+855 23 43 00 63

16

Nov, 2016

ក្រុមការងារ FMIS ពិភាក្សា​លើ​សេចក្ដីព្រាង​សារាចរណែនាំ​​ការប្រើប្រាស់​ឈ្មោះ​អត្ត​គាហក

ដោយ៖: | Tags: | មតិយោបល់: 0

កន្លងមកអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានជួបប្រទះបញ្ហាប្រឈមនានា ដែលរាំងស្ទះដល់ការអនុវត្តការងារប្រចាំថ្ងៃនៅក្នុងប្រព័ន្ធ FMIS។ ក្នុងនោះ បញ្ហាក្រៅប្រព័ន្ធមួយដែលត្រូវបានលើកឡើងជារឿយៗក្នុងកិច្ចពិភាក្សាអំពីប្រព័ន្ធ FMIS គឺ បញ្ហាទាក់ទងនឹងការប្រើឈ្មោះអ្នកផ្គត់ផ្គង់ (អត្តគាហក) ក្នុងកំឡុងពេលធ្វើការបញ្ចូលប្រតិបត្តិការ និងការទូទាត់ចំណាយតាមប្រព័ន្ធ FMIS។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបើកកិច្ចប្រជុំពិភាក្សាមួយស្ដីពីសេចក្ដីព្រាងសារាចរណែនាំនៃការប្រើប្រាស់ឈ្មោះអ្នកផ្គត់ផ្គង់ (អត្តគាហក) ដើម្បីបង្កើតស្តង់ដាររួមមួយ ដែលអាចធានាឱ្យការប្រើប្រាស់ប្រព័ន្ធកាន់តែមានភាពងាយស្រួល ហើយព័ត៌មានចេញពីប្រព័ន្ធទៀតសោតនឹងមានសុក្រឹតភាព និងសង្គតភាព សម្រាប់ការអនុវត្តការងារ។

ជាលទ្ធផល ក្រុមការងារបានពិនិត្យលើសេចក្ដីព្រាងសារាចរណែនាំ ព្រមទាំងពិភាក្សា និងផ្ដល់ធាតុចូលសំខាន់ៗ ដើម្បីធានាឱ្យការប្រមូលព័ត៌មានចាំបាច់នានា និងការកត់ត្រាឈ្មោះរបស់អ្នកផ្គត់ផ្គង់ មិនឱ្យមានភាពច្រំដែល ឬមានចន្លោះប្រហោងនានា ដែលមន្ត្រីធ្លាប់បានជួបប្រទះកន្លងមក។

សេចក្ដីព្រាងនេះនឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់ៗមុនដំណាច់ខែវិច្ឆិកា ហើយនឹងដាក់ឱ្យមន្ត្រីតាមក្រសួង-ស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធអនុវត្តតាម បន្ទាប់ពីការអនុម័តចុងក្រោយពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះត្រូវធ្វើឡើងក្នុងបន្ទប់ប្រជុំរបស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមរបស់មន្ត្រីមកពី នាយកដ្ឋានព័ត៌មានវិទ្យា អគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ។