+855 23 43 00 63

7

Oct, 2016

ប្រកាសព័ត៌មាន លេខ ៣០ (ខែ កញ្ញា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងជំហានទី ២ នៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាត្រៀមបន្តដាក់ឱ្យក្រសួងចំនួន ១០ ប្រើប្រាស់ជាផ្លូវការនូវមុខងារមួយចំនួន របស់ប្រព័ន្ធ FMIS នៅឆ្នាំ ២០១៧ ខាងមុខនេះ។ ក្នុងគោលដៅដើម្បីឱ្យការអនុវត្តប្រព័ន្ធ FMIS ជំហានទី ២ នេះអាចសម្រេចជោគជ័យតាមការរំពឹងទុក ក្រុមការងារ បានខិតខំត្រៀមរៀបចំនូវផែនការយុទ្ធសាស្ត្រ និង  សកម្មភាពនានាសម្រាប់ជំហានទី ២ នៅកំឡុងពេលវិបស្សនាផ្ទៃក្នុង កាលពីខែ កញ្ញា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ។

ដោយឡែក ដើម្បីជួយជ្រោមជ្រែងដល់មន្រ្តីដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS នៅរតនាគាររាជធានី-ខេត្តឱ្យបានកាន់តែរលូន ក្រុមការងារផ្នែកមុខងារនីមួយៗ និង ផ្នែកបច្ចេកទេស កំពុងបន្តពន្យល់ណែនាំយ៉ាងសកម្ម ក៏ដូចជាឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការចុះប្រតិបត្តិការ, ការ អនុវត្តការងារនានាទាំងក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ និង ការងារបច្ចេកទេសពាក់ព័ន្ធផ្សេងៗផងដែរ ។ លើសពីនេះ ក្រុមការងារបានជួយដោះស្រាយបញ្ហាប្រឈមធំៗមួយចំនួនដូចជា ការដាក់បញ្ចូល (Upload) Excel Payroll ជូនរតនាគាររាជធានី-ខេត្ត សម្រាប់ជួយសម្រួលដល់ការបញ្ចូលអាណត្តិប្រាក់បៀវត្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ការឆ្លើយតបរហ័សតាមប្រព័ន្ធ Help Desk លើប្រតិបត្តិការដែលមានកំហុសឆ្គង ជាដើម ។ ក្នុងនោះដែរ ក្រុមការងារផ្នែកបណ្តុះបណ្តាល ក៏បានរៀបចំរួចជាស្រេចនូវសំណៅឯកសារសម្រាប់ប្រើប្រាស់ក្នុងវគ្គបណ្តុះបណ្តាលអំពីប្រព័ន្ធ FMIS ជូនដល់មន្រ្តីមកពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  ដែលគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលខែ តុលា ឆ្នាំ ២០១៦  ។

ក្នុងកំឡុងខែ កញ្ញា នេះ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានបានបញ្ចប់ការងារដំឡើងឧបករណ៍បច្ចេកទេស ជូនអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បន្ថែម សម្រាប់រតនាគារចំនួន៤ រួមមាន រតនាគារខេត្តតាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ និង កែប ហើយក្រុមការងារក៏កំពុងបន្តដំឡើងជូនរតនាគាររាជធានី-ខេត្តទាំង ២១ ផ្សេងទៀត ។ ចំពោះការអភិវឌ្ឍ FMIS Web Portal ដើម្បីផលិតរបាយការណ៍ហិរញ្ញវត្ថុចេញពីប្រព័ន្ធ FMIS ក្រុមការងារបច្ចេកវិទ្យាព័ត៌មាន  កំពុងត្រៀមបញ្ចប់ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅខែតុលានេះ ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីវឌ្ឍនភាពរបស់គម្រោងប្រព័ន្ធ FMIS ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានធ្វើបច្ចុប្បន្នភាពគេហទំព័រ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ដែលមានដូចជារូបថត វីដេអូ អត្ថបទព័ត៌មាន និង ដំណឹងផ្សេងៗជាដើម ។  ស្របជាមួយគ្នានេះដែរ ក្រុមការងារក៏កំពុងរៀបចំផែនការសកម្មភាពលម្អិត ក្នុងគោលដៅចុះផ្សព្វផ្សាយអំពីប្រព័ន្ធ FMIS ទៅកាន់ក្រសួង- ស្ថាប័ន ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅឆ្នាំ ២០១៧ ខាងមុខនេះ ។

 ប្រព័ន្ធ FMIS កំពុងទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង កំពុងប្រើប្រាស់នៅតាមអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធគន្លឹះ និង រតនាគាររាជធានី-ខេត្តទាំង ២៥ ប្រកដោយឆន្ទៈឆ្ពោះទៅរកភាពជោគជ័យសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។  ហេតុនេះ សូមអ្នកពាក់ព័ន្ធ ជាពិសេសអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ផ្ទាល់ បន្តផ្តល់ការយកចិត្តទុកដាក់លើការប្រើប្រាស់ប្រព័ន្ធ FMIS និងការសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីសម្រេចគោលដៅជំហានទី ១ និង  ឆ្ពោះទៅអនុវត្តជំហានទី ២ នៅឆ្នាំ ២០១៧ ។