+855 23 43 00 63

7

Nov, 2016

ប្រកាសព័ត៌មាន លេខ ០៣១ (ខែ តុលា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) របស់នាយកដ្ឋានព័ត៌មានវិទ្យា បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពចុងក្រោយ ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ និងប្រមូលធាតុចូលបន្ថែមក្នុងការរៀបចំផែនការសកម្មភាពសម្រាប់ការដាក់ឱ្យអនុវត្តគម្រោង FMIS ជំហានទី២ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានការចូលរួមពីសមាជិកក្រុមការងារ FMWG មកពីអគ្គនាយកដ្ឋានពាក់ព័ន្ធនានា កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។ នៅក្នុងកិច្ចប្រជុំនេះផងដែរក្រុមការងារបានធ្វើការពិភាក្សាបន្ថែមលើការកែប្រែមួយចំនួន លើផែនការនៃការដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន នៅឆ្នាំ២០១៧។ លើសពីនេះ ក្រុមការងារក៏បានជំរុញការងារចុះអនុសារណយោគយល់ (MOU) ជាមួយធនាគារជាតិនៃកម្ពុជា លើការប្រើប្រាស់ប្រព័ន្ធ Electronic Fund Transfer (EFT) ដែលរំពឹងទុកថានឹងរួចរាល់នៅក្នុងខែវិច្ឆិកាខាងមុខនេះ និងបានឯកភាពទៅលើផែនការរួមមួយរយៈពេល៤ឆ្នាំ (២០១៧-២០២០) នៃគម្រោង FMIS ជំហានទី២ ដោយនឹងពង្រីកមុខងារ ចំនួន៤ លើមុខងារដែលមានស្រាប់គឺ មុខងាររៀបចំថវិកា (Budget Preparation), មុខងារលទ្ធកម្ម និងគ្រប់គ្រងកិច្ចសន្យា (Procurement and Contract), មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (Asset Management) និងមុខងារសន្និធិ (Inventory)។

ក្រុមការងារមុខងារប្រព័ន្ធ FMIS និងផ្នែកបច្ចេកទេសរបស់នាយកដ្ឋានព័ត៌មានវិទ្យា នៅតែបន្តជួយគាំទ្រដល់មន្ត្រីប្រើប្រាស់ប្រព័ន្ធតាមរតនាគាររាជធានី-ខេត្ត ដូចជាឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការចុះប្រតិបត្តិការ,ការអនុវត្តការងារនានាទាំងក្នុង និងក្រៅប្រព័ន្ធ និងការងារបច្ចេកទេសពាក់ព័ន្ធនានាផងដែរ។ បន្ថែមពីលើនេះ ក្រុមការងារផ្នែកមុខងារសៀវភៅធំ បានជួយបញ្ចូលសមតុល្យដើមគ្រាសម្រាប់រតនាគារាជធានី-ខេត្តទាំង២៥ ចូលក្នុងប្រព័ន្ធ FMIS រួចរាល់ហើយ ព្រមទាំងបន្តពិនិត្យ និងកែតម្រូវកំហុសឆ្គងដែលកើតមានមួយចំនួនតូច។ ក្រៅពីនេះក្រុមការងារក៏បានជួបប្រជុំពិភាក្សាជាមួយក្រុមការងាររបស់អគ្គនាយកដា្ឋនរតនាគារជាតិ ស្ដីអំពីការបិទបញ្ជីប្រចាំឆ្នាំ២០១៥ និងផែនការបិទបញ្ជីសម្រាប់ឆ្នាំ២០១៦ ផងដែរ ។
ដោយឡែក ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅតែបន្តការងារចុះទៅដំឡើងឧបករណ៍បច្ចេកទេសបន្ថែមសម្រាប់មន្ត្រីរតនាគារចំនួនពីរអ្នក នៅរតនាគាររាជធានី-ខេត្តចំនួន៨ និងរំពឹងថានឹងបញ្ចប់កិច្ចការនេះនៅគ្រប់រតនាគារផ្សេងទៀតនៅក្នុងខែធ្នូខាងមុខនេះ។ ឆ្លៀតឱកាសនេះដែរ ក្រុមការងារក៏បានធើ្វការដំឡើងម៉ាស៊ីនភ្លើង, ឧបករណ៍សម្រួលចរន្តអគ្គីសនី និងឧបករណ៍ផ្លាស់ប្ដូរចរន្តអគ្គីសនីស្វ័យប្រវត្ត ជូនរតនាគារខេត្តចំនួន៦ រួមមានខេត្តស្វាយរៀង,កំពង់ចាម,បាត់ដំបង,ប៉ៃលិន, កោះកុង,និងកំពង់ស្ពឺ ហើយកំពុងបន្តការដំឡើងជូនដល់រតនាគារខេត្តនានាដែលនៅសេសសល់ ។

នៅក្នុងខែតុលានេះផងដែរ ក្រុមការងារផ្នែកបណ្តុះបណ្តាល បានផ្ដល់ការបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធ FMISសម្រាប់មន្ត្រីសវនករ មន្ត្រីត្រួតពិនិត្យ និងមន្ត្រីអធិការកិច្ចចំនួន ១៤រូប មកពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, អគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គាធិការដ្ឋាន។ ជាងនេះទៅទៀត ក្រុមការងារក៏បានធ្វើការបណ្តុះបណ្តាលដល់មន្រ្តីចំនួន ១០១ រូប ដែលមកពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ អំពីមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់កុំព្យូទ័រ (Windows and MS. Word & Excel) ការថែរក្សាកុំព្យូទ័រ (Computer Maintenance) អ៊ិនធឺណែត និងសារអេឡិចត្រូនិច (Internet & e-mail) ផងដែរ ។

ស្ថិតក្នុងដំណាក់កាលនេះ ក្រុមការងារសំណូមពរ និងបន្តលើកទឹកចិត្តដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំប្រើប្រាស់ប្រព័ន្ធ FMIS ប្រកបដោយបុរេសកម្ម និងយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួន។ ក្រុមការងារ FMWG នឹងបន្តការជួយគាំទ្រ និងសម្របសម្រួលគ្រប់ពេលវេលា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងគោលបំណងអភិវឌ្ឍប្រព័ន្ធ FMISឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។

សូមទាញយក ប្រកាសព័ត៌មាន លេខ ០៣១ (ខែតុលា ឆ្នាំ២០១៦) នៅទីនេះ៖
https://fmis.mef.gov.kh/contents/uploads/2016/11/Bulletin-31_KH.pdf