
29
Jul, 2016
ប្រព័ន្ធ FMIS៖ ជួយសម្រួលការងារ ចំណេញពេលវេលា និងធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព
“ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) អាចបញ្ចេញរបាយការណ៍ហរិញ្ញវត្ថុបានច្រើនប្រភេទនាពេលអនាគត មានសុក្រឹតភាពខ្ពស់ និងទាន់ពេលវេលា”។ លោក ឡាច នវសត្យា អនុប្រធានរតនាគារខេត្តបាត់ដំបងបានប្រាប់យ៉ាងដូចនេះ បន្ទាប់ពីរតនាគារខេត្តបានប្រើប្រាស់ប្រព័ន្ធតាំងពីដើមឆ្នាំ២០១៦មក។
គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS គឺជាគម្រោងមួយដែលជាធាតុដ៏សំខាន់របស់កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកម្មវិធីកំណែទម្រង់ឱ្យទទួលបានជោគជ័យក្នុងដំណាក់កាលទី៣ (២០១៦-២០២០) ពោលគឺការផ្សារភ្ជាប់គោលនយោបាយទៅនឹងថវិកា។ គម្រោង FMIS ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនៅខែមករា ឆ្នាំ២០១៤ ហើយបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅថ្នាក់កណ្តាលក្នុងត្រីមាសទី៣ឆ្នាំ២០១៥ និងនៅរតនាគាររាជធានី-ខេត្តទាំង២៥ នៅដើមឆ្នាំ២០១៦។
លោក ឡាច នវសត្យា ក៏បានប្រាប់ផងដែរថា ប្រព័ន្ធ FMIS អាចជួយសម្រួលដល់មន្រ្តីរតនាគារឱ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ និងផ្ទាល់ខ្លួន ដោយមិនចាំបាច់ត្រូវមកធ្វើការនៅថ្ងៃចុងសប្តាហ៍។ លោកបន្ថែមថា “នៅពេលដែលបុគ្គលិកអាចប្រើប្រាស់ប្រព័ន្ធបានពេញលេញ គឺអាចកាត់បន្ថយស្រ្តេសរបស់មន្រ្តីបានផងដែរ ដោយសារមិនចាំបាច់ត្រូវបញ្ចូលប្រតិបត្តិការណ៍ច្រើនដង និងជាញឹកញាប់នៅថ្ងៃចុងសប្តាហ៍។”
មិនខុសគ្នាដែរ លោកស្រី ឡុង យ៉ុកហូ ប្រធានការិយាល័យនៅរតនាគាររាជធានីភ្នំពេញ ក៏បានឱ្យដឹងថា ប្រព័ន្ធ FMIS គឺមានប្រយោជន៍ច្រើនលើការត្រួតពិនិត្យមើលរបាយការណ៍។ លោកស្រីបន្ថែមថា អ្នកដែលមានសិទ្ធិនៅក្នុងប្រព័ន្ធបានគឺអាចត្រួតពិនិត្យមើលរបាយការណ៍បានទាំងអស់ ទាំងថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុក។ “ប្រសិនបើថ្នាក់ដឹកនំាមានបំណងពិនិត្យមើលរបាយការណ៍គឺអាចចូលមើលបានភ្លាមៗក្នុងប្រព័ន្ធ FMIS” ។
លោក វ៉ាន់ ចាន់ណា មន្រ្តីបញ្ចូលប្រតិបត្តិការណ៍ផ្ទាល់ក្នុងប្រព័ន្ធ FMIS ទទួលបន្ទុកមុខងារការគ្រប់គ្រងសាច់ប្រាក់ នៅរតនាគារខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា បន្ទាប់ពីបានប្រើប្រាស់ប្រព័ន្ធ FMIS លោកមានភាពងាយស្រួលជាងមុននៅពេលបញ្ចូលប្រតិបត្តិការណ៍ ដោយសារតែត្រូវបញ្ចូលប្រតិបត្តិការណ៍តែម្តង ហើយទិន្នន័យត្រូវបានបញ្ចូលទៅគ្រប់របាយការណ៍ដោយស្វ័យប្រវត្តិ។
