
20
Oct, 2016
មន្ត្រី ១០០នាក់ ទទួលការបណ្ដុះបណ្ដាលអំពីចំណេះដឹងមូលដ្ឋាននៃការប្រើប្រាស់កុំព្យូទ័រ
មន្ត្រីមកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង២៥ ចំនួន១០០នាក់ នឹងចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលអំពីចំណេះដឹងមូលដ្ឋាននៃការប្រើប្រាស់កុំព្យូទ័រ ចាប់ពីថ្ងៃទី១៧ ខែតុលា ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅឯនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្ដម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងការសំណេះសំណាលមុនការចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលនេះថា ការបណ្ដុះបណ្ដាលនេះមិនត្រឹមតែផ្ដល់ឱ្យមន្ត្រី នូវចំណេះដឹងបន្ថែមដើម្បីយកទៅអនុវត្តការងារប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីចេតនាយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ឱ្យសមស្របទៅនឹងការវិវត្ដនានានៅក្នុងសង្គមផងដែរ។
វគ្គបណ្ដុះបណ្ដាលលើកនេះនឹងធ្វើឡើងក្នុងពីរដំណាក់កាល ដែលក្នុងដំណាក់កាលនីមួយៗមានសិក្ខាកាមចូលរួមចំនួន៥០នាក់។ មន្ត្រីដែលជាគ្រូបណ្ដុះបណ្ដាល នៃនាយកដ្ឋានព័ត៌មានវិទ្យា នឹងផ្ដោតសំខាន់លើជំនាញមូលដ្ឋាននៃ ការប្រើប្រាស់អ៊ីនធើណេត និងសារអេឡិចត្រូនិច (Internet & e-mail) តំហែទាំកុំព្យូទ័រ (Computer maintenance) ព្រមទាំងប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រ (Windows) និងកម្មវិធីការិយាល័យនានា (Microsoft offices) ក្នុងវគ្គបណ្ដុះបណ្ដាលលើកនេះ។
លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ទទួលបន្ទុករៀបចំការបណ្ដុះបណ្ដាលនេះបានលើកឡើងថា មន្ត្រីដែលចូលរួមនឹងទទួលបាននូវចំណេះដឹងបន្ថែមលើជំនាញកុំព្យូទ័រ ដែលអាចឱ្យគាត់យកចំណេះដឹងទាំងនេះទៅអនុវត្តនៅកន្លែងការងាររៀងៗខ្លួន ក្នុងគោលដៅបន្តពង្រឹងសមិទ្ធផលការងារដោយទាញយកផលប្រយោជន៍អំពីបច្ចេកវិទ្យាដែលមានស្រាប់យកទៅប្រើប្រាស់។ លើសពីនេះទៅទៀត គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺដើម្បីឱ្យមន្ត្រីត្រៀមខ្លួនរួចជាស្រេចមុនពេល ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅថ្ងៃអនាគតបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា មន្ត្រីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយចំនួនបានបង្ហាញអំពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអនុវត្តគម្រោងប្រព័ន្ធ FMIS បើទោះបីជាការផ្សព្វផ្សាយដោយផ្ទាល់អំពីគម្រោង មិនទាន់បានធ្វើឡើងនៅក្នុងស្ថាប័នរបស់គាត់នៅឡើយក្ដី។ ក្រុមការងារគ្រប់គ្រងគម្រោង នឹងបន្តសិក្សា និងអនុវត្តផែនការយុទ្ធសាស្ត្ររបស់ខ្លួន ធានាការអនុវត្តគម្រោងប្រព័ន្ធ FMIS នឹងធ្វើឡើងប្រកបដោយចីរភាព និងប្រសិទ្ធភាព។
ទាញយកឯកសារទាក់ទងនឹងវគ្គបណ្តុះបណ្តាលអំពីចំណេះដឹងមូលដ្ឋាននៃការប្រើប្រាស់កុំព្យូទ័រ