+855 23 43 00 63

6

Sep, 2016

ការចុះសិក្សាដកពិសោធន៍ពីក្រសួងពាណិជ្ជកម្ម​ អគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រោងនឹងរៀបចំបង្កើតប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធពីក្រសួងស្ថាប័ន ដែលនឹងភ្ជាប់សន្ធានកម្មដោយស្វ័យប្រវត្តិមកកាន់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មានស្តីពីការបង់ចំណូលមិនមែនសារពើពន្ធរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នប្រមូលចំណូលមិនមែនសារពើពន្ធ ដើម្បីបង្កើនភាពទាន់ពេលវេលានៃការកត់ត្រាចំណូលមិនមែនសារពើពន្ធ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនឹងបង្កើតឡើងដោយមានកិច្ចសហការរវាងនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនានា។

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចុះសិក្សាដកពិសោធន៍អំពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងការប្រមូលចំណូលពន្ធដារ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលការបង់ចំណូលសាច់ប្រាក់ និងការកត់ត្រាចំណូលធ្វើឡើងនៅតាមបញ្ជររបស់ធនាគារពាណិជ្ជដៃគូ ឬនៅតាមសាខាពន្ធដារនានាទូទាំងប្រទេស។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារបានបន្តចុះជួបប្រជុំជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងពាណិជ្ជកម្ម ដើម្បីដកយកបទពិសោធន៍លើការដាក់ឱ្យអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធមួយផ្នែកពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ជាមួយធនាគារអេស៊ីលីដា ភីអិលស៊ី ដែលការបង់ចំណូលសាច់ប្រាក់អាចបង់នៅតាមបញ្ជររបស់ធនាគារដៃគូ ឬនៅតាមប៉ុស្តិ៍នៃក្រសួងពាណិជ្ជកម្មនានាទូទាំងប្រទេស ឬកាត់កងផ្ទាល់ជាមួយគណនីរបស់ពាណិជ្ជករផ្ទាល់ដែលមានគណនីនៅធនាគារអេស៊ីលីដាស្រាប់ ប៉ុន្តែការកត់ត្រាចំណូល គឺធ្វើឡើងនៅទីស្ដីការឬបុស្តិ៍របស់ក្រសួងពាណិជ្ជកម្មផ្ទាល់។ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមការងារដដែលក៏បានចុះសិក្សាដកពិសោធន៍អំពីការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងការប្រមូលចំណូលពន្ធគយនិងរដ្ឋាករជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលការបង់ចំណូលសាច់ប្រាក់គឺធ្វើឡើងនៅតាមបញ្ជររបស់ធនាគារដៃគូ ហើយការកត់ត្រាចំណូលគឺធ្វើឡើងនៅតាមសាខាគយនិងរដ្ឋាករ ដែលប្រមូលចំណូលផ្ទាល់នៅតាមគ្រប់ច្រក។ Z

ប្រព័ន្ធទាំងបីខាងលើមានសណ្ឋាន និងលក្ខណៈប្រហាក់ប្រហែលទៅនឹងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគ្រោងនឹងបង្កើតឡើង ដែលបានផ្ដល់នូវធាតុចូលមួយចំនួនធំឱ្យក្រុមការងារបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តសិក្សា និងរៀបចំបង្កើតប្រព័ន្ធព័ត៌មានវិទ្យាប្រមូលចំណូលមិនមែនសារពើពន្ធដែលមានប្រសិទ្ធភាព និងគុណភាពខ្ពស់នាពេលអនាគត៕