លោកបន្ថែមថា ប្រព័ន្ធអាចជួយធ្វើឱ្យលោកចំណាយពេលវេលាតិចក្នុងការបញ្ចូលប្រតិបត្តិការ និងអាចមានពេលវេលាក្នុងការអនុវត្តការងារដទៃទៀតបាន។
បើទោះបីជាមានការលើកឡើងប្រហាក់ប្រហែលគ្នាពីការប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងរតនាគាររាជធានី-ខេត្តខាងលើក្តី អ្នកប្រើប្រាស់ប្រព័ន្ធរំពឹង និងសំណូមពរធ្វើយ៉ាងណាឱ្យអាចអនុវត្តប្រព័ន្ធបានពេញលេញ និងបានរលូនជាងពេលបច្ចុប្បន្ន ដែលកាត់បន្ថយការងារបានច្រើននាពេលអនាគត។
ជារួមយើងមើលឃើញថា ប្រព័ន្ធ FMIS មានសារប្រយោជន៍ជាច្រើនដល់រតនាគាររាជធានី-ខេត្ត ក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួននាពេលពេលបច្ចុប្បន្ននេះ ប៉ុន្តែការប្រើប្រាស់ប្រព័ន្ធរបស់រតនាគារខេត្តមួយចំនួនមិនទាន់បានរលូននៅឡើយ ដោយសារប្រព័ន្ធ FMIS ជាប្រព័ន្ធមួយថ្មីដែលទាមទារមន្រ្តីប្រើប្រាស់ទាំងអស់ព្យាយាមស្វែងយល់បន្ថែម ស្របពេលចំណេះដឹងផ្នែកព័ត៌មានវិទ្យា និងគណនេយ្យរបស់មន្រ្តីមួយចំនួននៅមានកម្រិតនៅឡើយ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏កំពុងបន្តសិក្សាស្វែងយល់បន្ថែម ធ្វើយ៉ាងណាឱ្យប្រព័ន្ធដំណើរការបានរលូន និងមានសុវត្ថិភាពខ្ពស់ជាងពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានដាក់ឱ្យធនាគារកាណាឌីយ៉ាប្រើប្រាស់ដោយជោគជ័យនូវប្រព័ន្ធសន្ធានកម្មរបាយការណ៍ ហើយកំពុងសិក្សារៀបចំឱ្យប្រើប្រាស់ប្រព័ន្ធនេះដែរនៅធនាគារអេស៊ីលីដា។ លើសពីនេះប្រព័ន្ធសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS ជាមួយនឹងប្រព័ន្ធគយ ASYCUDA របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ត្រូវបានអនុវត្តបានដោយជោគជ័យក្នុងពេលកន្លងមក។ ចំណែកឯប្រព័ន្ធ Electronic Fund Transfer ជាមួយប្រព័ន្ធធនាគារជាតិវិញ ក៏ត្រូវបានបញ្ចប់ដំណាក់កាលសាកល្បងប្រើប្រាស់ក្នុងប្រព័ន្ធ FMIS នឹងកំពុងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលអនាគតផងដែរ។
សព្វថ្ងៃប្រព័ន្ធ FMIS មានមុខងារចំនួន ៦ គឺមុខងារគណនីត្រូវសង គណនីត្រូវទារ ការគ្រប់គ្រងសាច់ប្រាក់ ការវិភាជន៍ថវិកា ការទិញ និងសៀវភៅធំ ។ នៅថ្ងៃអនាគតយើងរំពឹងថា ប្រព័ន្ធ FMIS នឹងមានមុខងារចំនួន៣បន្ថែមទៀតគឺ មុខងារការគ្រប់គ្រងសនិធិ ការគ្រប់គ្រងទ្រព្យសកម្ម និងការរៀបចំថវិកា។ ការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ដំណាក់កាលទី២ នឹងត្រូវបានរំពឹងថាត្រូវដាក់ឱ្យអនុវត្តនៅតាមក្រសួង-ស្ថាប័នផ្សេងៗនៅក្រោមរាជរដ្ឋាភិបាលកម្ពុជានៅចាប់ពីឆ្នាំ២០១៧ ខាងមុខនេះតទៅ៕