+855 23 43 00 63

22

Jul, 2016

ការចុះបណ្ដុះបណ្ដាលមន្ត្រី និងថែទាំសម្ភារបច្ចេកទេសប្រព័ន្ធ FMIS ជុំទីពីរ

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់ពីថ្ងៃទី០៨ ខែឧសភា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តចុះទៅបណ្ដុះបណ្ដាលមន្ត្រីអំពីរបៀបប្រើប្រាស់ប្រព័ន្ធ ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង និងការស្នើសុំរបស់មន្ត្រីប្រើប្រាស់ប្រាស់ប្រព័ន្ធនៅតាមរតនាគាររាជធានី-ខេត្ត ។

គោលបំណងនៃការចុះបណ្ដុះបណ្ដាលបន្ថែមលើកនេះគឺផ្ដោតសំខាន់លើ ចំណេះដឹងស្ដីអំពីការប្រើប្រាស់មុខងារក្នុងប្រព័ន្ធ និងការបង្ហាញពីរបៀបប្រើប្រាស់ប្រព័ន្ធ Help Desk  ក្នុងការជួយដោះស្រាយបញ្ហាពីចម្ងាយដោយការប្រើប្រាស់ប្រព័ន្ធ (Remote Assistance) និងការចុះត្រួតពិនិត្យ ថែទាំម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនថតចំឡង ម៉ាស៊ីន Scan និងឧបករណ៍សម្ភារបច្ចេកវិទ្យានានាទាក់ទងនឹងប្រព័ន្ធ FMIS។

ក្នុងបេសកកម្មនេះ ក្រុមការងារបានបែងចែកជាពីរក្រុមធំៗ ចុះទៅតាមគ្រប់រតនាគាររាជធានី-ខេត្ត ដែលក្នុងរតនាគារមួយត្រូវចំណាយរយៈពេលពីរថ្ងៃពេញ។ បេសកកម្មទាំងមូលត្រូវចំណាយពេលសរុប ប្រហែលពីរខែពេញ ដោយចាប់ផ្ដើមពីថ្ងៃទី០៨ ខែឧសភា ដល់ថ្ងៃទី១២ ខែកក្កដា។

ជាលទ្ធផល ក្រុមការងារបានដោះស្រាយ និងពន្យល់ណែនាំអំពីភាពងឿងឆ្ងល់ និងបញ្ហានានាដែលលើកឡើងដោយមន្ត្រីប្រើប្រាស់ប្រព័ន្ធផ្ទាល់។ ក្រុមការងារសង្កេតឃើញថា មន្ត្រីនៅរតនាគារបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការត្រងត្រាប់ចាប់យកចំណេះដឹងបន្ថែមពីការចុះបណ្ដុះបណ្ដាលលើកនេះ។ ទោះជាយ៉ាងនេះក្ដី ក្រុមការងារក៏បានស្វែងរកឃើញចំណុចគន្លឹះរួមមួយចំនួន ដែលភាគីពាក់ព័ន្ធចាំបាច់ត្រូវពិចារណាស្វែងរកដំណោះស្រាយរួម៖

  • រតនាគារមួយចំនួននៅតែកត់ត្រាក្នុងប្រព័ន្ធចាស់របស់ខ្លួន ដែលធ្វើឱ្យបន្ទុកការងារកើនឡើង ហើយត្រូវចំណាយពេលយូរក្នុងការរៀបចំបញ្ជីវិភាគដោយដៃសម្រាប់អគ្គនាយកដ្ឋានរតនាគារជាតិជារៀងរាល់ខែ
  • មន្ត្រីមួយចំនួនមិនអាចចូលរួមពេញលេញក្នុងការបណ្ដុះបណ្ដាលការប្រើប្រាស់ប្រព័ន្ធ ដោយសារមូលហេតុជាប់រវល់ជាមួយការងារដោយដៃរបស់គាត់
  • ភាពខុសគ្នាមួយចំនួននៃលេខគណនីក្នុងប្រព័ន្ធ FMIS និងលេខគណនីបច្ចុប្បន្ន ដែលកំពុងប្រើប្រាស់ក្នុងរតនាគារ ធ្វើឱ្យរបាយការណ៍ ឬឯកសារផ្សេងៗ ដែលបោះពុម្ពពីប្រព័ន្ធមិនអាចប្រើប្រាស់បាន
  • ចរន្តអគ្គិសនីនៅខេត្តខ្លះមិនទាន់មានស្ថេរភាពគ្រប់គ្រាន់ ឬមានការដាច់ញឹកញាប់ ដែលអាចបង្កឱ្យឧបករណ៍អេឡិចត្រូនិចប្រើប្រាស់ផ្គត់ផ្គង់ប្រព័ន្ធឆាប់ខូច
  • សមត្ថភាពមន្ត្រីមួយចំនួននៅមានកម្រិត ដែលធ្វើឱ្យការចុះប្រតិបត្តិការក្នុងប្រព័ន្ធមានសភាពយឺតយ៉ាវ និងមិនអាច ស្វែងរក ឬដោះស្រាយបញ្ហា Error ពេលចុះប្រតិបត្តិការភ្លាមៗបាន។

ជាទូទៅ ក្រុមការងារគ្រប់គ្រងគម្រោងក៏បានបង្ហាញពីសុទិដ្ឋិនិយមទៅលើការចុះបណ្ដុះបណ្ដាលលើកនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹង ក៏ដូចជាការផ្ដល់ការថែទាំសម្ភារទាំងអស់នេះ នឹងជួយដល់មន្ត្រីដើម្បីពន្លឿនការអនុវត្តការងារដោយប្រើប្រាស់ប្រព័ន្ធ FMIS ផ្ទាល់។ ហើយបទពិសោធន៍លើកនេះ ក៏នឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ក្រុមការងារយកទៅគិតគូរពិចារណា ធ្វើយ៉ាងណាធ្វើឱ្យមានភាពប្រសើរឡើងក្នុងការប្រើប្រាស់ប្រព័ន្ធទៅថ្ងៃអនាគត។

ខាងក្រោមនេះគឺជាកាលវិភាគ ដែលក្រុមការងារបានចុះទៅផ្ទាល់នៅតាមរតនាគាររាជធានី-ខេត្តទាំង២៥ ក្នុងជុំទីពីរ (សូមចុចលើខេត្តនីមួយៗដើម្បីចូលទៅកម្រងរូបភាពរបស់ខេត្តនីមួយៗ)៖

ជាចុងក្រោយ ក្រុមការងារគ្រប់គ្រងគម្រោង FMIS សូមថ្លែងអំណរគុណចំពោះមន្ត្រីរតនាគារទាំងអស់ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងកំឡុងពេលបំពេញការងារ។

ប្រសិនបើអ្នកមានជាសំណួរ ឬមតិយោបល់ផ្សេងៗ សូមទាក់ទងមកក្រុមការងារគ្រប់គ្រងគម្រោងដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ 023 430 063 ឬអាសយដ្ឋានអ៊ីម៉ែល fmis.info@mef.gov.kh