+855 23 43 00 63

14

Sep, 2016

ប្រធាន​រតនាគារ​រាជធានី-ខេត្ត មាន​សុទិដ្ឋិនិយម​លើ​ប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ប្រធាន​រតនាគារ​រាជធានី-ខេត្ត មាន​ការតាំងចិត្ត​ខ្ពស់​ក្នុង​ការអនុវត្ត​ប្រព័ន្ធ FMIS នៅ​រតនាគារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព បន្ទាប់ពី​បាន​ធ្វើដំណើរ​ទស្សន​កិច្ចសិក្សា​ស្វែងយល់​ពី​ការអនុវត្ត ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែលមាន​ឈ្មោះថា SPAN​ នៅ​ទីក្រុង​ចា​កាតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ចុង​ខែកក្កដា ឆ្នាំ២០១៦។

លោក សេង ម៉ៅ ប្រធាន​រតនាគារ​ខេត្តស្ទឹងត្រែង ដែល​បាន​ចូល​ធ្វើដំណើរ​ទស្សន​កិច្ចសិក្សា​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី មានប្រសាសន៍ថា ការអនុវត្ត​ប្រព័ន្ធ SPAN របស់​ឥណ្ឌូនេស៊ី មិនសូវមាន​បញ្ហា​ប្រឈម​គួរឱ្យកត់សម្គាល់​ខ្លាំង​នោះទេ ដោយសារ​ប្រទេស​ឥណ្ឌូនេស៊ី​ប្រើប្រាស់​ពេលវេលា​ច្រើន​ឆ្នាំ ក្នុង​ការសិក្សា​កត្តា​ពាក់ព័ន្ធ​ទាំងអស់​មុននឹង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ ដោយឡែក​ប្រព័ន្ធ FMIS របស់​ប្រទេស​កម្ពុជា គឺ​ត្រូវ​ដាក់ឱ្យអនុវត្ត ក្នុង​លក្ខខណ្ឌ​សិក្សា​រៀនសូត្រ​បណ្តើរ អនុវត្ត​បណ្តើរ ដែល​ជាហេតុ​នាំឱ្យមាន​បញ្ហា​ប្រឈម​ច្រើន។

លោក​បន្ថែមថា បើទោះជា​ប្រព័ន្ធ FMIS ជា​ប្រព័ន្ធ​ថ្មី​ដែល​ធ្វើឱ្យ​មន្រ្តី​រតនាគារ​មាន​ការលំបាក​ខ្លះៗក្នុង​ការប្រើប្រាស់​ក្តី ទាំង​ថ្នាក់ដឹកនាំ និង​មន្រ្តី​រតនាគារ​ទាំងអស់​កំពុង​ប្រឹងប្រែង​សិក្សា​បន្ថែម និង​បញ្ចូល​ប្រតិបត្តិការ​ទៅក្នុង​ប្រព័ន្ធ​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព។ ក្នុងនោះ​លោក​ក៏បាន​ជំរុញលើកទឹកចិត្ត​ដល់​មន្រ្តី​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ តាមរយៈ​ការចូលរួម​ដោះស្រាយបញ្ហា​ប្រឈម​ឱ្យបាន​ទាន់ពេលវេលា ផ្តល់​ជា​ថវិកា​ឧបត្ថម្ភ និង​កម្លាំងចិត្ត​ជាដើម។

លោក តូច គន្ធា ប្រធាន​រតនាគារ​ខេត្តឧត្តរមានជ័យ ដែល​បាន​ចូលរួម​ដំណើរ​ទស្សន​កិច្ចសិក្សា​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ផង​ដែរនោះ មានប្រសាសន៍​ឱ្យដឹងថា ការប្រើប្រាស់​ប្រព័ន្ធ SPAN ក្នុង​ការកត់ត្រា​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​គឺមាន​សុ​ក្រិត​ភាព​ខ្ពស់ ដោះស្រាយបញ្ហា​បាន​ទាន់ពេលវេលា ដោយសារ​ប្រព័ន្ធ​មាន​បច្ចេកវិទ្យា​ខ្ពស់ និង​មាន​ភាពទំនើប។

លោក​បាន​បញ្ជាក់ថា នៅពេលដែល​ប្រព័ន្ធ FMIS ដំណើរការបាន​រលូន វា​អាចជួយ​កាត់បន្ថយ​ពេលវេលា​របស់​មន្រ្តី​ក្នុង​ការចុះ​ប្រតិបត្តិការ កាត់បន្ថយ​ការប្រើប្រាស់​ឯកសារ​ជា​ក្រដាស​បាន​ច្រើន និង​អាច​ផលិត​របាយការណ៍​ហិរញ្ញវត្ថុ​បាន​ច្រើន​ប្រភេទ ព្រមទាំង​មាន​សុ​ក្រិត​ភាព​ខ្ពស់។ លោក​ប្រាប់ថា មកដល់​ពេលបច្ចុប្បន្ន ការចុះ​ប្រតិបត្តិការ និង​ទាញយក​របាយការណ៍​របស់​រតនាគារ​ខេត្ត មាន​ភាពល្អប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ការបញ្ចូល​អាណត្តិ​ក្នុង​ប្រព័ន្ធ​បាន៩៥% ហើយ​មន្រ្តី​រតនាគារ​កំពុង​ខិត​ខំព្យាយាម​បញ្ចូល​ឱ្យបាន១០០% នា​ពេលអនាគត។

