
5
Aug, 2016
ប្រកាសព័ត៌មាន លេខ ០២៨ (ខែ កក្កដា ឆ្នាំ ២០១៦)
ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ចប់ការចុះពង្រឹងសមត្ថភាពលើចំណុចខ្វះខាតតាមផែនការដែលបានគ្រោង និង កំពុងបន្តដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ FMIS ជូនដល់មន្រ្តី នៅតាមរតនាគាររាជធានី-ខេត្តទាំង ២៥ ប្រកបដោយភាពជោគជ័យ ។ កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៦ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់នាយកដ្ឋានព័ត៌មានវិទ្យា បានជួបពិភាក្សា និង ធ្វើបទបង្ហាញជូនដល់ប្រតិភូតំណាងសហភាពអឺរ៉ុបដែលជាដៃគូអភិវឌ្ឍន៍អំពីវឌ្ឍនភាពរបស់ប្រព័ន្ធ FMIS ដែលកំពុងដាក់ឱ្យប្រើប្រាស់ក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ក្នុងក្របខ័ណ្ឌនៃការសិក្សាស្វែងយល់បន្ថែមអំពីការអនុវត្តប្រព័ន្ធ FMIS នៅក្នុងប្រទេសអាស៊ាន ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីដកយកបទពិសោធន៍ល្អៗពីភាពជោគជ័យនៃការអនុវត្តប្រព័ន្ធ FMIS របស់ប្រទេសឥណ្ឌូនេស៊ី ដែលហៅកាត់ថា ប្រព័ន្ធ SPAN ។
ក្រុមការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យាបានជួបប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងពាក់ព័ន្ធនឹងដំណើរការប្រព័ន្ធ FMIS និង ការកែលម្អលើរបាយការណ៍ដែលត្រូវផលិតចេញពីប្រព័ន្ធ FMIS ក្នុងគោលដៅជំរុញការអនុវត្តប្រព័ន្ធឱ្យដំណើរការបានកាន់តែប្រសើរ និង រលូន ។
ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា បានដាក់ឱ្យធនាគារកាណាឌីយ៉ាប្រើប្រាស់ដោយជោគជ័យនូវប្រព័ន្ធសន្ធានកម្មរបាយ-ការណ៍ ហើយប្រព័ន្ធសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធ ASYCUDA ក៏បានដាក់ឱ្យប្រើប្រាស់ដោយពេញលេញផងដែរនាពេលបច្ចុប្បន្ននេះ ។ លើសពីនេះ ក្រុមការងារបានអភិវឌ្ឍរបាយការណ៍នានាទៅតាមតម្រូវការចាំបាច់របស់អគ្គនាយកដ្ឋាន-នាយកដ្ឋានដែលត្រូវប្រើប្រាស់សម្រាប់កិច្ចការប្រចាំថ្ងៃផងដែរ ។ ដោយឡែក ការដាក់ឱ្យដំណើរការប្រព័ន្ធ Electronic Fund Transfer ជាមួយប្រព័ន្ធធនាគារជាតិ បានបញ្ចប់ដំណាក់កាលសាកល្បងប្រើប្រាស់ក្នុងប្រព័ន្ធ FMIS នឹងកំពុងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលអនាគត ។ ចំណែកក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ នៅតែបន្តអនុវត្តការងារគ្រប់គ្រងការផ្លាស់ប្តូរ ជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីពង្រឹងការប្រើប្រាស់ប្រព័ន្ធ FMIS ដោយបានផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងបច្ចុប្បន្នភាពរបស់គម្រោង FMIS តាមរយៈកិច្ចប្រជុំ, គេហទំព័រ, ព្រឹត្តិការណ៍ផ្សេងៗ និងបណ្តាញទំនាក់ទំនងសង្គមជាដើម ។ ក្រុមការងារក៏កំពុងរៀបចំសហការជាមួយក្រុមហ៊ុន ដើម្បីផលិតវីដេអូខ្លីចំនួន ៣ ស្តីពីប្រព័ន្ធ FMIS សម្រាប់ធ្វើការផ្សព្វផ្សាយជូនដល់ភាគីពាក់ព័ន្ធ និង ជាពិសេសក្រសួង-ស្ថាប័ន ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅជំហានទី ២ ។
ក្រុមការងារបណ្តុះបណ្តាល បាននិងកំពុងបន្តសម្របសម្រួលដោះស្រាយរាល់បញ្ហាកើតមាន និង រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្គោលនៅគ្រប់រតនាគាររាជធានី-ខេត្ត ដើម្បីបំពេញតម្រូវការជាក់ស្តែង ក៏ដូចជាជំនួយបន្ថែមដល់អ្នកប្រើប្រាស់នៅតាមរតនាគាររាជធានី-ខេត្តនីមួយៗ ។ តាមផែនការដែលបានគ្រោងទុក វគ្គបណ្តុះបណ្តាលនេះនឹងចាប់ផ្តើមនៅដើមខែ សីហាខាងមុខ ដោយបណ្តុះបណ្តាលទៅលើមុខងារចំនួន ៥ គឺមុខងារ សៀវភៅធំ គណនីត្រូវទារ គណនីត្រូវសង វិភាជន៍ថវិកា និង ការគ្រប់គ្រងសាច់ប្រាក់ ។
ជាថ្មីម្តងទៀត ប្រព័ន្ធ FMIS កំពុងប្រើប្រាស់នៅតាមអគ្គនាយកដ្ឋាន–នាយកដ្ឋានពាក់ព័ន្ធ និងរតនាគាររាជធានី-ខេត្ត ដូច្នេះសូមអ្នកប្រើប្រាស់ទាំងអស់ខិតខំយកចិត្ត ទុកដាក់អនុវត្តប្រើប្រាស់ប្រព័ន្ធឱ្យបានជោគជ័យ ។ ជាមួយគ្នាដែរ សូមអ្នកប្រើប្រាស់ទាំងអស់ សហការចូលរួមផ្តល់នូវធាតុចូលពាក់ព័ន្ធនឹងបញ្ហាប្រឈមនានា មកក្រុមការងារគម្រោង FMIS ដើម្បីឱ្យក្រុមការងារជួយដោះស្រាយជូន ឬ ស្វែងរកយន្តការដើម្បីដោះស្រាយបញ្ហាទាំងឡាយប្រកបដោយរលូន ។
សូមទាញយក ប្រកាសព័ត៌មាន លេខ ០២៨ (ខែកក្កដា ឆ្នាំ២០១៦) នៅទីនេះ៖
https://fmis.mef.gov.kh/contents/uploads/2016/08/160726LS_Bulletin_28_KH.pdf