
22
Nov, 2016
ក្រុមប្រតិភូជំនាញ IMF ចុះសិក្សាអំពីប្រព័ន្ធ FMIS
ដោយមានការចាប់អារម្មណ៍លើការអនុវត្ត និងដើម្បីផ្ដល់ការជ្រោមជ្រែងផ្នែកបច្ចេកទេសលើគម្រោង FMIS នៅប្រទេសកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) បានបញ្ជូនក្រុមប្រតិភូជំនាញរបស់ខ្លួនមកសិក្សាយ៉ាងលម្អិតស្ដីអំពីការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងការអនុវត្តការងារនៅក្នុងប្រព័ន្ធ។
ក្រុមប្រតិភូ IMF នឹងជួបពិភាក្សាជាមួយ មន្ត្រីមកពីក្រុមផ្សេងៗ នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីពិភាក្សាលើបច្ចុប្បន្នភាពនៃការអនុវត្តគម្រោង បញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តការងារប្រចាំថ្ងៃ និងអំពីបច្ចេកទេសនៃប្រព័ន្ធ FMIS ផ្ទាល់តែម្ដង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣0 ខែវិច្ឆិកា នៅនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ជាក់ស្ដែង កាលពីថ្ងៃទី១៧ និង១៨ ក្រុមប្រតិភូបានសិក្សាអំពីមុខងារបច្ចេកទេស និងនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ដោយមានការធ្វើបទបង្ហាញដោយផ្ទាល់ពីមន្ត្រីជំនាញផ្នែកមុខងារប្រព័ន្ធ របស់នាយកដ្ឋានព័តមានវិទ្យា។ នៅថ្ងៃទី២១ និង២២ នេះផ្ទាល់ ក្រុមប្រតិភូ និងក្រុមការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យា នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ បានពិភាក្សាអំពីចំណាត់ថ្នាក់ថវិកា និងមាតិកាគណនីនៃប្លង់គណនេយ្យ ដែលកំពុងប្រើប្រាស់នៅក្នុងប្រព័ន្ធ FMIS និងនីតិវិធីអនុវត្តការងារនានានៅក្រៅប្រព័ន្ធ។ ក្រុមប្រតិភូនឹងបន្តការងារពិភាក្សាជាបន្តបន្ទាប់ជាមួយតួអង្គពាក់ព័ន្ធនានា លើកិច្ចការផ្សេងៗទៀតដូចជា របាយការណ៍ស្ដង់ដារគណនេយ្យសាធារណៈអន្តរជាតិ (IPSAS report) ការងារគ្រប់គ្រងការផ្លាស់ប្ដូរ និងការងារបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពមន្ត្រីផងដែរ។
នៅចុងបញ្ចប់នៃបេសកម្មសិក្សាលើកនេះ អង្គការរូបិយវត្ថុអន្តរជាតិនឹងធ្វើរបាយការណ៍ករណីសិក្សាមួយស្ដីអំពីគម្រោងប្រព័ន្ធព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលនឹងរួមបញ្ចូលអំពីទិដ្ឋភាពទូទៅនៃការអនុវត្តគម្រោង បញ្ហាប្រឈម និងជម្រើសនៃដំណោះស្រាយមួយចំនួន ដែលក្រុមការងារគ្រប់គ្រងគម្រោងអាចយកទៅអនុវត្តបាន ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
ក្រុមការងារសង្ឃឹមថា បេសកកម្មមួយនេះនឹងផ្ដល់ជាធាតុចូលយ៉ាងសំខាន់មួយបន្ថែមទៀត សម្រាប់ឱ្យការអនុវត្តគម្រោង FMIS នៅប្រទេសកម្ពុជាធ្វើឡើងប្រកបដោយភាពជោគជ័យ គាំទ្រលើដំណើរការនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។