+855 23 43 00 63

8

Sep, 2016

អគ្គនាយកដ្ឋាន​រតនាគារជាតិ៖ ទិន្នន័យ​ក្នុង​ប្រព័ន្ធ FMIS ត្រូវតែមាន

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្ដម វង្ស ប៊ុន​ឥន្ទ្រា​វុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រតនាគារជាតិ និង​ជា​អនុប្រធាន​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS បាន​បញ្ជាក់ថា រាល់​ទិន្នន័យ​ហិរញ្ញវត្ថុ​ទាំងអស់​ត្រូវ​កត់ត្រា​ឱ្យបាន​ខ្ជាប់ខ្ជួន​នៅក្នុង​ប្រព័ន្ធ FMIS ដើម្បី​អាច​ទាញយក​របាយការណ៍​មក​ផ្ទៀងផ្ទាត់​ជាមួយ​កម្មវិធី​ចាស់។

ឯកឧត្ដម​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ច​ប្រជុំពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ និង​បញ្ហា​ប្រឈម ដែល​អគ្គនាយកដ្ឋាន​រតនាគារជាតិ​បាន​ជួបប្រទះ រវាង​អគ្គនាយកដ្ឋាន ជាមួយនឹង​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃទី០៨ ខែកញ្ញា​នេះ នៅ​សាលប្រជុំ​របស់​នាយកដ្ឋាន​រតនាគារជាតិ។

ឯកឧត្ដម​ក៏​ជំរុញឱ្យមាន​ការកត់ត្រា​បាន​ឆាប់រហ័ស​ក្នុង​ប្រព័ន្ធ FMIS ដោយហេតុថា របាយការណ៍​ចេញពី​ប្រព័ន្ធ​នេះ នឹងត្រូវ​យកទៅ​ប្រៀបធៀប ធ្វើយ៉ាងណា​ឱ្យមាន​តួ​រ​លេខ​ដូចគ្នា​ទៅនឹង​របាយការណ៍​ចេញពី​ប្រព័ន្ធ​ចាស់ ដែល​រតនាគារ​ធ្លាប់​អនុវត្ត​កន្លងមក មុននឹង​ផ្លាស់ប្ដូរ​មកប្រើប្រាស់​ប្រព័ន្ធ FMIS ទាំងស្រុង នៅ​ថ្ងៃ​អនាគត។

លើសពីនេះទៅទៀត ក្នុង​កិច្ចពិភាក្សា​លើក​នេះ ឯកឧត្ដម និង​ក្រុមការងារ​បានលើកឡើង​អំពី​បញ្ហា​ប្រឈម​នានា ដែល​អគ្គនាយកដ្ឋាន​រតនាគារជាតិ ព្រមទាំង​រតនាគារជាតិ​រាជធានី-ខេត្ត​បាន​ជួបប្រទះ ហើយ​បាន​ពិភាក្សា ក៏ដូចជា​ស្នើ៎​ឱ្យ​ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ជួយ​ដោះស្រាយ​ឱ្យទាន់​សភាព​ការ និង​តម្រូវការ​របស់​មន្ត្រី​ប្រើប្រាស់​ប្រព័ន្ធ។

ជា​លទ្ធផល ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​សន្យា​បន្ត​សហការ​ជាមួយ​អ្នកពាក់ព័ន្ធ​នានា ក្នុងការ​ដោះស្រាយបញ្ហា​ដែ​លលើក​ឡើង​ទាំងអស់នេះ ក្នុងន័យ​ជំរុញ​ដំណើរ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ FMIS ប្រកបដោយ​ប្រសិទ្ធភាព សម្ដៅ​គាំទ្រ​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា៕