
17
Aug, 2016
វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលមកពីរតនាគាររាជធានី-ខេត្ត
មន្ត្រីរតនាគាររាជធានី-ខេត្តទាំង២៥ ចំនួន៧៥នាក់ បានមកទទួលការបណ្ដុះបណ្ដាលបន្ថែមទៅលើការប្រើប្រាស់ប្រព័ន្ធ FMIS ដើម្បីពង្រឹងសមត្ថភាព និងទំនុកចិត្តរបស់ខ្លួនឱ្យក្លាយជាគ្រូបង្គោលដែលមានសមត្ថភាពអាចផ្ទេរនូវចំណេះដឹង ទៅកាន់មន្ត្រីអនុវត្តប្រព័ន្ធដទៃនៅក្នុងរតនាគាររៀងៗខ្លួន ក្នុងរយៈពេល ៤សប្ដាហ៍ពេញ ពោលគឺចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅឯក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
វគ្គបណ្ដុះបណ្ដាលជុំទីបីនេះ ផ្ដោតសំខាន់លើការប្រើប្រាស់ប្រព័ន្ធ FMIS លើមុខងារចំនួន៥ ក្នុងចំណោមមុខងារទាំង៦នៃប្រព័ន្ធ និងចំណេះដឹងបន្ថែមលើ មាតិកាគណនីនៃប្លង់គណនេយ្យ និងលេខនាដែលរតនាគារត្រូវប្រើប្រាស់។
វគ្គបណ្ដុះបណ្ដាលនេះត្រូវធ្វើឡើងនៅបន្ទប់បណ្ដុះបណ្ដាលរបស់នាយកដ្ឋានព័ត៌មានវិទ្យា ក្រោមកិច្ចសហការយ៉ាងល្អប្រសើររវាងនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ជាមួយនឹងអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីជំរុញឱ្យមន្ត្រីពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS ដែលនឹងក្លាយជាប្រយោជន៍រួមមួយសម្រាប់មន្ត្រីផ្ទាល់ ព្រមទាំងសម្រាប់ស្ថាប័នរតនាគាររាជធានី-ខេត្តផងដែរ។
ជាលទ្ធផល មន្ត្រីរតនាគារជាច្រើនបានអះអាងថាពួកគាត់ទទួលបានចំណេះដឹងបន្ថែមកាន់តែច្រើនពីលើចំណេះដឹង ដែលពួកគាត់មានស្រាប់បន្ទាប់ពីបានទទួលបានការបណ្ដុះបណ្ដាលពីរលើករួចមក នៅឯរតនាគាររបស់គាត់។
ជាក់ស្ដែង ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលលើមុខងារវិភាជន៍ថវិកា (Budget Allocation) លោក ប្រាក់ ស៊ីវុត្ថា មន្ត្រីរតនាគារខេត្តសៀមរាប បានបង្ហាញពីទំនុកចិត្តរបស់ខ្លួនលើការប្រើប្រាស់ ក៏ដូចជាបន្តផ្ទេរនូវចំណេះដឹងដែលគាត់ទទួលបានទៅកាន់មន្ត្រីនៅក្នុងរតនាគារខេត្តសៀមរាបដែរ។ លោក ប្រាក់ ស៊ីវុត្ថា “ខ្ញុំយល់ថាវានឹងផ្ដល់ផលប្រយោជន៍ច្រើនដល់សិក្ខាកាមដែលចូលរួម នៅពេលដែលគាត់អនុវត្តហើយគាត់រៀនបន្ថែមទៀត មានន័យថាគាត់បានបទពិសោធន៍ច្រើនពីវគ្គបង្រៀននេះ ហើយគាត់អាចបន្តទៅបង្រៀនដល់អ្នកប្រើប្រាស់ផ្សេងទៀត និងអ្នកដែលមិនទាន់ចេះប្រើប្រព័ន្ធ។”
ដោយឡែក ក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏សង្កេតឃើញថា មន្ត្រីមួយចំនួននៅតែមិនទាន់មានសមត្ថភាពតាមទាន់ទាំងស្រុងនូវមេរៀនដែលបានបង្រៀនកន្លងមក។ ទោះជាយ៉ាងនេះក្ដី ក្រុមការងារនឹងនៅតែបន្តជំរុញ និងលើកទឹកចិត្តមន្ត្រីឱ្យខិតខំស្វែងយល់ និងប្រើប្រាស់ប្រព័ន្ធបន្តទៅទៀតឱ្យខាងតែបាន។
ក្រុមការងារគ្រប់គ្រងគម្រោង FMIS ជឿជាក់យ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលលើកនេះនឹងដើរតួជាកាតាលីករមួយក្នុងការជំរុញឱ្យការអនុវត្តប្រព័ន្ធ FMIS នៅតាមរតនាគាររាជធានី-ខេត្តមានភាពល្អប្រសើរជាងមុន ដើម្បីបម្រើឱ្យវឌ្ឍនភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃខាងមុខបន្តទៅទៀត។