ស្របពេល​ជាមួយគ្នានេះដែរ លោក កែ ប៊ុន​ឡេង ប្រធាន​រតនាគារ​រាជធានី​ភ្នំពេញ ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សន​កិច្ចសិក្សា​ផង​ដែរនោះ ក៏បាន​ប្រាប់​ដូចគ្នា​ថា ឧបករណ៍​សម្រាប់​គាំទ្រ​ប្រព័ន្ធ SPAN គឺមាន​ភាពទំនើប​ជាង​ប្រព័ន្ធ FMIS ហើយ​ជំហាន​ត្រៀម មុននឹង​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធ SPAN ក៏មាន​រយៈពេល​យូរ​ផងដែរ។ បើទោះជា​យ៉ាងនេះ​ក្តី លោក កែ ប៊ុន​ឡេង បានបញ្ជាក់​ដោយ​សុទិដ្ឋិនិយម​ថា យើង​សង្ឃឹមថា​ការអនុវត្ត​គម្រោង​ប្រព័ន្ធ FMIS របស់​កម្ពុជា នឹង​ដំណើរការបាន​លឿន​ជាង​ប្រព័ន្ធ SPAN នា​ពេលអនាគត ដោយសារ​ការប្តេជ្ញាចិត្ត​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​ទាំង​ថ្នាក់ដឹកនាំ និង​មន្រ្តី​ប្រើប្រាស់។

លោក​បាន​បន្ថែមថា ប្រព័ន្ធ FMIS បាន​ជួយ​សម្រួល​ដល់​ការងារ​មន្រ្តី​រតនាគារ​ខេត្ត​ជាច្រើន ដែល​បច្ចុប្បន្ននេះ​គឺអាច​បោះពុម្ព​មូលប្បទានប័ត្រ​ចេញពី​ប្រព័ន្ធ​ដើម្បី​ទូទាត់ និង​អាច​បោះពុម្ព​សក្ខី​ប​ត្រ និង​លេខនា បាន​រហ័ស​តាម​ប្រព័ន្ធ​ផងដែរ។

បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី លោក សុខ ស្រូយ ប្រធាន​រតនាគារ​ខេត្តតាកែវ​មានប្រសាសន៍ថា លោក​នឹង​យក​បទពិសោធន៍​ក្នុង​ការអនុវត្ត​ប្រព័ន្ធ SPAN ដើម្បី​ជា​គំនិត​ក្នុង​ការចូល​រូម​ជំ​រុញឱ្យ​មន្រ្តី​ប្រើប្រាស់​ប្រព័ន្ធ​នៅក្នុង​រតនាគារ បញ្ចូល​ប្រតិបត្តិការ​ក្នុង​ប្រព័ន្ធ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ប្រមូល​ទិន្នន័យ​ឆ្នាំ២០១៦ ឱ្យបាន​គ្រប់ជ្រុងជ្រោយ។ លោក​បាន​បញ្ជាក់ថា “ដោយមាន​ការលើកទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ និង​កា​រខិត​ខំប្រឹងប្រែង​របស់​មន្រ្តី​រតនាគារ​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ យើង​រំពឹង​ទុ​កថា នៅ​ថ្ងៃ​អនាគត​ប្រទេស​កម្ពុជា​នឹង​ប្រើប្រាស់​ប្រព័ន្ធ FMIS បាន​រលូន​បាន​ដូច SPAN នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ”។

គួរបញ្ជាក់​ផង​ដែ​រថា ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អនុញ្ញាតឱ្យ​ថ្នាក់ដឹកនាំ និង​មន្រ្តី​ដែលជា​ក្រុមការងារ​គ្រប់គ្រង​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ចំនួន ២៧រូប ទៅ​ចូលរួម​ដំណើរ​ទស្សន​កិច្ចសិក្សា​អំពី​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (Financial Management Information System – FMIS) ដែលមាន​ឈ្មោះថា​ប្រព័ន្ធ SPAN ចាប់ពី​ថ្ងៃទី២៦ ដល់​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅ​ទីក្រុង​ចា​កាតា ប្រទេស​ឥណ្ឌូនេស៊ី។ ក្នុង​ចំំ​ណោម​មន្ត្រី​ទាំងអស់ ក្នុងនោះ​មាន​ប្រធាន​រតនាគារ​រាជធានី-ខេត្ត​ចំនួន៩ បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សន​កិច្ចសិក្សា​នោះ​ផងដែរ​គឺ ប្រធាន​រតនាគារ​រាជធានី​ភ្នំពេញ រតនាគារ​ខេត្តព្រៃវែង រតនាគារ​ខេត្តឧត្តរមានជ័យ រតនាគារ​ខេត្តកោះកុង រតនាគារ​ខេត្តកំពង់ធំ រតនាគារ​ខេត្តក្រចេះ រតនាគារ​ខេត្តបាត់ដំបង រតនាគារ​ខេត្តតាកែវ និង​រតនាគារ​ខេត្តស្ទឹងត្រែង៕