ត៌មានអោយច្បាស់លាស់ថាមួយណាជាព័ត៌មានទូទៅ មួយណាជាព័ត៌មានសំខាន់ ជៀសវាងការចែករំលែក និងការរក្សាទុកមិនបានល្អ
- ការប្រើប្រាស់ Email, Internet, Electronic devices ដោយពិនិត្យមើលប្រភពឱ្យបានច្បាស់លាស់ជៀសវាងការបន្លំរបស់អនាមិក ដើម្បីលួចទិន្នន័យពីអ្នកប្រើប្រាស់
- ការគ្រប់គ្រង និងការរក្សាទិន្នន័យឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព
- ការកំណត់លេខសម្ងាត់ដែលពិបាកក្នុងការបំបែក និងមានសុវត្ថិភាព
- ការប្រើប្រាស់ និងការថែរក្សាមជ្ឈដ្ឋានការងារឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព(clean desk and screen)
- ការពិនិត្យ និងការវិភាគលើព័ត៌មានដែលទទួលបានថាពិតជាព័ត៌មានដែលទុកចិត្តបាន និងពិតដែរឬទេមុននឹងទទួលយកឬចែករំលែក ។









