
26
Jul, 2016
កិច្ចប្រជុំពិភាក្សាការងារ និងលទ្ធផល រវាងក្រុមការងារ FMIS និងធនាគារអេស៊ីលីដា
ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃនាយកដ្ឋានព័ត៌មានវិទ្យា និងអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាជាមួយនឹងក្រុមការងារជំនាញរបស់ធនាគារអេស៊ីលីដាភីអិលស៊ី (ACLEDA Bank Plc.) នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះដើម្បីពិភាក្សាគ្នាអំពីបញ្ហានានាជាប់ទាក់ទងនឹងប្រព័ន្ធរបាយការណ៍ធនាគារ (Bank Statement) និងការរៀបចំត្រៀមជាមុនសម្រាប់ការដាក់ឱ្យប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក (Electronic Fund Transfer – EFT) នៅថ្ងៃអនាគត។
បញ្ហាប្រឈមនានា ក៏ដូចជាជម្រើសនៃដំណោះស្រាយជាក់ស្ដែងនានា ត្រូវបានលើកឡើងដោយភាគីទាំងសងខាង នៅក្នុងកិច្ចពិភាក្សាលើកនេះ។ ជាលទ្ធផល ក្រុមការងារបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖
- កំណត់ពេលវេលាធ្វើការសាកល្បងប្រព័ន្ធរបាយការណ៍ធនាគារ រវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធរបស់ធនាគារ
- ព្រមព្រៀងគ្នាក្នុងការច្របាច់បញ្ចូលគ្នា និងទទួលយកនូវលេខកូដប្រតិបត្តិការណ៍ស្ដង់ដារួមមួយ រវាងធនាគារ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ដោះស្រាយបញ្ហាបច្ចេកទេសទាក់ទងនឹងការចុះប្រតិបត្តិការណ៍ហិរញ្ញវត្ថុរបស់ធនាគារ
- រៀបចំកិច្ចប្រជុំពិភាក្សាដោយឡែក ស្ដីអំពីការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក (EFT) បន្ទាប់ពីការដាក់ឱ្យដំណើរការប្រព័ន្ធរបាយការណ៍ធនាគារជាផ្លូវការ។
គួរបញ្ជាក់ថា ការទាញយករបាយការណ៍ធនាគារ (Bank Statement) តាមប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចរាល់មកហើយជាមួយនឹងប្រព័ន្ធរបស់ធនាគារជាតិនៃកម្ពុជា (NBC) និងរបស់ធនាគារកាណាឌីយ៉ា ក.អ (Canadia Bank Plc.)។ ជាមួយគ្នានេះដែរ សម្រាប់ការសាកល្បងប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក (EFT) ជាមួយប្រព័ន្ធរបស់ធនាគារជាតិនៃកម្ពុជា (NBC) ត្រូវបានសម្រេចឡើងប្រកបដោយជោគជ័យទាំងស្រុង ហើយកំពុងរង់ចាំការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ។