
2
Sep, 2016
ប្រកាសព័ត៌មាន លេខ ០២៩ (ខែ សីហា ឆ្នាំ ២០១៦)
ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) សម្រាប់ជំហានទី ១ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការពេញលេញនៅអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះ និង គ្រប់រតនាគាររាជធានី-ខេត្តទាំង ២៥ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចាប់តាំងពីត្រីមាសទី១ ឆ្នាំ ២០១៦ ។ សមិទ្ធផលដ៏សំខាន់មួយនេះ ទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ន គឺដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ និង ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ បច្ចុប្បន្នក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា កំពុងខិតខំយ៉ាងមមាញឹកក្នុងការជួយជ្រោមជ្រែងអ្នកប្រើប្រាស់ជាប្រចាំ និង កែលម្អលើចំណុចខ្វះខាតនានា ដែលបានជួបប្រទះកន្លងមក ។ ជាក់ស្តែង រហូតមកដល់ពេលនេះ ទាំងកម្រិតនៃការយល់ដឹង និង ជំនាញប្រើប្រាស់ប្រព័ន្ធ FMIS មានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសអ្នកប្រើប្រាស់នៅតាមរតនាគាររាជធានី-ខេត្ត ដែលកន្លងមកតែងតែជួបនូវបញ្ហាប្រឈម ។ ជាមួយគ្នានេះ ដោយមានការគាំទ្រយ៉ាងមុតមាំពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិញ្ញវត្ថុ ក្រុមការងារកំពុងបន្តគិតគូរលើការរៀបចំអភិវឌ្ឍផែនការអនុវត្តគម្រោង FMIS ជំហានទី២ ដែលនឹងត្រូវបន្តដាក់ពង្រីកប្រព័ន្ធ FMIS ឱ្យប្រើប្រាស់ទៅដល់ក្រសួង-ស្ថាប័ន និង អង្គភាពទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដោយគ្រោងនឹងបញ្ចប់ផែនការនេះនៅក្នុងវិបស្សនារបស់នាយកដ្ឋានព័ត៌មានវិទ្យានៅក្នុងខែ កញ្ញា ខាងមុខនេះ ។
ជាយន្តការគាំទ្រដល់មន្រ្តីប្រើប្រាស់ប្រព័ន្ធ FMIS នៅរតនាគាររាជធានី-ខេត្តឱ្យកាន់តែមានភាពស្ទាត់ជំនាញ ចាប់ពីថ្ងៃទី ០៨ ខែ សីហា ដល់ថ្ងៃទី ០២ ខែ កញ្ញា ក្រុមការងារបានផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមជូនដល់មន្ត្រីរតនាគាររាជធានី-ខេត្តចំនួន ៧៥ រូប អំពីការប្រើប្រាស់ប្រព័ន្ធលើមុខងារចំនួនប្រាំ, កិច្ចបញ្ជិកាគណនេយ្យ និង ប្លង់គណនេយ្យ ជាដើម ។ លើសពីនេះទៀត ក្រុមការងារក៏បានធ្វើការកែសម្រួលទ្រង់ទ្រាយគេហទំព័ររបស់គម្រោង FMIS ឱ្យមានលក្ខណៈពិសេស និង ប្រសើរជាងមុន ដូចជា ទម្រង់បង្ហាញព័ត៌មាន, វីដេអូ និង បណ្តាញសង្គម ។ល។ ព្រមជាមួយគ្នានេះ ក្រុមការងារក៏បានបញ្ចប់រួចរាល់នូវផែនការយុទ្ធសាស្ត្រសម្រាប់អនុវត្តការងារគ្រប់គ្រងការផ្លាស់ប្តូររួមមាន ផែនការពង្រឹងការអនុវត្តប្រព័ន្ធនៅជំហានទី ១ និង ឈានទៅអនុវត្តគម្រោង FMIS ជំហានទី ២ ។
ស្របតាមការស្នើសុំបន្ថែមអ្នកប្រើប្រាស់ចំនួន ២ រូបក្នុងមួយរតនាគាររាជធានី-ខេត្ត ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេវិទ្យាព័ត៌មានបានត្រៀមរៀបចំទាំងផែនការ និង Logistics រួចរាល់សម្រាប់ការចុះអនុវត្តនៅដើមខែកញ្ញា ។ ចំណែកក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យាបាននិងកំពុងអភិវឌ្ឍ FMIS Web Portal ដើម្បីផលិតរបាយការណ៍ចេញពីប្រព័ន្ធ FMIS ដែលនឹងឆ្លើយតបប្រកបដោយភាពរហ័សទាន់ពេលវេលា, ភាពឆ្លាតវៃ, និង ភាពគ្រប់ជ្រុងជ្រោយ ក្នុងការទាញយករបាយការណ៍អំពីព័ត៌មានហិរញ្ញវត្ថុជាតិ និង ព័ត៌មានចាំបាច់សំខាន់ៗផ្សេងៗជាច្រើន សម្រាប់ថ្នាក់ដឹកនាំកំពូលរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយការអភិវឌ្ឍនេះគ្រោងនឹងបញ្ចប់នៅក្នុងខែកញ្ញាខាងមុខនេះ ។
មកទល់ពេលនេះ ប្រព័ន្ធ FMIS បានទទួលការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង កំពុងប្រើប្រាស់នៅតាមអគ្គនាយកដ្ឋាន–នាយកដ្ឋានពាក់ព័ន្ធគន្លឺះ និងរតនាគាររាជធានី–ខេត្តទាំង២៥ ប្រកបដោយឆន្ទៈឆ្ពោះទៅរកភាពជោគជ័យ។ ហេតុនេះ សូមអ្នកពាក់ព័ន្ធ ពិសេសអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ផ្ទាល់ បន្តការយកចិត្តទុកដាក់លើការប្រើប្រាស់ប្រព័ន្ធ FMIS និង បន្តការសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីទទួលបាននូវអត្ថប្រយោជន៍អតិបរមាពីការអនុវត្តប្រព័ន្ធ ។
សូមទាញយក ប្រកាសព័ត៌មាន លេខ ០២៩ (ខែសីហា ឆ្នាំ២០១៦) នៅទីនេះ៖
https://fmis.mef.gov.kh/contents/uploads/2016/09/160902CC_Bulletin-_29_KH.pdf